ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល វាយយកបានច្រកព្រំដែន Rafah ទាំងស្រុង
យោងតាមសេចក្តីប្រកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងចេញផ្សាយដោយ CNN បានឲ្យដឹងនៅថ្ងៃអង្គារទី៧ខែឧសភាថា កងទ័ពរបស់ខ្លួន បានបញ្ជូនកងរថក្រោះទៅវាយដណ្តើមការកាន់កាប់ច្រកព្រំដែន Rafah ស្ថិតនៅខាងតំបន់ហ្គាហ្សា បានទាំងស្រុងហើយ។

នេះគឺជាច្រកព្រំដែនតែមួយគត់ រវាងតំបន់ហ្គាហ្សានិងប្រទេសអេហ្ស៊ីប ហើយជាច្រកចូលដ៏សំខាន់សម្រាប់ជំនួយមនុស្សធម៌ ឆ្ពោះទៅកាន់តំបន់ប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។
មន្ត្រី IDF និយាយថា “ប្រតិបត្តិការយោធានៅច្រកឆ្លងកាត់កំពុងបន្ត។ យើងមានកម្លាំងពិសេសកំពុងគ្រប់គ្រងនិងត្រួតពិនិត្យការឆ្លងកាត់ ហើយនោះជាអ្វីដែលកំពុងកើតឡើងនៅច្រកព្រំដែន Rafah”។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីខាងលើបានបដិសេធ បញ្ជាក់ថាតើទាហានអ៊ីស្រាអែលនឹងគ្រប់គ្រងច្រកព្រំដែននោះ យូរប៉ុនណា។

ពាក់ព័ន្ធការវាយប្រហារនៅទីក្រុង Rafah នេះដែរ, កងទ័ពអ៊ីស្រាអែល អះអាងថា ខ្លួនបានសម្លាប់សកម្មប្រយុទ្ធហាម៉ាស ចំនួន២០នាក់ នាពេលរាត្រី នៅក្នុងប្រតិបត្តិការបោសសម្អាតភេរវករ ហើយថែមទាំងបញ្ជាក់ទៀតថា ច្រកព្រំដែន Rafah ត្រូវបានប្រើក្នុងគោលបំណងភេរវកម្ម។
រឿងនេះកើតឡើង ចំពេលក្រុមហាម៉ាស ប្រកាសយល់ព្រមលើបទឈប់បាញ់ដែលដាក់ចេញដោយអ្នកសម្រុះសម្រួលអេហ្ស៊ីបនិងកាតា។

មេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdul Rahman Al Thani និងរដ្ឋមន្ត្រីចារកម្មអេហ្ស៊ីប Abbas Kamel ដោយជូនដំណឹងដល់ថ្នាក់ដឹកនាំទាំងពីរ អំពីការឯកភាពរបស់ចលនាហាម៉ាស ចំពោះសំណើទាក់ទងនឹងកិច្ចព្រមព្រៀងឈប់បាញ់នេះ។
យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃសំណើខាងលើ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ប៉ុន្តែគេដឹងថា កន្លងមក ក្រុមហាម៉ាស បានទាមទារឲ្យមានបទឈប់បាញ់លក្ខណៈអចិន្ត្រៃយ៍ ហើយលក្ខខណ្ឌក៏រួមបញ្ចូលទាំងការតម្រូវឲ្យដកកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ប៉ាឡេស្ទីនផងដែរ។

ទោះបែបនេះក្តី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបដិសេធធានាចំពោះលក្ខខណ្ឌទាំងនេះ ដោយព្រមានកាលពីសប្តាហ៍មុនថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យក្រុមហាម៉ាស បន្តកាន់អំណាចនៅហ្គាហ្សាឡើយ។
សូមបញ្ជក់ជាថ្មី ក្រុមហាម៉ាស បានសម្រុកចូលវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សយ៉ាងតិច ១ ២០០ នាក់ និង ២៥០ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ជាការសងសឹក អ៊ីស្រាអែលក៏ផ្តើមវាយប្រហារតាមអាកាស និងជើងគោក ដោយសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៣៤ ៥៦៨ នាក់ ខណៈ ៧៧ ៧៦៥ នាក់ផ្សេងទៀតរងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល បើកការវាយលុកនៅ Rafah ហើយ ទោះក្រុមហាម៉ាស យល់ព្រមឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


