Connect with us

ព័ត៌មានអន្ដរជាតិ

តើថៃ ខាតបង់ប៉ុន្មានពីការខូចខាតកប៉ាល់ដឹកទំនិញ Mayuree Naree?

បានផុស

នៅ

នៅថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ ប្រទេសថៃ ជួបអារម្មណ៍តក់ស្លុត ព្រោះកប៉ាល់ដឹកទំនិញរបស់ខ្លួនឈ្មោះ Mayuree Naree ត្រូវកងឆ្មាំបដិវត្តន៍ (IRGC) វាយប្រហារ ក្នុងអំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។ 

(រូប៖ Reuters)

ក្នុងហេតុការណ៍នោះ នាវិក២០នាក់ត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់ ប៉ុន្តែ៣នាក់ទៀត នៅតែរកមិនទាន់ឃើញគិតត្រឹមពេលនេះ។

កប៉ាល់នេះ ជារបស់ក្រុមហ៊ុន Precious Shipping Public Company Limited (PSL) សង់ឡើងក្នុងឆ្នាំ២០១៤ មានប្រវែង១៩៩ម៉ែត្រ, ទទឹង៣២ម៉ែត្រ និងទម្ងន់ផ្ទុកប្រហែល៦៤ ០០០តោន។

កប៉ាល់នេះ តំណាងឲ្យសន្តិសុខស្បៀងនិងពាណិជ្ជកម្មរបស់ថៃនៅមជ្ឈិមបូព៌ា ហើយការរងគ្រោះរបស់វាក៏ជះឥទ្ធិពលខ្លាំងមិនធម្មតាដែរ ដល់ប្រទេសថៃ។

(រូប៖ Reuters)

ដូច្នេះមានសំណួរថា តើថៃ ខាតបង់ប៉ុន្មានពីការខូចខាតនាវាដឹកទំនិញ Mayuree Naree នេះ?

ផ្អែកលើរបាយការណ៍សេដ្ឋកិច្ចនិងព័ត៌មានពីរដ្ឋាភិបាលថៃ គិតត្រឹមថ្ងៃទី១៩ខែមីនាឆ្នាំ ២០២៦ ការខាតបង់របស់ថៃពីករណីកប៉ាល់ Mayuree Naree អាចបែងចែកជា ២ ផ្នែកធំៗ៖

១. ការខាតបង់ទ្រព្យសម្បត្តិផ្ទាល់

តាមការផ្សាយរបស់ Bloomberg, Mayuree Naree គឺជាប្រភេទកប៉ាល់ដឹកទំនិញស្ងួត ដែលមានតម្លៃទីផ្សារចន្លោះពី ២៥ ទៅ ៣៥ លានដុល្លារ។ ដោយសារតែវាត្រូវបានមីស៊ីលបាញ់ចំ និងកំពុងអណ្តែតដោយគ្មានការគ្រប់គ្រងក្នុងដែនទឹកអ៊ីរ៉ង់ ដូច្នេះគេសន្មត់ថា វាគឺជា «ការខាតបង់ទាំងស្រុង» បាត់ទៅហើយ។

ម្យ៉ាង កប៉ាល់នេះកំពុងដឹកទំនិញ ដែលគេជឿថាជាផលិតផលកសិកម្មឬដែក ឆ្ពោះទៅកាន់ឥណ្ឌា ដែលអាចមានតម្លៃរាប់លានដុល្លារបន្ថែមទៀត។

ទន្ទឹមនោះ ក្រុមហ៊ុន Precious Shipping Plc អាចនឹងជួបការលំបាកក្នុងការទាមទារសំណង ព្រោះក្រុមហ៊ុនធានារ៉ាប់រងភាគច្រើនមិនរាប់បញ្ចូលការខាតបង់ដែលកើតចេញពី «សកម្មភាពសង្រ្គាម» ទេលើកលែងតែមានកិច្ចសន្យាពិសេសដែលត្រូវបង់ថ្លៃខ្ពស់បំផុត។

២. ផលប៉ះពាល់សេដ្ឋកិច្ចជារួម

ព្រឹត្តិការណ៍នេះ បង្ខំឲ្យកប៉ាល់ថៃផ្សេងទៀត ត្រូវប្តូរផ្លូវ ឬផ្អាកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនកើនឡើងចន្លោះពី ២០% ទៅ ៥០%។

ថៃនាំចេញទំនិញទៅកាន់តំបន់នោះរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ជាពិសេសអង្ករនិងគ្រឿងបន្លាស់រថយន្ត។ ដូច្នេះ ការរាំងស្ទះផ្លូវទឹកនេះ ធ្វើឲ្យការនាំចេញរបស់ថៃអាចខាតបង់ចំណូលប្រហែល ២០០ ទៅ ៣០០ លានដុល្លារក្នុងមួយខែ ប្រសិនបើវិបត្តិមិនត្រូវបានដោះស្រាយទេនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម