Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូ បញ្ជាក់លក្ខខណ្ឌតែមួយគត់ ដែលអ៊ុយក្រែន អាចចូលជាសមាជិកបាន

បានផុស

នៅ

ក្នុងបទសម្ភាសជាមួយ CBS News កាលពីថ្ងៃអាទិត្យទី៧ខែកក្កដាឆ្នាំ២០២៤ ប្រមុខអង្គការណាតូ បានបញ្ជាក់យ៉ាងច្បាស់អំពីលក្ខខណ្ឌតែមួយគត់ ដែលអ៊ុយក្រែន អាចចូលជាសមាជិករបស់ខ្លួនបាន នោះគឺ លុះត្រាតែកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ឈ្នះសង្គ្រាមលើរុស្ស៊ី សិន។

លោក Jens Stoltenberg ដែលនឹងត្រូវចុះចេញពីតំណែងនៅខែតុលាខាងមុខនេះ បាននិយាយថា គ្មាននរណាអាចធានាថា ១០ទៀតអ៊ុយក្រែន នឹងចូលអង្គការណាតូបានឡើយ ហើយសមាជិកភាពរបស់ទីក្រុងកៀវ គឺអាស្រ័យលើសង្គ្រាមជាមួយរុស្ស៊ីនេះឯង។

បុរសសញ្ជាតិន័រវេសវ័យ៦៥ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា បញ្ហានាំអ៊ុយក្រែនចូលណាតូ គឺជាបញ្ហារសើបបំផុត។ វាមិនអាចកើតឡើងបានត្រឹមរយៈពេល៣ឆ្នាំទៀតនោះទេ ព្រោះថា ឥឡូវអ៊ុយក្រែន គឺជាប្រទេសដែលកំពុងមានសង្គ្រាម។ យ៉ាងណា រឿងសំខាន់ពេលនេះ គឺសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក ត្រូវតែបង្កើនការផ្តល់ជំនួយដល់អ៊ុយក្រែន តាមដែលអាចធ្វើទៅបាន។

សូមបញ្ជាក់ថា ដើមឡើយ សមាជិក​ណាតូទាំងអស់ ​បាន​ព្រមព្រៀង​គ្នា ឲ្យអ៊ុយក្រែន​ ​ចូល​រួម​ក្នុង​ប្លុក​នេះ​នៅ​ឆ្នាំ២០០៨ ប៉ុន្តែ​មិន​បាន​ផ្តល់​ពេលវេលា​ជាក់លាក់​ទេ។ ក្រោយរដ្ឋប្រហារនៅទីក្រុងកៀវក្នុងឆ្នាំ២០១៤ អ៊ុយក្រែនក៏ប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះគោលដៅនៃការទទួលបានសមាជិកភាពនេះ ហើយនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ ខ្លួនបានដាក់ពាក្យជាផ្លូវការដើម្បីចូលណាតូ បន្ទាប់ពីតំបន់ចំនួន៤ បានបោះឆ្នោតប្រជាមតិ ក្លាយជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូតែងចាត់ទុកការពង្រីករបស់ណាតូឆ្ពោះទៅព្រំដែនរបស់ខ្លួន គឺជាការគំរាមកំហែងអត្ថិភាព ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់ថា ចេតនារបស់អ៊ុយក្រែនចូលរួមប្លុកនេះ គឺជាហេតុផលសំខាន់មួយ នាំឲ្យសង្គ្រាមផ្ទុះឡើង ហើយមានតែអព្យាក្រឹតភាពរបស់ទីក្រុងកៀវប៉ុណ្ណោះ ទើបរុស្ស៊ី-អ៊ុយក្រែន មានសន្តិភាព៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេណាតូថ្មី ជាអ្នកចាត់ទុករុស្ស៊ី ជាសត្រូវ ក្នុងកែវភ្នែក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម