Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី ជំរុញ​ពន្លឿនការអភិវឌ្ឍប្រព័ន្ធថាមពលថ្មី ខណៈសង្គ្រាមមជ្ឈិមបូព៌ា​ប៉ះពាល់​ខ្លាំង​

បានផុស

នៅ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវឲ្យពន្លឿនផែនការ និងការសាងសង់ប្រព័ន្ធថាមពលថ្មីឲ្យបានលឿន ដើម្បីការពារសន្តិសុខថាមពលក្នុងប្រទេស បន្ទាប់ពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់កាន់តែអូសបន្លាយ​​យូរ​ ដែលបង្កឲ្យមាន​​ក្តីបារម្ភ​​កាន់តែ​ខ្លាំង​​ក្នុង​​វិស័យ​ថាមពលទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

មេដឹកនាំនៃសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក ក៏បានសង្កត់ធ្ងន់លើការអភិវឌ្ឍវារីអគ្គិសនី និងការការពារបរិស្ថាន ខណៈពេលដែលលោកក៏ជំរុញឲ្យមានការពង្រីកថាមពលនុយក្លេអ៊ែរដោយសុវត្ថិភាព និងមានរបៀបរៀបរយ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃទី៦ខែមេសា។

លោក ស៊ី និយាយថា៖​«គណៈកម្មាធិការកណ្តាលបក្សបានយល់យ៉ាងស៊ីជម្រៅអំពីនិន្នាការអភិវឌ្ឍន៍ថាមពលសកល និងបានធ្វើការសម្រេចចិត្តសំខាន់ៗ ដោយជំរុញយុទ្ធសាស្ត្រសន្តិសុខថាមពលថ្មីឲ្យកាន់តែស៊ីជម្រៅ» ដោយសំដៅទៅលើមជ្ឈមណ្ឌលអំណាចរបស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។

ទោះជាយ៉ាងណាក៏ដោយ លោក ស៊ី មិនបានលើកឡើងដោយផ្ទាល់អំពីសង្គ្រាមនៅក្នុងសុន្ទរកថារបស់លោក ដែលដកស្រង់ដោយ CCTV នោះទេ។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាននិងកំពុងថ្លឹងថ្លែងផែនការសម្របសម្រួលដោយប៉ាគីស្ថាន ដែលអាចបញ្ចប់ជម្លោះរយៈពេល៥សប្តាហ៍ ទោះបីជាទីក្រុងតេហេរ៉ង់បានរុញច្រានប្រឆាំងនឹងសម្ពាធដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញយ៉ាងឆាប់រហ័សក៏ដោយ។

ដោយឡែក អ្នកវិភាគបានចង្អុលបង្ហាញថា ចិនមានជំហរល្អប្រសើរជាងមុនក្នុងការស្រូបយកតម្លៃប្រេងដែលកើនឡើងខ្ពស់។ ធ្យូងថ្មមានចំនួនជាងពាក់កណ្តាលនៃល្បាយថាមពលរបស់ខ្លួន ខណៈពេលដែលប្រទេសនេះមានស្តុកប្រេងច្រើន ហើយការនាំចូលតាមរយៈច្រកសមុទ្រ Hormuz តំណាងឲ្យត្រឹមតែប្រហែល ៥ ភាគរយនៃការប្រើប្រាស់ថាមពលសរុបប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម