Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​​ការ​ពារជាតិ​​អាមេរិក៖ ការ​ចំណាយក្នុងសង្គ្រាមនៅអ៊ីរ៉ង់អស់​ ​​​៣៧.៥​ពាន់​លានដុល្លារ​​ដល់​ពេលនេះ​

បានផុស

នៅ

សង្គ្រាមរបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ បានចំណាយថវិកាអស់ចំនួន ៣៧.៥ ពាន់លានដុល្លារហើយ គិតមកទល់ពេលនេះ។ នេះបើយោងតាមការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth កាលពីថ្ងៃទី២១ ខែកក្កដា ដែលតួលេខនេះមានការកើនឡើងជិត ៨ ពាន់លានដុល្លារ បើធៀបនឹងការប៉ាន់ប្រមាណជាសាធារណៈចុងក្រោយ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនេះបានធ្វើឡើងចំពេលដែលលោកត្រូវប្រឈមមុខនឹងសំណួរដេញដោលពីក្រុមសមាជិកសភាដែលកំពុងមានមន្ទិលសង្ស័យ គិតចាប់តាំងពីការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបានចាប់ផ្តើមឡើងវិញ ដើម្បីស្វែងរកកញ្ចប់ថវិកាបន្ទាន់ សម្រាប់ជម្លោះដែលមិនសូវមានការគាំទ្រមួយនេះ។

លោក Hegseth បានប្រាប់ក្រុមសមាជិកសភាថា ចំនួនទឹកប្រាក់នេះក៏រាប់បញ្ចូលទាំងការប៉ាន់ប្រមាណលើការចំណាយបន្តបន្ទាប់ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ខាងមុខផងដែរ។

ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើមន្ទីរបញ្ចកោណគណនាតួលេខនេះដោយរបៀបណា។ ប្រភពមួយបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីខែមីនាថា រដ្ឋបាលរបស់លោក ត្រាំ បានប៉ាន់ប្រមាណថា រយៈពេល ៦ ថ្ងៃដំបូងនៃសង្គ្រាម បានចំណាយអស់យ៉ាងហោចណាស់ ១១.៣ ពាន់លានដុល្លារទៅហើយ។

នេះជាលើកទីមួយហើយដែលលោក Hegseth បានចេញមុខឆ្លើយបំភ្លឺជាសាធារណៈចំពោះសំណួររបស់ក្រុមសមាជិកសភា ចាប់តាំងពីកងទ័ពអាមេរិកបានចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់កាលពីដើមខែនេះ។ នៅក្នុងសវនាការនោះ លោកបានចូលរួមបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការថវិកានៃព្រឹទ្ធសភា រួមជាមួយប្រធានអគ្គសេនាធិការចម្រុះ ឧត្តមសេនីយ៍ Dan Caine។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្នុងនោះគ្រាន់តែ ៦ ថ្ងៃដំបូង មន្ទីរបញ្ចកោណប៉ាន់ប្រមាណថា បានចំណាយអស់ ១១.៣ ពាន់លានដុល្លារទៅហើយ។ សង្គ្រាមនេះបានធ្វើឲ្យប៉ះពាល់ដល់កញ្ចប់ថវិកាជិត ១ ទ្រីលានដុល្លាររបស់ក្រសួងការពារជាតិ ដែលបង្ខំឲ្យលោក Hegseth ស្វែងរកកញ្ចប់ថវិកាបន្ថែមបន្ទាន់ជិត ៩០ ប៊ីលានដុល្លារ និងស្នើថវិកាឆ្នាំ២០២៧ ចំនួន ១.៥ ទ្រីលានដុល្លារ ដើម្បីចៀសវាងការកាត់បន្ថយការហ្វឹកហ្វឺនយោធា និងការថែទាំអាវុធ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម