Connect with us

ព័ត៌មានអន្ដរជាតិ

គ្រឿងស្រវឹង សម្លាប់មនុស្ស ជាង២លាននាក់ ទូទាំងពិភពលោក មួយឆ្នាំៗ

បានផុស

នៅ

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ចេញផ្សាយកាលពីថ្ងៃអង្គារទី២៥ខែមិថុនាឆ្នាំ២០២៤, គ្រឿងស្រវឹង បានសម្លាប់មនុស្ស ២.៦លាននាក់ជារៀងរាល់ឆ្នាំ ភាគច្រើនជាមនុស្សប្រុស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ UNSPLASH)

របាយការណ៍ស្តីពីគ្រឿងស្រវឹងនិងសុខភាពនេះបង្ហាញថា គិតជាមធ្យម គ្រឿងស្រវឹងបណ្តាលឲ្យមនុស្ស ជិតម្នាក់ក្នុងចំណោម២០នាក់នៅទូទាំងពិភពលោក បាត់បង់ជីវិតក្នុងមួយឆ្នាំៗ ហើយវាមិនមែនសំដៅតែលើការផឹកគ្រឿងស្រវឹងដល់ស្លាប់ទេ ពោលគឺគេគិតលើកត្តាមរណភាពដែលពាក់ព័ន្ធនឹងគ្រឿងស្រវឹងដូចជាការបើកបរក្នុងស្ថានភាពស្រវឹង ប្រើអំពើហិង្សា ការរំលោភបំពាននិងជំងឺបណ្តាលមកពីស្រាជាដើម។

ពាក់ព័ន្ធបញ្ហានេះ ប្រមុខ WHO លោក Tedros Adhanom Ghebreyesus គូសបញ្ជាក់ថា “ការប្រើប្រាស់សារធាតុប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពបុគ្គលនេះ គឺបានបង្កើនហានិភ័យកើតជំងឺរ៉ាំរ៉ៃ ស្ថានភាពសុខភាពផ្លូវចិត្តចុះខ្សោយ និងក្លាយជាសោកនាដកម្មដែលបណ្តាលឲ្យមានអ្នកស្លាប់រាប់លាននាក់ក្នុងមួយឆ្នាំៗ”។

ប្រមុខ WHO លោក Tedros Adhanom Ghebreyesus (រូបថត៖ Pudhari)

ការផឹកស្រា ត្រូវបានផ្សារភ្ជាប់ទៅនឹងស្ថានភាពសុខភាពមួយចំនួន ដូចជាជំងឺក្រិនថ្លើម និងមហារីកជាដើម។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ក្នុងរបាយការណ៍ឆ្នាំ២០១៩ខាងលើ រកឃើញថា មនុស្សប្រមាណ១.៦លាននាក់ គឺបាត់បង់ជីវិតដោយសារជំងឺ។ ក្នុងនោះមាន ៤៧៤ ០០០នាក់ស្លាប់ដោយសារជំងឺដាច់សរសៃឈាមបេះដូង,  ៤០១ ០០០នាក់ដោយសារជំងឺមហារីក និង៧២៤ ០០០នាក់ស្លាប់ដោយសាររបួសព្រោះគ្រោះថ្នាក់ចរាចរណ៍។

ដោយឡែក តាមការប៉ាន់ស្មាន មានមនុស្ស២០៩លាននាក់ទូទាំងពិភពលោក ញៀននឹងការផឹកស្រាក្នុងឆ្នាំ ២០១៩ ពោលគឺស្មើនឹង ៣.៧% នៃចំនួនប្រជាជនសរុបជាសកល ដោយអឺរ៉ុបជាតំបន់មានមនុស្សផឹកស្រាក្នុងកម្រិតខ្ពស់ជាងគេ ពោលគឺម្នាក់ផឹកអស់ ៩.២លីត្រ បន្ទាប់មកគឺអាមេរិក ដែលម្នាក់ផឹក៧.៥លីត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្ត្រី ប្រាប់ទៅអាជ្ញាធរឱ្យរឹតបន្តឹងការផ្សាយគ្រឿងស្រវឹងលើផ្ទាំងប៉ាណូតាមទីសាធារណៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម