Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសសិង្ហបុរី ចាក់វ៉ាក់សាំង បាន៦ថ្ងៃ ហាត់ប្រាណខ្លាំងហួស បណ្តាលឲ្យរលាកសាច់ដុំធ្ងន់ធ្ងរ ឈានដល់គាំងបេះដូង

បានផុស

នៅ

ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយនៅថ្ងៃចន្ទទី ១៦ ខែសីហានេះថា ក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ដែលគាំងបេះដូង ក្រោយចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទីមួយ បាន៦ថ្ងៃ ពេលនេះធូរស្បើយវិញហើយ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “គាត់ធូរស្បើយច្រើន ហើយអាចធ្វើសកម្មភាពប្រចាំថ្ងៃ ដោយគ្មានជំនួយ”។

សេចក្តីប្រកាសបន្ថែមថា “គាត់ទំនងជាត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ប៉ុន្តែទំនងជាត្រូវការការមើលថែមួយរយៈសិន មុនពេលអាចវិលត្រឡប់ទៅសាលារៀនវិញ និងធ្វើសកម្មភាពផ្សេងទៀត។ ក្រុមគ្រូពេទ្យនឹងបន្តការព្យាបាល និងតាមដានស្ថានភាពរបស់គាត់”។

ក្មេងជំទង់រូបនេះ បានទទួលវ៉ាក់សាំងដូសទីមួយនៅថ្ងៃទី២៧ខែមិថុនា។ គាត់បានដួលនៅផ្ទះកាលពីថ្ងៃទី ៣ ខែកក្កដា បន្ទាប់ពីលើកអាល់ទែនៅកន្លែងហាត់ប្រាណ។

ក្រសួងសុខាភិបាលបាននិយាយនៅពេលនោះថា ក្មេងប្រុសរូបនេះ បានលើកអាល់ទែ ដែលមានទម្ងន់ធ្ងន់ជាងទម្ងន់របស់ខ្លួន។

កាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលបាននិយាយថា ការស៊ើបអង្កេតផ្នែកវេជ្ជសាស្ត្របានរកឃើញថា គាត់បានវិវត្តទៅជាជំងឺរលាកសាច់ដុំបេះដូងធ្ងន់ធ្ងរ ដែលនាំទៅដល់ការគាំងបេះដូង។

អ្នកដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ រួចរាល់ គួរចៀសវាងការធ្វើលំហាត់ប្រាណខ្លាំងក្លារយៈពេលមួយសប្តាហ៍បន្ទាប់ពីចាក់ដូសនីមួយៗ។

បុគ្គលម្នាក់ៗគួរតែស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើពួកគេជួបប្រទះការឈឺទ្រូង ដកដង្ហើមខ្លីឬចង្វាក់បេះដូងលោតខុសពីធម្មតា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វ៉ាក់សាំងកូវីដផលិតពីរុក្ខជាតិ មានតម្លៃថោកនិង បង្កើតភាពស៊ាំកាន់តែខ្លាំង ជាពិសេស មិនចាំបាច់ចាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម