Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN ផ្តាំទៅអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ថា៖ «ល្មមដល់ពេលបញ្ចប់សង្គ្រាមហើយ»

បានផុស

នៅ

ស្របពេលស្ថានការណ៍នៅមជ្ឈិមបូព៌ាកំពុងក្តៅគគុកដោយគ្មានឃើញសញ្ញាថមថយនោះ ពេលនេះប្រមុខអង្គការសហប្រជាជាតិ Antonio Guterres បានផ្តាំទៅសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ថា ល្មមដល់ពេលបញ្ចប់សង្គ្រាមហើយ។

ប្រមុខអង្គការសហប្រជាជាតិ Antonio Guterres (រូប៖ Reuters)

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធទី២៥ខែមីនាឆ្នាំ២០២៦ ផ្សាយដោយសារព័ត៌មាន Times of Israel, អគ្គលេខាធិការ UN វ័យ៧៦ឆ្នាំរូបនេះ បានប្រើពាក្យពេចន៍ខ្លាំងៗ បន្ទោសភាគីជម្លោះនៅក្នុងសង្គ្រាមនេះ ដោយនិយាយថា ការប្រយុទ្ធគ្នាបានឈានហួសពីដែនកំណត់ដែលគ្មានថ្នាក់ដឹកនាំណាធ្លាប់គិតស្មានដល់សោះ។

លោកអំពាវនាវដល់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ឲ្យបញ្ឈប់ការប្រយុទ្ធជាបន្ទាន់ ខណៈទុក្ខវេទនារបស់មនុស្សជាតិកាន់តែធ្ងន់ធ្ងរទៅៗ ហើយការបាត់បង់ជីវិតជនស៊ីវិលកាន់តែមានចំនួនច្រើនឡើង ចំណែកផលប៉ះពាល់សេដ្ឋកិច្ចសកលក៏កាន់តែមានសភាពបំផ្លិចបំផ្លាញទៅៗផងដែរ។

យ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍នោះ លោក Guterres ក៏ដាក់បន្ទុកខ្លាំងលើទីក្រុងតេហេរ៉ង់ផងដែរ ដោយព្រមានអ៊ីរ៉ង់ ត្រូវបញ្ឈប់ការវាយប្រហារលើប្រទេសជិតខាងជាបន្ទាន់។

សេចក្តីថ្លែងការណ៍នេះកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីលោកប្រាប់ទៅអ្នកកាសែតថា មនុស្សជាតិកំពុងរស់នៅក្រោមអសន្តិសុខយ៉ាងធ្ងន់ធ្ងរ, ជាអ្វីដែលលោកបានមើលឃើញផ្ទាល់ភ្នែកក្នុងអំឡុងពេលដំណើរទស្សនកិច្ចនាពេលថ្មីៗទៅកាន់ប្រទេសលីបង់។

លោកអំពាវនាវឲ្យសង្គ្រាមនៅទីនោះ ក៏ត្រូវតែបញ្ចប់ដែរហើយក្រុម Hezbollah ត្រូវបញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល ចំណែកអ៊ីស្រាអែលក៏ត្រូវបញ្ឈប់រាល់ប្រតិបត្តិការយោធា និងការវាយប្រហារតាមអាកាសរបស់ខ្លួនដូចគ្នា៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម