Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល និងលីបង់ ព្រមព្រៀងពន្យារពេលបទឈប់បាញ់ ៤៥ថ្ងៃទៀត

បានផុស

នៅ

បន្ទាប់ពីមានការចរចាគ្នាយ៉ាងស្វិតស្វាញនៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក ប្រទេសអ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងគ្នា ក្នុងការពន្យារពេលបទឈប់បាញ់បន្ថែមចំនួន ៤៥ថ្ងៃទៀត។

កិច្ចប្រជុំ​នៅ​វ៉ាស៊ីនតោន (រូបថត៖ ក្រសួង​ការបរទេស​អាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសអាមេរិក បានពណ៌នាការជជែកគ្នានេះថា មានលក្ខណៈ «វិជ្ជមាន និងទទួលបានផ្លែផ្កា» ខណៈដែលក្រុមអ្នកការទូត កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទប់ស្កាត់កុំឱ្យមានការផ្ទុះសង្រ្គាមឡើងវិញ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមខ្មាន់កាំភ្លើងហេសប៊ូឡា (Hezbollah) ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍កាល​ពី​ថ្ងៃទី​១៥ ខែ​ឧសភា ថា ការព្រមព្រៀងពន្យារពេលនេះ ធ្វើឡើងបន្ទាប់ពីមានការចរចាអស់រាប់សប្តាហ៍ រវាងមន្ត្រីអាមេរិក អ៊ីស្រាអែល និងលីបង់ ក្នុងគោលបំណងរក្សាស្ថិរភាពនៅតាមបណ្តោយព្រំដែន ក្រោយពីមានអំពើហិង្សាកើនឡើងកម្តៅយ៉ាងខ្លាំង ជាច្រើនខែកន្លងមក។ ជម្លោះនេះ បានចាប់ផ្តើមរីករាលដាលខ្លាំង កាលពីដើមឆ្នាំ២០២៦ នេះ នៅពេលដែលក្រុមហេសប៊ូឡា បានបើកការវាយប្រហារ ដែលមានការទាក់ទងនឹងជម្លោះក្នុងតំបន់ ជាមួយប្រទេសអ៊ីរ៉ង់។ សកម្មភាពនេះ បានធ្វើឱ្យអ៊ីស្រាអែលវាយបកវិញ ដោយបង្កើនការវាយប្រហារតាមផ្លូវអាកាស និងបើកប្រតិបត្តិការយោធាយ៉ាងធំធេងនៅភាគខាងត្បូងប្រទេសលីបង់ និងនៅក្បែរទីក្រុងបេរូត។ ខាងភាគីអ៊ីស្រាអែល បានអះអាងថា យុទ្ធនាការយោធារបស់ខ្លួន គឺធ្វើឡើងដើម្បីបញ្ឈប់ការវាយប្រហារដោយគ្រាប់រ៉ុកកែត និងដ្រូនរបស់ក្រុមហេសប៊ូឡា ក៏ដូចជាដើម្បីបង្កើតសន្តិសុខរយៈពេលវែង នៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន។

ដោយឡែក ខាងភាគីមន្ត្រីលីបង់វិញ បានចោទប្រកាន់អ៊ីស្រាអែលថា បានរំលោភលើអធិបតេយ្យភាពរបស់លីបង់ជាញឹកញាប់ និងបានបន្តការវាយប្រហារយោធា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ពីមុនៗក៏ដោយ។

គួររំលឹកផងដែរថា បទឈប់បាញ់រយៈពេល ១០ថ្ងៃដំបូង ដែលសម្របសម្រួលដោយអាមេរិក បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១៦ ខែមេសា បន្ទាប់ពីការចរចានៅទីក្រុងវ៉ាស៊ីនតោន មិនអាចឈានទៅដល់កិច្ចព្រមព្រៀងរយៈពេលវែងភ្លាមៗបាន។ បន្ទាប់មក លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពន្យារពេលរយៈពេល ៣សប្តាហ៍បន្ថែមទៀត ដោយសារតែក្រុមអ្នកចរចាមិនទាន់អាចរៀបចំកិច្ចព្រមព្រៀងឱ្យបានទូលំទូលាយ។ ទោះបីជាមានបទឈប់បាញ់នេះក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ីស្រាអែល និងហេសប៊ូឡា បានចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នករំលោភលើកិច្ចព្រមព្រៀងសន្តិភាព។

យោងតាមរបាយការណ៍ សង្រ្គាមលើក​នេះ បានបណ្តាលឱ្យមនុស្សជិត ២ ៩០០នាក់ស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេសលីបង់ ខណៈដែលប្រជាពលរដ្ឋជាង ១លាននាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីផ្ទះសម្បែង។ លោកនាយករដ្ឋមន្ត្រីលីបង់ Nawaf Salam បានអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីភាគខាងត្បូងលីបង់ និងការដោះលែងអ្នកទោសលីបង់ទាំងអស់។ រីឯមន្ត្រីអ៊ីស្រាអែលវិញ នៅតែបន្តដាក់សម្ពាធឱ្យមានការរំសាយអាវុធរបស់ក្រុមហេសប៊ូឡា និងទាមទារឱ្យមានការធានាសន្តិសុខឱ្យបានរឹងមាំជាងមុននៅជិតតំបន់ព្រំដែន។ ការពន្យារពេលបទឈប់បាញ់ ៤៥ថ្ងៃជាថ្មីនេះ គឺធ្វើឡើងដើម្បីរក្សាភាពស្ងប់ស្ងាត់ជាបណ្តោះអាសន្ន ខណៈដែលក្រុមអ្នកចរចាអាមេរិកបន្តធ្វើការងារ ដើម្បីឈានទៅរកកិច្ចព្រមព្រៀងធំមួយ ក្នុងគោលបំណងបញ្ចប់ជម្លោះទាំងស្រុងជាផ្លូវការ និងការពារកុំឱ្យមានសង្រ្គាមរាលដាលពាសពេញតំបន់មជ្ឈិមបូព៌ាទាំងមូល៕

ប្រែសម្រួល៖​ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម