ព័ត៌មានអន្ដរជាតិ
លោក Zelensky ធ្លោយមាត់ថា ថ្ងៃណាមួយ ស៊ុយអែត នឹងទះដៃអបអរ អ៊ុយក្រែន ចូលណាតូវិញម្ដង
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃសុក្របានសម្ដែងក្ដីអបអរសាទរចំពោះប្រទេសស៊ុយអែតដែលក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ ហើយលោកថែមទាំងធ្លោយមាត់និយាយទៀតថា ថ្ងៃណាមួយអ៊ុយក្រែនក៏នឹងចូលរួមជាមួយសម្ព័ន្ធយោធាមួយនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយវិទ្យុអឺរ៉ុបសេរី RFE កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ ។

លោក Zelensky ដែលក៏ឆ្លេឆ្លាស្វែងរកសមាជិកភាពក្នុងអង្គការណាតូផងដែរនោះបានបញ្ជាក់បន្ថែមថា “ស៊ុយអែតគឺជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងជាមិត្តភ័ក្រ្តបរទេសដែលអ៊ុយក្រែនអាចដាក់ចិត្តដាក់កាយជឿជាក់បាន ដូច្នេះថ្ងៃណាមួយស៊ុយអែតក៏នឹងអាចទះដៃអបអរសារទរដល់រដ្ឋាភិបាលទីក្រុងកៀវក្នុងការចូលរួមជាមួយសម្ព័ន្ធភាពមួយនេះដូចគ្នា” ។
ស៊ុយអែតបានក្លាយជាសមាជិកផ្លូវការទី ៣២ របស់អង្គការណាតូកាលពីថ្ងៃទី៧ ខែមីនា ពោលរយៈពេលជាង ២ ឆ្នាំ បន្ទាប់ពីរុស្ស៊ីប្រកាសបើកប្រតិបត្តិការសឹកពេញទីទៅលើប្រទេសអ៊ុយក្រែន ដែលជាដើមចមទាញឲ្យរដ្ឋាភិបាលទីក្រុងស្តុកខុល គិតហើយគិតទៀតនូវគោលនយោបាយការពារសន្តិសុខជាតិ និងបោះបង់ចោលជំហរអព្យាក្រឹតភាពយូរអង្វែងរបស់ខ្លួន ។

នាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson បានហុចឯកសារស្នើសុំចូលជាសមាជិកផ្លូវការដល់ក្រសួងការបរទេសអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលជាជំហានសម្រេចចុងក្រោយបង្អស់នៃដំណើរការឈ្មុសឈ្មុលអស់រយៈពេលជាច្រើនខែ ទើបទទួលបានការយល់ព្រមពីសមាជិកទាំងអស់ក្នុងការអនុញ្ញាតឲ្យប្រទេសរបស់លោកក្លាយជាសមាជិកពេញសិទ្ធិរបស់សម្ព័ន្ធភាពយោធាមួយនេះ ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា “ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រពិតប្រាកដ ។ ឥឡូវនេះស៊ុយអែតប្រែមុខមាត់ក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការណាតូហើយ ដូច្នេះយើងនឹងការពារសិទ្ធិសេរីភាពរួមគ្នាជាមួយប្រទេសដែលនៅជិតភូមិផងរបងយើងបំផុត ទាំងផ្នែកភូមិសាស្ត្រ វប្បធម៌ និងគុណតម្លៃ” ។

រំឭកទៅមហិច្ឆិតារបស់លោក Zelensky ដែលចង់នាំនាវាអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូនេះហើយ ទើបទាញឲ្យពលរដ្ឋប្រទេសមួយនេះរស់នៅក្រោមគ្រាប់ផ្លោងស្ទើររៀងរាលថ្ងៃ ពោលបើអ៊ុយក្រែនមានឈ្មោះជាសមាជិកផ្លូវការណាមួយរបស់ណាតូមែននោះ សម្ព័ន្ធភាពយោធាមួយនេះនឹងកាន់តែពង្រីកខ្លួនចូលកៀករុស្ស៊ី ជាពិសេសគឺអាមេរិកអាចនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសជាសមាជិកណាតូផ្សេងទៀតដែលជាប់ភូមិផងរបងជាមួយរុស្ស៊ី ដូចជានៅប៉ូឡូញជាដើម ដូច្នេះហើយទោះចង់ ឬមិនចង់ រុស្ស៊ីត្រូវតែវាយប្រហារកាក់ទុកជាមុន ។
គួរបញ្ជាក់ថា ស៊ុយអែតបានក្លាយជាសមាជិកថ្មីសន្លាងទី ៣២ របស់អង្គការណាតូ បន្ទាប់ពីហ្វាំងឡង់ដែលមានព្រំដែន ១,៣០០ គីឡូម៉ែត្រជាមួយរុស្ស៊ីបានចូលរួមជាមួយសម្ព័ន្ធភាពយោធាមួយនេះជាផ្លូវការកាលពីខែមេសា ឆ្នាំ ២០២៣ នាំឲ្យព្រំដែនណាតូជាមួយរុស្ស៊ីកើនឡើងទ្វេដង ហើយក៏កំពុងទាញឲ្យលោក Putin ក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំងផងដែរ បន្ទាប់ពីលោកខំរារាំងការពារមិនឲ្យអង្គការដឹកនាំដោយបងធំអាមេរិកមួយនេះពង្រីកខ្លួនមកកៀករុស្ស៊ីនោះឡើយ ៕
ដោយ ៖ សុខ ជីវ័ន្ត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


