ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការវាយប្រហារសងសឹក លើគោលដៅ មានទំនាក់ទំនងជាមួយ អ៊ីរ៉ង់
តាមសេចក្តីរាយការណ៍របស់ Reuters, សហរដ្ឋអាមេរិក បានបើកការវាយប្រហារផ្លូវអាកាសសងសឹកហើយ កាលពីថ្ងៃសុក្រទី២ខែកុម្ភៈ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទៅលើគោលដៅចំនួន៨៥ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តអ៊ីរ៉ង់ និងកងជីវពលដែលពួកគេគាំទ្រ។

នេះជាដំណាក់កាលដំបូង នៃប្រតិបត្តិការសងសឹករបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលដ្រូនរបស់អ៊ីរ៉ង់ បាញ់សម្លាប់ទាហានអាមេរិក៣នាក់ និងរបួសជាង៤០នាក់ នៅមូលដ្ឋាន Tower 22 ក្នុងប្រទេសហ្ស៊កដានី។
ថ្វីបើការសងសឹករបស់អាមេរិក មិនបានកំណត់គោលដៅលើទីតាំងណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែទង្វើនេះ បង្កជាក្តីព្រួយបារម្ភបង្កើនភាពតានតឹងកាន់តែខ្លាំង នៅតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ដែលអូសបន្លាយពេលជាង៣ខែមកហើយ។

យោធាអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះ បានវាយប្រហារគោលដៅនានារួមមាន មជ្ឈមណ្ឌលបញ្ជាការ ឃ្លាំងរ៉ុកកែត មីស៊ីល និងដ្រូន ក៏ដូចជាទីតាំងដឹកជញ្ជូន និងបណ្តាញផ្គត់ផ្គង់គ្រាប់បែកផងដែរនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយការវាយប្រហារ អ្នកនាំពាក្យយោធាអ៊ីរ៉ាក់ លោក Yahya Rasool បានចេញមុខប្រតិកម្មភ្លាមៗថា “ការវាយប្រហារតាមអាកាសទាំងនេះ គឺជាការរំលោភលើអធិបតេយ្យរបស់អ៊ីរ៉ាក់ ហើយបង្កការគំរាមកំហែង ដែលអាចនាំអ៊ីរ៉ាក់ និងតំបន់ទាំងមូល ឲ្យជួបផលវិបាកធ្ងន់ធ្ងរ”។

ការវាយប្រហារនេះកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីលោក បៃដិន ជួបជាមួយក្រុមគ្រួសារនៃកងទ័ពទាំងបីនាក់ដែលត្រូវសម្លាប់ មានឈ្មោះ William Jerome Rivers, Kennedy Sanders និង Breonna Moffett ខណៈលោកនិងភរិយា បានទៅមូលដ្ឋានទ័ពអាកាស Dover ក្នុងរដ្ឋ Delaware ដើម្បីគោរពដល់ទាហានក្នុងពេលសពដឹកមកដល់ប្រទេសវិញ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងប្រធានអគ្គសេនាធិការចម្រុះ លោក CQ Brown ក៏បានចូលរួមផងដែរ។
សូមបញ្ជាក់ថា Tower 22 នៅភាគឦសានប្រទេសហ្ស៊កដានី គឺជាទីបញ្ជាការកណ្តាលអាមេរិក ដែលរៀបចំប្រតិបត្តិការកម្ចាត់ក្រុមរដ្ឋឥស្លាម ហើយមានទ័ពអាមេរិកប្រមាណ៣៥០នាក់ ឈរជើងនៅទីនោះ។ ក្នុងចំណោមទាហានរបួសជាង៤០នាក់, មាន៣៤នាក់ ដែលក្រុមមន្ត្រីវាយតម្លៃថា អាចមានរបួសខួរក្បាលធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក អនុម័តផែនការ សងសឹកអ៊ីរ៉ង់ នៅអ៊ីរ៉ាក់ និងស៊ីរី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


