ព័ត៌មានអន្ដរជាតិ
មេដឹកនាំកូរ៉េខាងជើង បញ្ជូនយុវជន៣០ម៉ឺននាក់ទៅជួយក្នុងតំបន់ទឹកជំនន់
យុវជនកូរ៉េខាងជើងរាប់សិបម៉ឺននាក់ នឹងត្រូវបញ្ជូនទៅរស់នៅ និងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់គ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នៅតាមព្រំដែនជាប់ជាមួយប្រទេសចិន ដែលនេះគឺជាផ្នែកមួយនៃយុទ្ធនាការរបស់លោក គីម ជុងអ៊ុន ដើម្បីបណ្តុះការស្ដាប់ឱវាទរបស់យុវជនចំពោះខ្លួនតាមរយៈការប្រឹងប្រែងបញ្ចេញកម្លាំងពលកម្មជួយជាតិ។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា កងកម្លាំងដែលត្រៀមបញ្ជូនទៅនេះ ត្រូវគេឲ្យឈ្មោះថា «Paektusan Hero Youth Shock Brigade» ហើយត្រូវធ្វើដំណើរទៅកាន់តំបន់ Sinuiju និងតំបន់ Uiju នៃខេត្ត North Phyongan។ មេដឹកនាំកូរ៉េខាងជើង បាននិយាយថា គម្រោងស្ដារឡើងវិញនេះ នឹងក្លាយជា «យុទ្ធនាការសាងសង់បដិវត្តន៍ដ៏ធំសម្បើមមួយសម្រាប់ផ្តល់នូវការលើកមុខមាត់យ៉ាងពេញលេញ» ដល់តំបន់ដែលរងគ្រោះព្រោះគ្រោះមហន្តរាយនៅក្នុងតំបន់អាងស្តុកទឹកទន្លេ Amnok។
ពេលចុះទៅតំបន់រងគ្រោះកាលពីសប្ដាហ៍មុន លោក គីម បានបញ្ជាឲ្យយុវជនកងពលតូច ទាហាន និងសមាជិកបក្ស សាងសង់ផ្ទះសម្បែងថ្មីចំនួន ៤៤០០ខ្នង ក្រោយទឹកជំនន់បានបំផ្លិចបំផ្លាញផ្ទះប្រជាជនអស់ចំនួន ៤១០០ខ្នង និងដីកសិកម្មទំហំ ៣០០០ហិកតា កាលពីចុងខែកក្កដា។
លោក គីម បានអះអាងថា យុវជនជិត៣០ម៉ឺននាក់បាន «ស្ម័គ្រចិត្ត» សម្រាប់គម្រោងនេះតាមបញ្ជារបស់លោក ដោយនិយាយថាពួកគេត្រូវបានលើកទឹកចិត្តដោយសេចក្ដីស្នេហាជាតិ ការលះបង់ក្នុងការលើកកម្ពស់សង្គមនិយម និងការយល់ដឹងពី «ការតស៊ូដើម្បីទប់ទល់ឧបសគ្គដែលរារាំងការឈានទៅមុខរបស់ពួកគេ»។ លោក គីម បានបន្ថែមថា៖ «ការសាទរក្នុងការស្ម័គ្រចិត្តបែបនេះមិនអាចប្រទះឃើញនៅក្នុងប្រទេសផ្សេងទៀតទេ» ដោយបន្ថែមថាលោកចង់និយាយទៅកាន់ពិភពលោកដោយមោទកភាពដែលប្រទេសលោកមានយុវជនដ៏អស្ចារ្យបែបនេះ។
កាលពីដើមឆ្នាំ២០២៣ មេដឹកនាំកូរ៉េខាងជើង ធ្លាប់ប្រើប្រាស់យុវជនជាង ១០ម៉ឺននាក់ «គ្មានបទពិសោធន៍» ឲ្យទៅសាងសង់អគារកម្ពស់៨០ជាន់ និងអគារមួយចំនួនទៀតនៅរដ្ឋធានីព្យុងយ៉ាង។ កាលណោះ លោក គីម បានបញ្ជាក់ថា ការធ្វើឲ្យយុវជនទាំងនោះឆ្លងកាត់ «ការលំបាក» នឹងជួយពួកគេ «ត្រៀមខ្លួនកាន់តែរឹងមាំក្នុងនាមជាអ្នកស្នងបដិវត្តន៍»។ បើតាមសេចក្ដីរាយការណ៍ យុវជនកូរ៉េខាងជើងទាំងនោះ បានបញ្ចប់គម្រោងដ៏ធំនេះ នៅក្នុងខែឧសភាឆ្នាំ២០២៤ បន្ទាប់ពីបានរស់នៅក្នុងការដ្ឋានសំណង់ ហើយធ្វើការទាំងយប់ទាំងថ្ងៃអស់រយៈពេល១៥ខែ។
សូមបញ្ជាក់ថា ក្រៅតែពីខេត្ត North Phyongan ក៏ធ្លាប់មានសេចក្ដីរាយការណ៍ថា ខេត្ត២ផ្សេងទៀតនៅកូរ៉េខាងជើងក៏រងការខូចខាតព្រោះទឹកជំនន់ផងដែរ។ ខេត្តទាំង២ មានដូចជា ខេត្ត Jagang និងខេត្ត Ryanggang ហើយលោក គីម កាលពីថ្ងៃទី២៧ខែកក្កដាបានបញ្ជូនក្រុមយោធាទៅជួយ តែមិនមែនជាក្រុមយុវជនវ័យក្មេងនោះទេ ដោយហេតុថា នៅក្នុងខេត្ត Jagang សម្បូរទៅដោយរោងចក្រផលិតសព្វាវុធសំខាន់ៗរបស់កូរ៉េខាងជើង៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


