Connect with us

ព័ត៌មានអន្ដរជាតិ

ខែមុន​ សត្វសេះជាង២០ក្បាលស្លាប់​ដោយសារ​ខ្វះ​អាហារ​នៅបង់ក្លាដែស​

បានផុស

នៅ

សត្វ​សេះ​ជាង​២០​ក្បាល​បាន​ស្លាប់​ដោយសារ​ខ្វះ​អាហារ​​ក្នុង​រយៈពេល​​ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ​នៅ​ស្រុក​មួយ​​ដ៏​ល្បី​កល្បាញ​របស់​ប្រទេស​បង់ក្លាដែស។ នេះ​បើ​តាម​ម្ចាស់​សេះ​បាន​និយាយ​​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​ឧសភា ខណៈ​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​នេះ​កំពុង​ដុន​ដាប​ដោយ​វិបត្តិ​កូវីដ-១៩។

ប្រទេស​អាស៊ី​ខាង​ត្បូង​ដែល​មាន​ប្រជា​ជន​១៦៨​លាន​នាក់​​បាន​កំពុង​ប្រយុទ្ធ​នឹង​រលក​ថ្មី​នៃ​ការ​ផ្ទុះ​កូវីដ-១៩​ដែល​បាន​ធ្វើ​​ឲ្យ​ប្រព័ន្ធសុខាភិបាល​ដុន​ដាប និង​បាន​ដាក់​បំរាម​ទូទាំង​ប្រទេស។

សត្វ​បម្រើ​ទេសចរណ៍​នៅ​បង់ក្លាដែស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​សេះ​បាន​និយាយ​ថា ពួក​គាត់​​កំពុងពិបាក​រក​ចំណី​ឲ្យ​សេះ​ដែល​​ជា​សត្វ​ប្រើ​ប្រាស់​សម្រាប់​បម្រើ​ទេសចរណ៍​នៅ​ឆ្នេរ​ខ្សាច់ Cox’s Bazar ​ជា​ឆ្នេរ​​ដ៏​​ល្បី​ល្បាញ​មួយ​ក្នុង​ពិភព​លោក​យូរ​ហើយ។

ស្ត្រី​ឈ្មោះ​ Farida Begum អ្ន​ក​នាំ​ពាក្យ​​សមាគម​ម្ចាស់​​​​សេះ​នៅ Cox’s Bazar បាន​និយាយ​ថា ៖«នៅ​ពេល​កូវីដ-១៩​បានវាយ​​ប្រហារ ចំនួន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​ចុះ​យ៉ាង​ខ្លាំង។ យើង​កំពុង​តស៊ូ​ដើ​ម្បី​បំពេញ​សេចក្តី​ត្រូវ​ការ។ តើ​យើង​ចិញ្ចឹម​សេះ​ឲ្យ​រស់​របៀប​ណា?

ភ្ញៀវ​ទេសចរ​បាន​វិល​មក​វិញ​ក្នុង​រយៈ​ពេល​ខ្លីពី​ខែ​ធ្នូ​ដល់​ខែកុម្ភៈ​នៅ​ពេល​ករណី​ឆ្លង​កូវីដ-១៩​បាន​ថយ​ចុះ ប៉ុន្តែ​ក្រោយ​មក​ក៏​ស្ងប់​ស្ងាត់​ទៅ​វិញ​ដោយ​សារករណី​ឆ្លង​ផ្ទុះ​ឡើង​វិញ​ដោយ​មាន​ដាក់​បំរាមចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា។

សត្វ​បម្រើ​ទេសចរណ៍​នៅ​បង់ក្លាដែស

អ្នក​ស្រី Begum ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​សេះ​ចំនួន​២១​ក្បាល​ក្នុង​ចំណោម​សេះ​៩០​ក្បាល​ដែល​បម្រើ​វិស័យ​ទសចរណ៍​​នៅ​ឆ្នេរ​ខ្សាច់​នោះ​បាន​ស្លាប់​កាល​ពី​​ខែ​មុន។ កំឡុង​ពេល​ការដាក់​បំរាម​កាល​ពី​ឆ្នាំ​មុន សេះ​ចំនួន​៤១​ក្បាល​រាប់​​ទាំង​សេះ​៨​ក្បាល​របស់​​​​គាត់​ផង​បាន​ស្លាប់។

ម្ចាស់​មួយ​ចំនួន​បាន​ដោះ​លែង​សេះ​​របស់​ពួក​គាត់​ឲ្យ​ដើរ​តាម​ចិត្ត​ដើម្បី​​ដើរ​ស៊ី​ស្មៅ ឬ​ចំណី​អាហារ​អ្វី​​ដោយ​ខ្លួន​ឯង។

ម្ចាស់​សេះ​ទាំង​នោះ​បាន​និយាយ​ថា ពួក​គេ​កំពុង​វេទនា​រឿង​រក​ចំណីអាហារ​សម្រាប់​គ្រួសារ ហើយ​វា​ជា​បន្ទុក​បន្ថែម​ទៀត​ដែល​​ត្រូវ​រក​ចំណី​អាហារ​​សម្រាប់​​សេះ​។

ម្ចាស់​សេះ​ឈ្មោះ Sarwar Azam បាន​និយាយ​ថា សេះ​​របស់​គាត់​បាន​ស្លាប់​កាល​ពី​សប្តាហ៍​មុន ហើយ​សេះ​មួយ​ទៀត​កំពុង​អត់​ឃ្លាន។

​ឆ្នេរ​ខ្សាច់​ដ៏​ល្បី​ល្បាញ​នោះ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាង​២​លាន​នាក់​ដែល​ភាគ​ច្រើន​អ្នក​ដំណើរ​ក្នុង​ស្រុក​ជា​រៀង​រាល់​ឆ្នាំ។ ​ប្រជា​ជន​រស់​នៅ​តំបន់​នោះ​ជា​ច្រើន​រស់​នៅ​ពឹង​ផ្អែក​លើ​ប្រាក់​ចំណូល​ពីវិស័យ​ទេសចរណ៍ ដូច្នេះ​បើ​គ្មាន​អ្នក​ទេសចរ​ គឺ​មាន​ន័យ​ថា គ្មាន​ចំណូល។

រហូត​ដល់​ពេល​នេះ ប្រទេស​បង់ក្លាដែស​​មាន​ករណី​ឆ្លង​កូវីដ-១៩​សរុប​ជិត ៨០០ ០០០​នាក់ និង​ស្លាប់​ជាង ១២ ៣០០​នាក់ ប៉ុន្តែ​អ្នក​ជំនាញ​​ជឿ​ជាក់​ថា ចំនួន​ទំនង​ជា​ច្រើន​ជាង​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម