ព័ត៌មានអន្ដរជាតិ
វេទិកាសេដ្ឋកិច្ចពិភពលោកបើកកិច្ចប្រជុំនៅថ្ងៃនេះ ខណៈបញ្ហាក្ដៅចំនួន ៤ នឹងដាក់លើតុពិភាក្សា
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងឆ្នាំ ២០២៤ នេះនឹងបើកកិច្ចប្រជុំក្នុងទីក្រុង Davos ប្រទេសស្វីសនៅថ្ងៃចន្ទ ទី១៥ ខែមករានេះតទៅ ខណៈបញ្ហាក្ដៅចំនួន ៤ ដែលនឹងលើកយកមកដាក់លើតុពិភាក្សារួមមាន ភ្លើងសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា, ការព្យាករណ៍សេដ្ឋកិច្ចសកល និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។

ថ្នាក់ដឹកនាំជាង ២,៨០០ រូបមកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយប្រមាណជា ១២០ ប្រទេស នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរយៈពេល ៥ ថ្ងៃរហូតដល់ថ្ងៃសុក្រ ទី១៩ ខែមករា ខណៈអ្នករៀបចំកម្មវិធីលើកឡើងថា កិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ នៅរដូវរងានេះនឹងផ្ដោតលើកិច្ចពិភាក្សាជុំវិញមូលបទ “ការកសាងទំនុកចិត្តឡើងវិញ” ។
យោងតាមទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា អ្នកចូលរួមនឹងពិភាក្សាអំពីរបៀបដែលប្រទេសនានាគួរតែដោះស្រាយអំពីការបែកបាក់កាន់តែអាក្រក់ទៅនៅក្នុងពិភពលោក ពាក់ព័ន្ធទៅនឹងភ្លើងសង្គ្រាមរបស់រុស្ស៊ីមកលើអ៊ុយក្រែន ក៏ដូចជាស្តីពីស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺននៅមជ្ឈិមបូព៌ាផងដែរ ។

ទន្ទឹមនោះ ក្នុងចំណោមអ្នកចូលរួមទាំង ២,៨០០ នាក់នោះក៏មានថ្នាក់ដឹកនាំនយោបាយជាង ៦០ រូបផងដែរ រួមមានទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ខណៈលោកប្រធានាធិបតីអ៊ុយក្រែន រំពឹងនឹងថ្លែងសុន្ទរកថានៅថ្ងៃអង្គារ ទី១៦ ខែមករា ដើម្បីអំពាវនាវឲ្យមានកិច្ចគាំទ្រកាន់តែខ្លាំងក្លាជាមុនសម្រាប់ជួយជ្រោមជ្រែងប្រទេសរបស់គាត់ ។
ចំណែកសម្រាប់បច្ចេកវិទ្យា AI វិញ អ្នកចូលរួមទាំងអស់នឹងពិភាក្សាអំពីរបៀបប្រើប្រាស់ ក៏ដូចជាគ្រប់គ្រងហានិភ័យនៃបច្ចេកវិទ្យាមួយនេះ ខណៈថ្នាក់ដឹកនាំទាំងនោះក៏ទំនងជានឹងផ្លាស់ប្តូរមតិយោបល់លើបញ្ហាអតិផរណាដែលកំពុងបន្តកើតមាន និងផលប៉ះពាល់លើសេដ្ឋកិច្ចពិភពលោកពីការដំឡើងអត្រាការប្រាក់ដែលជំរុញដោយធនាគារកណ្តាលរបស់ពិភពលោក ។

ទោះយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍កំពុងតាមដានយ៉ាងដិតដល់ថាតើកិច្ចប្រជុំនេះអាចរកផ្លូវដោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាផ្សេងៗដែលពិភពលោកកំពុងជួបប្រទះដែរឬទេ ព្រោះថាបញ្ហាការប្រែប្រួលអាកាសធាតុ និងបញ្ហាថាមពលក៏ផ្តោតសំខាន់ក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយនេះផងដែរ ។
គួរបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ ហើយ បន្ទាប់ពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លេចរូបរាងឡើងក្នុងឆ្នាំ ១៩៧១ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Klaus Schwab ជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចជនជាតិអាល្លឺម៉ងប្រចាំនៅសកលវិទ្យាល័យហ្សឺណែវ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ត្រួសៗពី “វេទិកាសេដ្ឋកិច្ចពិភពលោក” ដែលនឹងមានវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


