Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមានថា ត្រៀមខ្លួនទៅ! វិបត្តិថាមពលធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ជិតកើតឡើងហើយ 

បានផុស

នៅ

សង្គ្រាមមជ្ឈិមបូព៌ា បានរុញតម្លៃទំនិញ ប្រេងសាំងនិងហ្គាស ឲ្យហក់ឡើងខ្ពស់ បង្កទុកលំបាកដល់មនុស្សទូទាំងពិភពលោកជាបណ្តើរៗ ប៉ុន្តែប៉ុណ្ណឹងក៏ទាន់គ្រប់គ្រាន់ទេ ដោយពេលនេះ រុស្ស៊ីព្រមានថា មិនយូរទៀតទេ វិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ នឹងកើតឡើងហើយ។

សារព័ត៌មាន RT បានដកស្រង់សម្តីបេសកជនពិសេសរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ឈ្មោះ ​Kirill Dmitriev ដែលព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមីនាឆ្នាំ២០២៦ថា ពិភពលោកកំពុងស្ថិតនៅលើផ្លូវ ឈានឆ្ពោះទៅរកវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្រ្ត ព្រោះតែសង្គ្រាមមជ្ឈិមបូព៌ា។

ប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) រូបនេះព្រមានថា៖ «យើងមើលឃើញថា វិបត្តិថាមពលដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិកំពុងខិតជិតមកដល់ហើយ។ ទាំងសហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស សុទ្ធតែមិនបានត្រៀមខ្លួនទាល់តែសោះសម្រាប់រឿងនេះ»។ ទីក្រុងព្រុចសែល និងឡុងដ៍ បានបាញ់ជើងខ្លួនឯង តាមរយៈការបដិសេធប្រេងនិងហ្គាសរបស់រុស្ស៊ី ឥឡូវផលវិបាក ចាប់ផ្តើមលេចឡើងបណ្តើរៗហើយ»។

លោក Kirill Dmitriev (រូប៖ Reuters)

ស្របពេលជាមួយគ្នានោះដែរ លោកបានរម្លឹកពីការទស្សន៍ទាយពីមុនថា តម្លៃប្រេងនឹងហក់ឡើងលើស១០០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើជម្លោះបែបនេះផ្ទុះឡើង ប៉ុន្តែកាលណោះ គ្មាននរណាម្នាក់ជឿឡើយ។

ពិភពលោកបានធ្លាក់ចូលក្នុងជ្រោះវិបត្តិយ៉ាងជ្រៅ ព្រោះតែការបិទច្រកសមុទ្រ Hormuz ពីសំណាក់ប្រទេសអ៊ីរ៉ង់ ក្រោយពេលអាមេរិក-អ៊ីស្រាអែល ចាប់ដៃគ្នា បញ្ឆេះសង្គ្រាមមជ្ឈិមបូព៌ា។

កប៉ាល់ដឹកប្រេងនៅច្រក Hormuz (រូប៖ Reuters)

ច្រក Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃមធ្យោបាយផ្គត់ផ្គង់ប្រេងប្រចាំថ្ងៃរបស់ពិភពលោក ហើយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្រមានថា ការរអាក់រអួលនេះអាចនឹងអូសបន្លាយពេលរាប់ខែ ឬរាប់ឆ្នាំ។ តម្លៃហ្គាសនៅអឺរ៉ុបបានហក់ឡើងប្រហែល ៧០% ចាប់តាំងពីថ្ងៃទី១ ខែមីនាមក ចំណែកឯប្រេងឆៅប្រភេទ Brent បានឡើងថ្លៃលើសពី ១១០ ដុល្លារក្នុងមួយបារ៉ែល។

ឥឡូវ ច្រក Hormuz មិនមែនគ្រាន់តែជាផ្លូវទឹកសម្រាប់ដឹកជញ្ជូនទំនិញទៀតឡើយ ប៉ុន្តែវាបានក្លាយជាអាវុធនយោបាយដ៏មានឥទ្ធិពលបំផុត ដែលអាចកំណត់ថាប្រទេសណាខ្លះនឹងមានថាមពលប្រើប្រាស់ និងប្រទេសណាខ្លះត្រូវប្រឈមនឹងវិបត្តិងងឹតសូន្យសុង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម