ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យ កូរ៉េខាងត្បូង ធ្វើបាតុកម្មតវ៉ាចំពោះផែនការដាក់បញ្ចូលវេជ្ជបណ្ឌិតបន្ថែមទៀត
រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាឲ្យគ្រូពេទ្យវ័យក្មេងជាង ១,០០០ នាក់ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីមានការដើរចេញដើម្បីធ្វើការតវ៉ាចំពោះផែនការបង្កើនចំនួនគ្រូពេទ្យបន្ថែមទៀត ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី២០ ខែកុម្ភៈនេះ ។

អ្នកជំងឺ និងមន្ត្រីសុខាភិបាលនៅថ្ងៃអង្គារនេះមានការព្រួយបារម្ភជាពន់ពេក ខណៈដែលមានរបាយការណ៍ថា គ្រូពេទ្យចំនួន ១,៦៣០ នាក់មិនបានបង្ហាញវត្តមាននៅកន្លែងធ្វើការ ចំពេលមានក្រុមគ្រូពេទ្យធំជាង ៦,៤១៥ នាក់បានដាក់ពាក្យលាលែងពីការងារ ។ គ្រូពេទ្យវ័យក្មេងបានក្លាយជាបុគ្គលិកសំខាន់នៅក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់ ខណៈមន្ទីរពេទ្យធំជាងគេក្នុងទីក្រុងសេអ៊ូលរងផលប៉ះពាល់ជាងគេ ។

យោងតាមសាស្ត្រាចារ្យ Soonman Kwon អ្នកជំនាញផ្នែកសុខភាពសាធារណៈនៅសាកលវិទ្យាល័យជាតិសេអ៊ូលបាននិយាយថា គ្រូពេទ្យកាន់តែច្រើននឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ជាពិសេសគឺការកាត់ប្រាក់ចំណូលរបស់ពូកគេតែម្ដង នោះហើយជាមូលហេតុដែលពួកគេប្រឆាំងនឹងសំណើបង្កើនគ្រូពេទ្យ ។
កូរ៉េខាងត្បូងស្ថិតនៅក្នុងចំណោមប្រទេសដែលមានគ្រូពេទ្យទទួលបានប្រាក់ខែល្អបំផុតនៅក្នុងពិភពលោក ។ យោងតាមទិន្នន័យ OECD ឆ្នាំ២០២២ ជាមធ្យមនៅវេជ្ជបណ្ឌិតមន្ទីរពេទ្យរដ្ឋទទួលបានជិត ២០ ម៉ឺនដុល្លារក្នុងមួយឆ្នាំលើសពីប្រាក់ខែមន្ត្រីរដ្ឋមួយចំនួនទៅទៀត ។

អនុរដ្ឋមន្ត្រីសុខាភិបាលលោក Park Min-soo បានប្រាប់អ្នកយកព័ត៌មានកាលពីដើមសប្តាហ៍នេះថា លោកមានការខកចិត្តយ៉ាងខ្លាំងដែលគ្រូពេទ្យសិក្ខាកាមបដិសេធមិនធ្វើការ ។ លោកក៏បានព្រមានដែរថា រដ្ឋាភិបាលអាចនឹងប្រើមធ្យោបាយផ្លូវច្បាប់ដើម្បីយកគ្រូពេទ្យមកវិញនៅក្រោមច្បាប់វេជ្ជសាស្រ្តរបស់ប្រទេស ហើយអាជ្ញាធរក៏មានអំណាចក្នុងការដកហូតអាជ្ញាប័ណ្ណវិជ្ជាជីវៈរបស់វេជ្ជបណ្ឌិតផងដែរ ជុំវិញសកម្មភាពដែលគំរាមកំហែងដល់ប្រព័ន្ធថែទាំសុខភាព ។

ទន្ទឹមនោះ រដ្ឋាភិបាលក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រឆាំងរបស់គ្រូពេទ្យនេះដែរដោយនាយករដ្ឋមន្ត្រី Han Duck-soo បាននិយាយថា “នេះគឺជាអ្វីដែលយកជីវិត និងសុខភាពរបស់ប្រជាជនធ្វើជាចំណាប់ខ្មាំង” ខណៈរហូតមកដល់ពេលនេះ ទំហំនៃផលប៉ះពាល់នៃកូដកម្មនេះ មិនទាន់ច្បាស់នៅឡើយទេ បើទោះបីជាមន្ត្រីបានព្រមានថា អាចមានការពន្យាពេលដល់ការវះកាត់ និងចន្លោះប្រហោងក្នុងការថែទាំក៏ដោយ ។

គួរបញ្ជាក់ថា ការតវ៉ានេះគឺស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២០ នៅពេលដែលគ្រូពេទ្យវ័យក្មេងរហូតដល់ ៨០% បានចូលរួមកូដកម្មប្រឆាំងនឹងផែនការជ្រើសរើសរបស់រដ្ឋាភិបាល ខណៈអ្នកបង្កើតគោលនយោបាយកូរ៉េខាងត្បូងបានព្យាយាមអស់ជាច្រើនឆ្នាំដើម្បីបង្កើនចំនួនវេជ្ជបណ្ឌិត ដោយសារប្រទេសនេះកំពុងដោះស្រាយជាមួយនឹងចំនួនប្រជាជនមានវ័យកាន់តែចាស់ ហើយនឹងដាក់បន្ទុកបន្ថែមលើប្រព័ន្ធវេជ្ជសាស្ត្រដែលបង្កឲ្យមានការខ្វះខាតគ្រូពេទ្យចំនួន ១៥,០០០ នាក់នៅឆ្នាំ ២០៣៥ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


