Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ព្រមាននឹងមិនឲ្យទ័ព បារាំង ដេកលក់ស្រួលឡើយ បើលោក Macron ហ៊ានដឹកទៅ អ៊ុយក្រែន

បានផុស

នៅ

រុស្ស៊ីបានចេញការព្រមានយ៉ាងចាស់ដៃមួយទៅកាន់លោកប្រធានាធិបតី Emmanuel Macron ថា ទាហានបារាំងនឹងមិនអាចដេកលក់ស្រួលឡើយ ប្រសិនបើរដ្ឋាភិបាលទីក្រុងប៉ារីសហ៊ានបញ្ជូនអ្នកចម្បាំងទាំងនោះមកជាន់ទឹកដីនៃប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាគឺការឆ្លើយតបរបស់រុស្ស៊ីទៅកាន់ប្រទេសបារាំងវិញ បន្ទាប់ពីលោក Macron កាលពីខែកុម្ភៈកន្លងទៅបានដុតបញ្ឆេះស្ថានការណ៍ឲ្យកាន់តែភាពវឹកវរ ពាក់ព័ន្ធនឹងវោហារសាស័ព្ទរបស់លោកដែលនៅតែក្រាញននៀលពីការដាក់ពង្រាយអ្នកចម្បាំងជើងគោកទៅកាន់ប្រទេសអ៊ុយក្រែននាពេលអនាគតដ៏ខ្លីខាងមុខ ជាពិសេសមេដឹកនាំរូបនេះថែមទាំងព្រលយពាក្យមួយទៀត ប្រសិនបើរុស្ស៊ីលើកទង់ជ័យនៅអ៊ុយក្រែនមែន ប្រាកដណាស់ថា ភាពជឿជាក់នៅអឺរ៉ុបនឹងធ្លាក់មកនៅត្រឹមសូន្យ ។

បន្ទាប់ពីការហារមាត់ស្ដីឥតញញើតនេះហើយ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា “វោហារសាសព្ទរបស់លោក Macron អំពីការដាក់កម្លាំងទ័ពនៅដីអ៊ុយក្រែន គឺជាយុទ្ធសាស្ត្របង្កើតភាពមិនប្រាកដប្រជាសម្រាប់ឲ្យប្រទេសរុស្ស៊ីរងបរាជ័យ” ។

លោក Maria Zakharova

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះលើកឡើងទៀតថា “ប្រសិនបើអ្នកចម្បាំងបារាំងបង្ហាញខ្លួននៅក្នុងតំបន់ជម្លោះ ពួកគេនឹងក្លាយទៅជាផ្ទាំងស៊ីបស្របច្បាប់ដោយចៀសមិនរួចសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ហើយរដ្ឋាភិបាលទីក្រុងប៉ារីសច្បាស់ណាស់ថាប្រហែលជាដឹងរឿងនេះហើយ” ។

ជាក់ស្ដែង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រុស្ស៊ីបានប្រកាសនឹងអនុវត្តការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាផ្នែកនៃសមយុទ្ធយោធា ក្រោយមានការសម្លុតគំរាមជាបន្តកន្ទុយពីសំណាក់ប្រទេសបារាំង ចក្រភពអង់គ្លេស និងបងធំសហរដ្ឋអាមេរិក ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ទំនាក់ទំនង​បារាំង​ និង​រុស្ស៊ី​កាន់តែ​ដាំក្បាលចុះក្រោម​ ដោយសារ​រដ្ឋាភិបាលទីក្រុង​ប៉ារីស​បាន​បង្កើនកិច្ចគាំទ្រ​ ក៏ដូចជាហុចអាវុធទៅឲ្យ​អ៊ុយក្រែន បើទោះបីជារុស្ស៊ីតែងគ្រហឹមជារឿយៗថានឹងចាត់ទុកកងទ័ពលោកខាងលិច និងប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយបរទេសនៅលើទឹកដីអ៊ុយក្រែន គឺជាគោលដៅកម្ទេចស្របច្បាប់ក៏ដោយ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymyr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Macron បញ្ជាក់ច្បាស់ៗថា បារាំង មិនចង់ប៉ះរលាកភ្លើងសង្គ្រាម​ជាមួយ រុស្ស៊ី ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម