ព័ត៌មានអន្ដរជាតិ
៣ប្រទេស ប្រកាសបរិច្ចាគវ៉ាក់សាំង mpox រាប់ម៉ឺនដូស ឲ្យអាហ្វ្រិក
ប្រទេសចំនួន៣ បានប្រកាសពីការបរិច្ចាគវ៉ាក់សាំងជំងឺ mpox ទៅឲ្យសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងប្រទេសអាហ្វ្រិកផ្សេងទៀត ដើម្បីទប់ស្កាត់ការរីករាលដាល ដោយក្នុងនោះ នៅថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤ អាល្លឺម៉ង់ បានប្រកាសបរិច្ចាគ ១០ម៉ឺនដូស ខណៈកាលពីសប្តាហ៍មុន បារាំងក៏ប្រកាសបរិច្ចាគ ១០ម៉ឺនដូស ចំណែកសហរដ្ឋអាមេរិក ក៏នឹងបរិច្ចាគ ៥ម៉ឺនដូសដែរ។

មិនត្រឹមប៉ុណ្ណឹង រដ្ឋាភិបាលទីក្រុងបែរឡាំង ក៏នឹងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុផងដែរ ពោលគឺផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាគាំទ្រដល់ដៃគូនៅក្នុងទ្វីបអាហ្រ្វិកតាមរយៈអង្គការ Gavi។
អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងបែរឡាំង លោក Steffen Hebestreit និយាយថា គោលបំណងរបស់អាល្លឺម៉ង់គឺចង់ឲ្យអន្តរជាតិសាមគ្គីគ្នាដើម្បីទប់ស្កាត់ជំងឺ mpox នៅទ្វីបអាហ្រ្វិក។ ទាំងនេះគឺជាវិធានការបន្ទាន់ ហើយទីក្រុងប៊ែរឡាំងក៏នឹងធ្វើការរួមគ្នាជាមួយសហភាពអាហ្វ្រិក (AU) ផងដែរ ដើម្បីជំរុញការផលិតវ៉ាក់សាំងក្នុងស្រុក។

សេចក្តីប្រកាសនេះគឺធ្វើឡើងស្របគ្នាជាមួយការបញ្ជាក់ពីសំណាក់ប្រមុខ WHO លោក Tedros Adhanom Ghebreyesus ថា ការផ្ទុះជំងឺ mpox នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនិងប្រទេសជិតខាងនោះ ពិតជាអាចគ្រប់គ្រងនិងបញ្ឈប់បាន ប៉ុន្តែវិធីដើម្បីដោះស្រាយការរីករាលដាលនៃជំងឺនេះ គឺយើងត្រូវការថវិកាច្រើនប្រមាណ ១៣៥លានដុល្លារ ហើយក៏ទាមទារឲ្យប្រទេសនានាដាក់ចេញផែនការធ្វើសកម្មភាពគ្រប់ជ្រុងជ្រោយ និងសហការគ្នាផងដែរ។
កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ WHO បានប្រកាសថា mpox ឬមានឈ្មោះដើម Monkeypox គឺភាពអាសន្នសុខភាពពិភពលោកដែលត្រូវព្រួយបារម្ភជាអន្តរជាតិ និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។

តាមពិតទៅជំងឺនេះ បានរាតត្បាតនៅទ្វីបអាហ្វ្រិករាប់ឆ្នាំមកហើយ ប៉ុន្តែទើបតែថ្មីៗនេះទេ ដែលវាលេចចេញពូជគ្រោះថ្នាក់ Clade 1B ទើបធ្វើឲ្យពិភពលោកព្រួយបារម្ភខ្លាំង។ យ៉ាងណា នាយក WHO ប្រចាំតំបន់អឺរ៉ុបនិយាយថា Mpox មិនមែនជា កូវីដថ្មីទេ ហើយហានិភ័យចំពោះប្រជាជនទូទៅក៏នៅមានកម្រិតទាបដែរ ដូច្នេះសូមគ្រប់គ្នាកុំទាន់ស្លន់ស្លោអី។
សម្រាប់រោគសញ្ញា, ជំងឺ mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ WHO មានវិធីបញ្ឈប់ជំងឺ mpox
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


