Connect with us

ព័ត៌មានអន្ដរជាតិ

បើជាប់ឆ្នោតជាថ្មី លោក Trump នឹងបោសសម្អាតភ្នាក់ងារ FBI និងក្រសួង​យុត្តិធម៌ក្នុងអាណត្តិលោក Biden

បានផុស

នៅ

លោក David T. Pyne អ្នកវិភាគនយោបាយសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មាន Sputnik ថា ប្រសិនបើលោក Donald Trump ជាប់ឆ្នោតអាណត្តិថ្មីនៅឆ្នាំ២០២៤ លោកគ្មានជម្រើសអ្វីក្រៅពីការបោសសម្អាតភ្នាក់ងារស៊ើបអង្កេត និងក្រសួងយុត្តិធម៌ក្នុងសម័យកាលដឹកនាំដោយលោក Joe Biden និងលោក Barack Obama នោះឡើយ ។

លោក Pyne ដែលក៏ធ្លាប់ជាអតីតមន្ត្រីក្រសួងការពារជាតិអាមេរិកផងដែរនោះបាននិយាយទៀតថា ការរុះរើទ្រង់ទ្រាយធំមួយនេះ គឺត្រូវការជាចាំបាច់ខ្លាំងណាស់ ខណៈដែលមន្ត្រីរដ្ឋក្នុងស្ថាប័នទាំងនោះបានខ្នះខ្នែងជួយឲ្យលោក Biden ឈ្នះការបោះឆ្នោត និងបើកការកាត់ទោសនយោបាយបោកប្រាស់ទាំងអស់មកលើរូបលោក Trump ។

មន្ត្រីរូបនេះបានអះអាងបន្ថែមថា សម្រាប់អាណត្តិក្រោយនេះដែរ លោក Trump បានដាក់ចេញផែនការចំនួន ១០ ចំណុច ជាពិសេសគឺផ្ដោតទាំងលើការរុះរើមន្ត្រីស្ថាប័ន និងបង្កើតឡើងវិញនូវបទបញ្ជាប្រតិបត្តិ ក៏ដូចជាចងក្រងច្បាប់ថ្មីមួយចំនួនផងដែរ ។

ផែនការថ្មីនេះទៀតសោតក៏នឹងអនុញ្ញាតឲ្យលោក Trump បោសសម្អាតឥស្សរជន ក៏ដូចជាតួអង្គពុករលួយទាំងអស់មិនថា ក្នុងស្ថាប័នសន្តិសុខ និងអង្គភាពស៊ើបការណ៍សម្ងាត់ជាតិណាមួយឡើយ ខណៈកន្លងមកអតីតប្រធានាធិបតីទី ៤៥ រូបនេះធ្លាប់បានលើកឡើងហើយថា គោលនយោបាយតែមួយគត់របស់លោកគឺ “តម្កល់ផលប្រយោជន៍អាមេរិកមុនគេ ឬ America First” ។

ទោះយ៉ាងណា ការឈរឈ្មោះបោះឆ្នោតរបស់លោក Trump នៅឆ្នាំ២០២៤ កំពុងស្ថិតនៅលើផ្លូវរដាក់រដុបនៅឡើយ បន្ទាប់ពីតុលាការកំពូលប្រចាំរដ្ឋ Colorado កាលពីសប្ដាហ៍មុនបានសម្រេចថា អតីតប្រធានាធិបតីអាមេរិករូបនេះមិនស័ក្តិសមកាន់តំណែងនៅសេតវិមាននោះទេ ហើយបានហាមមិនឲ្យរូបលោកឈរឈ្មោះនៅក្នុងរដ្ឋនេះផងដែរសម្រាប់ការបោះឆ្នោតបឋមនៅក្នុងគណបក្សសាធារណរដ្ឋនាពេលមុខ ប៉ុន្តែរឿងក្ដីក្ដាំនេះកំពុងស្ថិតក្នុងដំណើរការវិនិច្ឆ័យនៅឡើយ ។

គួរបញ្ជាក់ថា ការសម្រេចរបស់តុលាការប្រចាំរដ្ឋ Colorado គឺអនុវត្តតែទៅលើការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋប្រចាំរដ្ឋនេះនៅថ្ងៃទី៥ ខែមីនា ប៉ុណ្ណោះ ខណៈការសម្រេចនេះក៏ត្រូវបានគេមើលឃើញដែរថា អាចនឹងប៉ះពាល់ដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ឆ្នាំ២០២៤ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិចោទ យោធា មីយ៉ាន់ម៉ា ប្រើគ្រាប់បែកចង្កោម សម្លាប់ជនស៊ីវិលមិនរើសមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម