ព័ត៌មានអន្ដរជាតិ
ដឹងកូរ៉េខាងជើង ដឹកអាវុធឲ្យរុស្ស៊ី ប៉ុន្មានកុងតឺន័រហើយ ដើម្បីយកទៅច្បាំងនៅអ៊ុយក្រែន?
ខណៈសង្គ្រាមអូសបន្លាយមិនដឹងថ្ងៃណាអាចបញ្ចប់ រុស្ស៊ីកំពុងមានតម្រូវការសព្វាវុធជាច្រើនបន្តបន្ទាប់ទៀត ដើម្បីយកទៅធ្វើសឹកសង្គ្រាមនៅអ៊ុយក្រែន ហើយមួយនៅក្នុងចំណោមអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់ក្រុងមូស្គូ គឺប្រទេសកូរ៉េខាងជើង។ បើតាមរបាយការណ៍របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុងព្យុងយ៉ាងបាននិងកំពុងដឹកសព្វាវុធឲ្យរុស្ស៊ីក្នុងចំនួនមិនតិចនោះទេ ដោយយ៉ាងហោចណាស់ក៏មាន ១ម៉ឺនកុងតឺន័រដែរ។

អាមេរិក បានចោទប្រកាន់កូរ៉េខាងជើង ជាលើកដំបូង ថាបានចាប់ផ្ដើមលក់អាវុធឲ្យរុស្ស៊ី តាំងពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ពោលគឺរយៈពេល៧ខែបន្ទាប់ពីផ្ទុះមានសង្គ្រាមនៅអ៊ុយក្រែន។ យ៉ាងណាមិញ នៅកាលណោះកូរ៉េខាងជើងបានបដិសេធមិនទទួលស្គាល់នោះឡើយ។
បន្ទាប់មកនៅចុងខែសីហា ឆ្នាំ២០២៣ សេតវិមានបានព្រមានលោក វ៉្លាឌឺមៀ ពូទីន មេដឹកនាំរុស្ស៊ី និងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដោយចោទថា អ្នកទាំង២បានលួចចរចារឿងផ្គត់ផ្គង់អាវុធដោយសម្ងាត់។ រួចមកនៅក្នុងខែកញ្ញា លោក គីម ជុងអ៊ុន ក៏បានទៅធ្វើទស្សនកិច្ចនៅតំបន់ភាគកើតប្រទេសរុស្ស៊ី ហើយប៉ុន្មានសប្ដាហ៍បន្ទាប់ មន្ត្រីអាមេរិក ក៏បានប្រកាសថា កូរ៉េខាងជើងបានលួចដឹកអាវុធជាង ១០០០កុងតឺន័រឲ្យទៅរដ្ឋាភិបាលក្រុងមូស្គូ សម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាម។ លុះមកដល់ខែមីនា ឆ្នាំ២០២៤ អាមេរិកបានបញ្ជាក់ថា អាវុធដែលកូរ៉េខាងជើងលួចដឹកឲ្យទៅរុស្ស៊ី មានជិត៧០០០កុងតឺន័រហើយ។

ចំណែកឯកូរ៉េខាងត្បូងវិញ បានរៀបរាប់ថា អាវុធដែលកូរ៉េខាងជើង ដឹកទៅរុស្ស៊ី អាចជាប្រភេទគ្រាប់កាំភ្លើងធំប្រវែង ១៥២មិល្លីម៉ែត្រ ក្នុងចំនួន ៣លានគ្រាប់ ឬក៏ជាប្រភេទគ្រាប់រ៉ុក្កែតប្រវែង ១២២មិល្លីម៉ែត្រ ក្នុងចំនួនច្រើនជាង ៥០ម៉ឺនគ្រាប់។ លោក Shin Wok-sik រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានធ្វើការប៉ាន់ស្មានកាលពីពេលថ្មីៗនេះថា ចំនួនអាវុធដែលដោះដូររវាងក្រុងព្យុងយ៉ាង និងក្រុងមូស្គូ បានកើនឡើងដល់ខ្ទង់ ១ម៉ឺនកុងតឺន័រហើយ។ បន្ថែមពីនេះ កូរ៉េខាងត្បូង ថា អាវុធដែលដោះដូរ អាចមានដូចជា មីស៊ីលប្រឆាំងរថក្រោះ មីស៊ីលបាញ់ទៅអាកាស កាំភ្លើងធំ កាំភ្លើងវែង ប្រព័ន្ធបាញ់រ៉ុក្កែត និងគ្រាប់កាំភ្លើងធំ ជាដើម។
កាលពីខែមករា ដើមឆ្នាំ២០២៤ សេតវិមាន បានឲ្យដឹងថា រុស្ស៊ីចាប់ផ្ដើមប្រើប្រាស់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីប្រភេទ Hwasong-11A វាយប្រហារលើអ៊ុយក្រែន ដែលគ្រឿងសព្វាវុធប្រភេទនេះត្រូវបានផលិតដោយកូរ៉េខាងជើង។
សូមបញ្ជាក់ថា បើទោះជាមានការចោទប្រកាន់ជាច្រើនហូរហែយ៉ាងណាក៏ដោយ ក៏សម្ព័ន្ធមិត្តទាំង២ បានបដិសេធមិនព្រមទទួលស្គាល់ការដោះដូរគ្រឿងសព្វាវុធទាំងអស់នេះឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


