Connect with us

ព័ត៌មានអន្ដរជាតិ

យោធា មីយ៉ាន់ម៉ា វាយបកទៅកងកម្លាំងជនជាតិភាគតិចនៅព្រំដែន ថៃ

បានផុស

នៅ

យោធាមីយ៉ាន់ម៉ាកំពុងធ្វើការវាយបកតបតវិញប្រឆាំងនឹងសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលវាយដណ្តើមបានទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយនៅជាប់ព្រំដែនជាមួយប្រទេសថៃកាលពីដើមខែនេះ ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី២២ ខែ​មេសានេះ ។

កងទ័ពរំដោះជាតិការ៉ែន (KNU) ដែលកំពុងព្រួតដៃគ្នាជាមួយក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីធ្វើការវាយប្រហារប្រឆាំងនឹងយោធារបស់រដ្ឋាភិបាល ​ប្រកាស​ថាបាន​ដណ្តើម​យក​ទីប្រជុំជន Myawaddy កាលពីថ្ងៃទី១២ ខែមេសា ប៉ុន្តែចាប់តាំងពីពេលនោះមក យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់យោធាក៏បានបើកការវាយប្រហារតាមអាកាសនៅជិតស្ពានតភ្ជាប់មីយ៉ាន់ម៉ា និងថៃផងដែរ ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការបាញ់ផ្លោងនេះបានធ្វើឲ្យជនស៊ីវិល ៥ នាក់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ ហើយយ៉ាងហោចណាស់មនុស្ស ១០ នាក់ផ្សេងទៀតត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃចន្ទ ។

ទន្ទឹមនឹងនេះដែរនៅក្នុងប្រទេសថៃ អាជ្ញាធរសុខាភិបាលនៅស្រុក Mae Sot បាននិយាយថា មនុស្សជាង ១០០ នាក់មកពីប្រទេសមីយ៉ាន់ម៉ាបានឆ្លងកាត់ព្រំដែនដើម្បីស្វែងរកការព្យាបាល ខណៈជាង ៥០ នាក់​ក្នុង​ចំណោម​ពួកគេ​ត្រូវ​បាន​បញ្ជូន​បន្តទៅ​មន្ទីរពេទ្យ ។

គួរបញ្ជាក់ថា ចាប់​តាំង​ពី​ការ​ដួល​រលំ​នៃទី​ក្រុង Myawaddy មកចំនួន​អ្នក​រត់​គេច​ពី​ការ​ប្រយុទ្ធ​គ្នា​បាន​កើន​ឡើងដល់ជាង ១,៦០០ នាក់ ពោលគិតត្រឹមថ្ងៃអាទិត្យសប្ដាហ៍មុន ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម