ព័ត៌មានអន្ដរជាតិ
ការវាយប្រហារដោយដ្រូនសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់សិបនាក់ ពេលប៉ងភៀសខ្លួន
មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក(ដ្រូន) បានសម្លាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាច្រើននាក់ដែលភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ខណៈអ្នកនៅរស់រានមានជីវិតមិនអាចកំណត់អត្តសញ្ញាណសាច់ញាតិរបស់ពួកគេដែលបានបាត់បង់ជីវិតក្នុងគំនរសាកសពដ៏ច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមការដកស្រង់សម្ដីសាក្សីបួននាក់ សកម្មជន និងអ្នកការទូតម្នាក់ ពួកគេបានពណ៌នាការវាយប្រហារដោយដ្រូនកាលពីថ្ងៃចន្ទទៅលើក្រុមគ្រួសារដែលកំពុងរង់ចាំឆ្លងព្រំដែនចូលទៅក្នុងប្រទេសបង់ក្លាដែស។ ក្នុងនោះមានស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ និងកូនស្រីអាយុ២ឆ្នាំរបស់នាង ស្ថិតក្នុងចំណោមជនរងគ្រោះក្នុងការវាយប្រហារដ៏សាហាវនេះ។ ហេតុការណ៍នេះជាការវាយប្រហារដ៏សាហាវបំផុតតែមួយគត់លើជនស៊ីវិលក្នុងរដ្ឋរ៉ាឃីន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នៃការប្រយុទ្ធគ្នារវាងកងទ័ពរបស់របបយោធាមីយ៉ាន់ម៉ា និងក្រុមតស៊ូប្រឆាំងរបបយោធា។
ទីភ្នាក់ងារ Reuters បានរាយការណ៍ថា កងទ័ព អារ៉ាកាន(Arakan) បានបដិសេធចំពោះការវាយប្រហារនេះ ខណៈកងជីវពល និងយោធាមីយ៉ាន់ម៉ា បានស្តីបន្ទោសគ្នាទៅវិញទៅមក។ Reuters មិនអាចផ្ទៀងផ្ទាត់ថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់នៅក្នុងការវាយប្រហារនោះទេ តែយ៉ាងណាវីដេអូដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីគំនរសាកសពរដូករណែលលើដីភក់ វ៉ាលី និងកាបូបស្ពាយរបស់ពួកគេបានរាយប៉ាយនៅជុំវិញសាកសព។ អ្នកនៅរស់រានមានជីវិតចំនួន៣នាក់បាននិយាយថា មនុស្សជាង២០០នាក់បានស្លាប់ ខណៈអ្នកផ្សេងក្នុងកន្លែងកើតហេតុថាបានឃើញសាកសពយ៉ាងហោចណាស់៧០នាក់។

លើសពីនេះ យោងតាមសាក្សីពីរនាក់និងប្រព័ន្ធផ្សព្វផ្សាយបង់ក្លាដែសបានឱ្យដឹងថា ទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលជាសមាជិកនៃជនជាតិភាគតិចមូស្លីម ដែលប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏បានលិចនៅក្នុងទន្លេ Naf កាលពីថ្ងៃចន្ទស្លាប់មនុស្សរាប់សិបនាក់ថែមទៀតផងដែរ។
ជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានគេធ្វើទុក្ខបុកម្នេញជាយូរមកហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកាន់សាសនាព្រះពុទ្ធភាគច្រើន។ ពួកគេជាង ៧៣ម៉ឺននាក់បានភៀសខ្លួនចេញពីប្រទេសនេះក្នុងឆ្នាំ២០១៧ បន្ទាប់ពីការបង្ក្រាបដែលដឹកនាំដោយយោធាដែលអង្គការសហប្រជាជាតិថ្កោលទោសថាមានចេតនាប្រល័យពូជសាសន៍។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំ២០២១ ហើយការតវ៉ាទ្រង់ទ្រាយធំបានវិវត្តទៅជាការតស៊ូប្រដាប់អាវុធយ៉ាងទូលំទូលាយ។ជនជាតិរ៉ូហ៊ីងយ៉ាបានចាកចេញពីរដ្ឋរ៉ាឃីនអស់ជាច្រើនសប្តាហ៍ ខណៈដែលកងទ័ពអារ៉ាកាន (Arakan) ដែលជាក្រុមប្រដាប់អាវុធមួយក្នុងចំណោមក្រុមប្រដាប់អាវុធជាច្រើនដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅភាគខាងជើង ដែលជាជម្រករបស់ប្រជាជនមូស្លីមរ៉ូហ៊ីងយ៉ាយ៉ាងច្រើន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


