Connect with us

ព័ត៌មានអន្ដរជាតិ

សាំងឡើងថ្លៃពេក បង់ក្លាដែស បង្ខំចិត្តបិទសាលារៀននិងសាកលវិទ្យាល័យទាំងអស់

បានផុស

នៅ

ស្របពេលពិភពលោកកំពុងញាំញីដោយវិបត្តិថាមពល ព្រោះតែឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាដែលជាការចម្បាំងគ្នារវាងអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិកចាប់ដៃអ៊ីស្រាអែល, ប្រទេសបង់ក្លាដែសនៅតំបន់អាស៊ីខាងត្បូង ក៏កំពុងរងគ្រោះខ្លាំងផងដែរព្រោះតែកង្វះប្រេងសាំង ដែលឈានដល់ការបិទសាកលវិទ្យាល័យទាំងអស់ជាបណ្តោះអាសន្នសិន ដើម្បីសន្សំុសំចៃ។

(រូប៖ Reuters)

តាមការផ្សាយរបស់ TRT World, រាល់សាកលវិទ្យាល័យនៅបង់ក្លាដែស នឹងត្រូវបិទទ្វារចាប់ពីថ្ងៃចន្ទទី៩ខែមីនាទៅ ដោយមិនទាន់ដឹងច្បាស់ថានឹងបើកឡើងវិញនៅពេលណានោះទេ។ មុននេះដែរ សាលារដ្ឋនិងឯកជនជាច្រើន ក៏បានបិទរួចទៅហើយ ដែលធ្វើឲ្យវិស័យអប់រំទូទាំងប្រទេសត្រូវជាប់គាំង មិនទាន់រកផ្លូវចេញឃើញ។

អាជ្ញាធរបង់ក្លាដែសបញ្ជាក់ថា នេះគឺវិធានការដ៏បន្ទាន់បំផុតមួយដែលត្រូវអនុវត្តទាំងបង្ខំចិត្ត ព្រោះតែវាមិនមែនត្រឹមជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ដែលនាំឲ្យមានការខ្ជះខ្ជាយប្រេងឥន្ធនៈផងដែរ។

(រូប៖ Reuters)

ទិន្នន័យពីក្នុងប្រទេសបង្ហាញថា ថ្ងៃទី១០ខែមីនា តម្លៃសាំងនៅបង់ក្លាដែស មួយលីត្រ ១៦៥ ទៅ ១៧៥ តាកា ឬបើគិតជាលុយរៀលខ្មែរ គឺប្រហែល ៥ ៥០០ ទៅ ៦ ០០០ រៀល។

វិធានការនៅបង់ក្លាដែស ចាប់អនុវត្តដំណាលគ្នាស្របពេលប្រទេសវៀតណាម នៅក្បែរខាងកម្ពុជា ក៏ជំរុញដល់ក្រុមហ៊ុននានា គួរអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះផងដែរ ព្រោះវិបត្តិសាំងឡើងថ្លៃ។

(រូប៖ Reuters)

តាមការផ្សាយរបស់ VN Express កាលពីថ្ងៃចន្ទទី៩ខែមីនាឆ្នាំ២០២៦ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ចេញសេចក្តីណែនាំថា ក្រុមហ៊ុន-សហគ្រាសទាំងឡាយ គួរតែវាយតម្លៃនិងអនុគ្រោះដល់បុគ្គលិករូបណា ដែលអាចធ្វើការពីផ្ទះបាន គួរតែឲ្យពួកគេធ្វើការពីផ្ទះដើម្បីជួយសម្រួលនិងកាត់បន្ថយថ្លៃចំណាយ ព្រោះតែតម្លៃប្រេងសាំងកំពុងហក់ឡើងខ្ពស់ទៅៗ ដោយសារសង្គ្រាមមជ្ឈិមបូព៌ា។

ទន្ទឹមនោះ ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋនិងអាជីវកម្មនានា កុំទាន់ភ័យស្លន់ស្លោឬស្តុកទុកប្រេងសាំង និងប្រេងម៉ាស៊ូតឲ្យសោះ។ ក្រសួងការប្រាប់ពលរដ្ឋឲ្យរាយការណ៍ជាបន្ទាន់ផងដែរ បើស្ថានីយប្រេងសាំងណារកស៊ីល្មើសច្បាប់ ដូចជាការផ្អាកលក់ដោយគ្មានមូលហេតុ ការលក់ក្នុងតម្លៃខុសពីតម្លៃដែលបានបិទផ្សាយឬការលាក់ទុកប្រេងឥន្ធនៈ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម