Connect with us

ព័ត៌មានអន្ដរជាតិ

​គ្មាន​នរណា​ឡើយ​ ដឹង​នូវ​គោលដៅសង្គ្រាម​របស់​ត្រាំ ​សូម្បីតែ​​​​លោក​ត្រាំ​ខ្លួន​ឯង​​

បានផុស

នៅ

ក្រុម​​ការ​ងារ​ផ្ទាល់​របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនប្រាកដ​ក្នុង​ចិត្ត​​របស់​ពួក​គេ​​ទាំងស្រុងអំពីអ្វីដែល​ប្រធានាធិបតី​ ត្រាំ កំពុងគិតអំពីសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ ហើយ​អ្នក​នយោបាយ​​​ជិតស្និទ្ធ​​មួយចំនួនរបស់លោកជឿថា «នេះ​​ជាចេតនា»​ ​​ដោយ​យោង​ទៅ​លើ​​សេចក្តី​រាយការណ៍​​​​ថ្មីមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​មាន​ការ​កត់សម្គាល់​ថា ​លោក ត្រាំ បានបញ្ជូន​នូវ​​សញ្ញាចម្រុះ​​ផ្ទុយ​ចុះ​ផ្ទុយឡើង​​អំពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ដែលធ្វើឱ្យសាធារណជនមានសំណួរកាន់តែច្រើនឡើងអំពី​​មធ្យោបាយ​​ដែលលោកសង្ឃឹមថា នឹងប្រកាន់យក​​។ ឥឡូវនេះ ​ព័ត៌មាន Axios បាន​រាយការណ៍ថា ផែនការរបស់ប្រធានាធិបតី​ ត្រាំ មិនច្បាស់លាស់សូម្បីតែចំពោះទីប្រឹក្សារបស់លោកផ្ទាល់ ដោយប្រភពមួយអះអាងថា «គ្មាននរណាម្នាក់ដឹងនៅទីបញ្ចប់ថាលោក [ត្រាំ] ពិតជាកំពុងគិតអ្វីនោះទេ»។

ប៉ុន្តែ ​អ្នក​នយោបាយ​​​​ជិតស្និទ្ធ​របស់​លោក​មួយ​ចំនួន មាន​សមាជិកព្រឹទ្ធសភា​​មកពី​​​គណបក្ស​សាធារណរដ្ឋ លោក Lindsey Graham បានលើកឡើងថា «វាជាយុទ្ធសាស្ត្រដោយចេតនា​របស់​លោក​ត្រាំ​ទេ​​»។

លោកបានប្រាប់ Axios ថា «នោះជាផែនការ [ប៉ុន្តែ​]សម្រាប់អ្នកមិនមានតម្រុ​យទេ»។

មន្ត្រីរដ្ឋបាលលោក ត្រាំ ដែលមិនបញ្ចេញឈ្មោះក៏បានប្រាប់សារព័ត៌មានផងដែរថា «នេះមិនមែនជា​ក្តារ​អុក 3D ទេ។ លោកប្រឆាំងនឹងខ្លួនឯងជាប្រចាំ ដូច្នេះគ្មាននរណាម្នាក់ដឹងថាលោកកំពុងគិតអ្វីនោះទេ។ វាជាចេតនា”។

អ្នកនៅខាងក្នុង​​​​រដ្ឋបាល​ត្រាំ បានប្រាប់ Axios ថា ​ក្នុង​ជម្លោះ​នៅ​​អ៊ីរ៉ង់​ លោក ត្រាំ ហាក់ដូចជាកំពុងបង្កើតថ្មី។ យោងតាមសេចក្តីរាយការណ៍​​នោះ​ ប្រធានាធិបតីក៏ចូលចិត្តរក្សាជម្រើសផ្សេងៗឱ្យអាចរកបាន ពិភាក្សាអំពីគំនិតជាមួយមនុស្សផ្សេងៗគ្នា និងចាប់យកឱកាសនៅពេលដែលវាលេចឡើង។

អតីតមន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មានថា «ពួកគេមានផែនការសម្រាប់សប្តាហ៍ដំបូង ហើយចាប់តាំងពីពេលនោះមក ពួកគេកំពុងរៀបចំផែនការនេះឡើង»​។

នៅពេលត្រូវបានទាក់ទងសុំការអត្ថាធិប្បាយ មន្ត្រីសេតវិមានម្នាក់បានគូសបញ្ជាក់ពីគោលដៅរបស់ លោក ត្រាំ​ ហើយបាននិយាយថា យោធាអាមេរិកកំពុង «បំពេញ ឬលើសពីស្តង់ដារទាំងអស់របស់ខ្លួនលើគោលបំណងដែលបានកំណត់ទាំងនេះ»។

​យោង​សេចក្តីរាយការណ៍​របស់ The Independent មន្ត្រីរូបនេះបាន​ប្រាប់​​សារព័ត៌មាន​នោះថា​៖ «ប្រធានាធិបតី ត្រាំ បាន​គូសបញ្ជាក់ពីគោលដៅបួនផ្សេងគ្នាសម្រាប់ប្រតិបត្តិការ Epic Fury៖ បំផ្លាញសមត្ថភាពមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បំផ្លាញកងទ័ពជើងទឹកអ៊ីរ៉ង់​ ធានាថា​ក្រុមភេរវករដែលជាបរិវារ​ (proxies) របស់​អ៊ីរ៉ង់​លែងអាចធ្វើឱ្យតំបន់អស្ថិរភាពបានទៀតហើយ និងធានាថាអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ»​។

​​ទោះបី​ជា​​​វត្ថុបំណង​ទាំង៤​ ត្រូវ​បាន​​កំណត់​ច្បាស់​ក្នុងដំណាក់​កាល​ដំបូង​ ប៉ុន្តែ​ក្រោយ​សង្គ្រាម​កាន់តែ​អូសបន្លាយ​ទៅ​ ហើយ​អស្ថិរភាព​កើត​ឡើង​កាន់តែ​ខ្លាំង​ដោយសារតែ​ អ៊រ៉ង់​​គ្រប់គ្រង​យ៉ាងណែន នូវ​​ច្រក​​ Hormuz ដែល​នាំចេញ​ប្រេងទៅកាន់​ពិភព​ ហើយ ​កា​រអំពាវនាវ​របស់​ត្រាំ​ ឲ្យ​ប្រទេស​សម្ព័ន្ធ​មិត្ត​​​នានា​ចូល​ជួយ ប៉ុន្តែ​គ្មាន​ប្រទេសណា​មួយ​អើពើ ការបរិយាយ​របស់​ប្រធានាធិបតី​ ត្រាំ បាន​ត្រឡប់ត្រឡិន​ ដែលគ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ពី​វត្ថុ​បំណង​ពិត​៕​​

រ៉ាន់ រើយ​​

​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម