Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិក​លែង​ខ្វល់​បើក​ច្រក Hormuz ដោយ​ ត្រាំ​ឱ្យ​សម្ព័ន្ធ​មិត្ត​​ចូលទៅ​​យក​ប្រេង​ខ្លួន​ឯង​

បានផុស

នៅ

សង្រ្គាម​នៅ​មជ្ឈិម​បូព៌ា​ឈាន​ចូល​ជា​​​ខែ​ទី​១ហើយ ដែលវា​​ជា​ការ​វាយ​ប្រហាររបស់​​សហរដ្ឋ​អាមេរិកនិង​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​ដ៏ចាស់​ដៃ​ចាប់តាំង​​ពី​ថ្ងៃ​ទី​២៨ខែកុម្ភៈ​។ សង្រ្គាម​នេះ​មិន​ត្រឹម​តែ​ខូត​ខាត​ទ្រព្យ​សម្បត្តិ​របស់​ភាគី​ទាំង​បី​​នោះ​ទេ ប៉ុន្តែ​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​ក៏​រង​ការ​វាយ​ប្រហារ​និង​ខូចខាត​មិនស្ទើរ​ដែរ ពិសេស​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ពិភពលោក​បន្ត​ហក់​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដោយ​សារ​តែ​អ៊ីរ៉ង់​បិទ​ច្រក​សមុទ្រ​ ​ Hormuz ដែល​ជា​ច្រក​សម្រាប់​ដឹក​ប្រេង​សកល​។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​​សម្តែង​ការ​ខកចិត្ត​​​ជាលើក​ដំបូង​កាលពីថ្ងៃអង្គារ ចំពោះ​សម្ព័ន្ធ​មិត្ត​ដែល​មិនមានឆន្ទៈ​ជួយ​សហ​រដ្ឋអាមេរិក​បើកច្រកសមុទ្រ Hormuz ឡើងវិញ​ ដោយបញ្ជាក់ថា ប្រទេសណា​​ដែលខឹង​ដោយ​សារ​តម្លៃ​ប្រេង​ថ្លៃ​គួរតែទៅ​យក​ប្រេង​ដោយ​ខ្លួនឯង។

យោង​តាម Al Jazeera និង Euro.News ផ្សាយ​ថ្ងៃ​ទី​៣១ខែមីនា លោក​ ត្រាំ បង្ហោះ​លើ​ Truth Social ថា​៖ « ពួក​​អ្នកនឹង​ត្រូវចាប់ផ្តើម​រៀន​ពី​របៀប​តស៊ូដើម្បីខ្លួនឯង សហរដ្ឋអាមេរិក​នឹង​មិន​នៅ​ទីនោះ​ដើម្បីជួយអ្នក​ទៀតទេ ដូច​ជា​ពួក​អ្នកមិន​នៅទីនោះ​សម្រាប់យើង​ដែរ​។ អ៊ីរ៉ង់​ត្រូវ​បាន​បំផ្លិចបំផ្លាញយ៉ាងខ្លាំង​ហើយ​។ ចំណែក​ផ្នែក​ដ៏លំបាកក៏​រួច​រាល់​ហើយ​ដែរ​។ ចូរ​ទៅ​យក​ប្រេង​របស់អ្នក​ដោយ​ខ្លួន​ឯង​ទៅ​»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអាមេរិក​រូប​នេះ​បន្ត​ថា៖ « ពួកគេគួរតែ​ទៅ​ទិញ​ប្រេង​ឥន្ធនៈ​ពីសហរដ្ឋអាមេរិក ព្រោះយើង​មានច្រើនណាស់»។

ការអត្ថាធិប្បាយ​របស់ លោក ត្រាំ​ បាន​កើតឡើង​នៅថ្ងៃដដែល​ ដែល​តម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក​បាន​លោតលើស​ពីមធ្យម​ភាគ ៤ដុល្លារបន្ថែម​ក្នុង​មួយបារ៉ែល​ជាលើក​ដំបូង ចាប់តាំងពីឆ្នាំ ២០២២ ខណៈតម្លៃប្រេង​ឥន្ធនៈ​បន្តកើនឡើង​នៅទូទាំងពិភពលោក។

ការបង្ហោះ​របស់​ លោក ត្រាំ​ លើ​ Truth Social ។ រូបភាព៖ បណ្តាញ​សង្គម ​លោក ត្រាំ​។

មិន​តែ​ប៉ុណ្ណោះ​ អ៊ីរ៉ង់បានសង​សឹក​ដោយ​បាញ់មីស៊ីល​ឆ្លងកាត់ប្រទេស​ក្នុង​​មជ្ឈិម​បូព៌ា​​នៅព្រឹកថ្ងៃអង្គារ ដើម្បី​ឆ្លើយ​តប​ទៅ​នឹងការវាយប្រហារ​ថ្មីៗ​របស់​អ៊ី​ស្រា​អែល​លើ​រដ្ឋធានីតេហេរ៉ង់ ប៉ុន្មាន​ម៉ោងបន្ទាប់ពីនាយក​​រដ្ឋ​មន្ត្រី​​អ៊ី​ស្រា​អែល​​ លោក​ បេន​ចាមីន​ ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) លើក​ឡើង​ថា ​គោលដៅ​យោធាជាង​ពាក់​កណ្តាល​របស់លោក​បាន​សម្រេច​ហើយ​។

លោក ណេតាន់យ៉ាហ៊ូ ប្រាប់អ្នកផ្សាយព័ត៌មានអាមេរិក​ Newsmax ថា៖ « វាពិត​ជាហួសពីចំណុចកណ្តាលហើយ។ ​​ប៉ុន្តែ​ខ្ញុំមិនចង់ដាក់កាល​វិភាគ​ថា​ពេល​ណា​នឹង​បញ្ចប់​ទេ​»។

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម