Connect with us

ព័ត៌មានអន្ដរជាតិ

ទើបវាយអ៊ីរ៉ង់ហើយ តែ លោក រូប៊ីយ៉ូ អះអាងថា កិច្ចព្រមព្រៀងសន្តិភាព នឹងនៅតែអាច សម្រេចបាន

បានផុស

នៅ

ដ្បិតទីក្រុងវ៉ាស៊ីនតោន ទើបបើកការវាយប្រហារថ្មី លើប្រទេសអ៊ីរ៉ង់ ក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ ចេញមុខអះអាងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយ ទីក្រុងតេហេរ៉ង់ នឹងនៅតែអាច សម្រេចបាន។

រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ (រូប៖ Reuters)

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ប្រមុខការទូតកំពូលរបស់ទីក្រុងវ៉ាស៊ីនតោន បញ្ជាក់យ៉ាងច្បាស់ថា លោកមានជំនឿយ៉ាងមុតមាំថា អាមេរិក នឹងនៅតែអាចឈានដល់កិច្ចព្រមព្រៀង ជាមួយទីក្រុងតេហេរ៉ង់ បើទោះបីជាមាន ការវាយប្រហារលើកំពង់ផែ Bandar Abbas ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ក៏ដោយ។

យ៉ាងណា​ បើតាមសម្តីរបស់រដ្ឋមន្ត្រីរូបនេះ, លោកក៏កំពុងរង់ចាំអ៊ុតមើលលទ្ធផល នៃកិច្ចចរចាក្នុងប្រទេសកាតា ដូចគ្នា ថាតើ វានឹងមានវឌ្ឍនភាព ដែរឬក៏អត់?

រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីយ៉ូ (រូប៖ Reuters)

នៅព្រឹកថ្ងៃអង្គារ (ពេលវេលានៅកម្ពុជា), សហរដ្ឋអាមេរិក បានបើកការវាយប្រហារថ្មី លើទីតាំងនុយក្លេអែរ នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ និងទូកអ៊ីរ៉ង់ដែលប៉ុនប៉ងដាក់មីន នៅច្រកសមុទ្រ Hormuz ក្នុងអ្វីដែលខ្លួន អះអាងថា គឺជាការបាញ់ការពារខ្លួន ប៉ុណ្ណោះ។

អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្តាល សហរដ្ឋអាមេរិក (CENTCOM) លោក Timothy Hawkins បានថ្លែងប្រាប់ទូរទស្សន៍ CNN ថា៖ «កងកម្លាំងសហរដ្ឋអាមេរិកបានបើកការវាយប្រហារការពារខ្លួន ក្នុងតំបន់ភាគខាងត្បូងប្រទេសអ៊ីរ៉ង់នៅថ្ងៃនេះ ដើម្បីការពារកងទ័ពរបស់យើង ពីការគំរាមកំហែងនានាដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់»។

ទោះបែបនេះក្តី ភ្លាមៗ CENTCOM មិនលម្អិតឡើយថាតើ ខ្លួនប្រើប្រាស់សព្វាវុធអ្វីខ្លះ ក្នុងការវាយប្រហារនេះ ខណៈភាគីអ៊ីរ៉ង់​ ក៏មិនទាន់ចេញមកនិយាយអ្វីដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម