Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ត្រៀមខ្លួន ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ចូលសមាជិក BRICS 

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Asia.Nikkei, រដ្ឋាភិបាលទីក្រុងបាងកក បានប្រកាសកាលពីថ្ងៃអង្គារទី២៨ខែឧសភាថា ខ្លួននឹងដាក់ពាក្យចូលជាសមាជិក BRICS ដោយនឹងធ្វើឲ្យថៃ ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលក្លាយជាសមាជិកនៃប្លុកសេដ្ឋកិច្ចនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Bitcoin.com)

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈរដ្ឋមន្ត្រី បានអនុម័តលិខិតផ្លូវការរួចហើយ ដែលបង្ហាញពីចេតនារបស់ប្រទេសថៃ ក្នុងការចូលរួមជាមួយប្លុកនេះ។

យោងតាមលោក Chai, លិខិតនោះមានខ្លឹមសារថា ប្រទេសថៃ យល់ពីសារៈសំខាន់នៃពហុភាគីនិយម និងតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសកំពុងអភិវឌ្ឍ ក្នុងកិច្ចការអន្តរជាតិ។ ចក្ខុវិស័យរបស់ប្រទេសថៃសម្រាប់អនាគត គឺស្របតាមគោលការណ៍ BRICS ហើយការចូលជាសមាជិក នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសនេះ ក្នុងមធ្យោបាយជាច្រើន រួមទាំងការពង្រឹងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិនិងផ្តល់ឱកាសដើម្បីចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke (រូបថត៖ Pattaya Mail)

ស្របពេលជាមួយគ្នានោះ លោក Chai អះអាងថា ការចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS ដែលគ្រោងធ្វើនៅចុងខែតុលា នាទីក្រុង Kazan នៃប្រទេសរុស្ស៊ី នឹងក្លាយជាឱកាសមួយសម្រាប់ប្រទេសថៃ ក្នុងការពន្លឿនដំណើរការដាក់ពាក្យនេះ។

សូមបញ្ជាក់ថា ជាមួយសមាជិកដំបូងមានត្រឹមប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូងនោះ, BRICS ក៏បានបន្ថែមអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួមឲ្យចូលជាសមាជិកនៅដើមឆ្នាំ ២០២៤។ 

(រូបថត៖ AFP)

ចាប់តាំងពីពេលនោះមក ប្រទេសចំនួន១៥ទៀត បង្ហាញចំណាប់អារម្មណ៍ចូលជាមួយប្លុកនេះក្នុងនោះក៏រួមមានទាំងបារ៉ែន បេឡារុស គុយបា កាហ្សាក់ស្ថាន ប៉ាគីស្ថាន សេណេហ្គាល់ និងវេណេស៊ុយអេឡាផងដែរ។

BRICS បានរួមចំណែកប្រហែល ៣០%នៃសេដ្ឋកិច្ចពិភពលោក និងមានចំនួនប្រជាជនប្រហែល ៣.៥ពាន់លាននាក់ ឬស្មើនឹង ៤៥% នៃចំនួនប្រជាជនសរុបរបស់ពិភពលោក។ ប្លុកនេះក៏មានជាង៤០% នៃផលិតកម្មប្រេងរបស់ពិភពលោកផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ស្តេចប្រេងអាស៊ី ចូលរួមក្នុងក្រុម BRICS ជាផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម