ព័ត៌មានអន្ដរជាតិ
មេដឹកនាំលីបង់ចោទប្រកាន់អ៊ីស្រាអែលប្រព្រឹត្តឧក្រិដ្ឋកម្ម ខណៈមនុស្សរាប់រយនាក់ស្លាប់និងរបួស
លីបង់បានជួបថ្ងៃដ៏បង្ហូរឈាមមួយទៀត ខណៈដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកឥតបន្ថយដៃដោយសម្លាប់មនុស្សយ៉ាងហោចណាស់១០៥ នាក់នៅទូទាំងប្រទេស និង ៣៥៩នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី៣០ខែកញ្ញានេះ។
យោងតាមក្រសួងសុខាភិបាលលីបង់ ការវាយប្រហារតែមួយនៅ Ain al-Delb ក្បែរក្រុង Sidon ភាគខាងត្បូងបានរំលំអគារលំនៅឋានពីរ សម្លាប់មនុស្ស៣២នាក់ ក្នុងនោះគ្រួសារជនភៀសខ្លួនជាច្រើនដែលជ្រកកោននៅកន្លែងនោះស្ថិតក្នុងចំណោមជនរងគ្រោះ ខណៈអ្នកនយោបាយលីបង់ជាច្រើនថ្កោលទោសការវាយប្រហារនេះថាជា «ការសម្លាប់រង្គាល»។
ទោះបីជាយ៉ាងណា អ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា រាប់សិបនាក់ដែលលាក់ខ្លួនក្នុងចំណោមអគារទាំងនោះ ប៉ុន្តែមន្ត្រីលីបង់បាននិយាយថា ការទម្លាក់គ្រាប់បែកបានវាយប្រហារផ្ទះ និងអគារនានានៅភាគខាងត្បូងប្រទេសលីបង់ តំបន់ Bekaa ខេត្ត Baalbek-Hermel និងជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ខណៈការទម្លាក់គ្រាប់បែកនៅក្រុង Beirut បង្ហាញថា រដ្ឋធានីលីបង់ ដែលពីមុនត្រូវបានគេមើលឃើញថា ជាជម្រកសុវត្ថិភាពពីការវាយប្រហាររបស់អ៊ីស្រាអែល ឥឡូវនេះកំពុងស្ថិតនៅក្នុងភាពវឹកវរយ៉ាងខ្លាំង។
អ៊ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំមួយប្រឆាំងនឹងប្រទេសលីបង់ចាប់ពីថ្ងៃទី ២៣ខែកញ្ញា ក្នុងគោលបំណងដេញក្រុមហេសបូឡាចេញពីព្រំដែនរបស់ខ្លួន។ ការវាយលុកនេះបានសម្លាប់មនុស្សរាប់រយនាក់ និងបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងភូមិ និងទីប្រជុំជននានាទូទាំងប្រទេសលីបង់ ជាពិសេសនៅភាគខាងត្បូងនៃប្រទេសលីបង់។
ជាមួយគ្នានេះការវាយប្រហារនេះបានធ្វើឲ្យមានវិបត្តិភៀសខ្លួនផងដែរ យោងតាមនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានឲ្យដឹងថា មនុស្សរហូតដល់១លាននាក់បានផ្លាស់ទីលំនៅដោយសារអំពើហិង្សានេះ ដោយលោកចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើ «ប្រតិបត្តិការឧក្រិដ្ឋកម្មប្រចាំថ្ងៃ» នៅទូទាំងប្រទេសរបស់លោក។
ជនភៀសខ្លួនប្រហែល ១១៨០០០ នាក់កំពុងស្នាក់នៅក្នុងជម្រកដែលបានកំណត់ចំនួន ៧៧៨ ប៉ុន្តែចំនួនពិតប្រាកដគឺធំច្រើនជាង ដោយសារមនុស្សជាច្រើនបានស្នាក់នៅជាមួយមិត្តភក្តិ និងសាច់ញាតិ ឬជួលកន្លែងផ្ទាល់ខ្លួន។
ក្រុមហេបូឡានិងអ៊ីស្រាអែលបានប៉ះទង្គិចគ្នាជារៀងរាល់ថ្ងៃចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។ កាលនោះក្រុមលីបង់បាននិយាយថានឹងបន្តការវាយប្រហាររបស់ខ្លួនលើមូលដ្ឋានទ័ពអ៊ីស្រាអែលនៅភាគខាងជើងរហូតដល់អ៊ីស្រាអែលបញ្ចប់ការវាយលុកនៅតំបន់ហ្គាហ្សា។
អស់រយៈពេលជាច្រើនខែ អំពើហិង្សាត្រូវបានរារាំង ប៉ុន្តែនៅដើមខែនេះ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា។ កាលពីថ្ងៃទី១៧និង១៨ ខែកញ្ញា ឧបករណ៍ទំនាក់ទំនងជាប់ពាក់ព័ន្ធនឹងក្រុមហេសបូឡាបានផ្ទុះនៅទូទាំងប្រទេសលីបង់ ធ្វើឱ្យមនុស្សរាប់ពាន់នាក់រងរបួស និងស្លាប់រាប់សិបនាក់ រួមទាំងជនស៊ីវិលផងដែរ ខណៈប្រទេសលីបង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារមិនធ្លាប់មានពីមុនមកនេះ។
លើសពីនេះប៉ុន្មានថ្ងៃក្រោយមក ការវាយប្រហាររបស់អ៊ីស្រាអែលនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut សំដៅទៅលើមេបញ្ជាការកំពូលរបស់ Hezbollah បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់ និងរាប់សិបនាក់ទៀតរងរបួស។
ឥឡូវនេះ ការប្រយុទ្ធកំពុងលេចឡើងកាន់តែខ្លាំងឡើងដូចជាសង្គ្រាម ក្នុងនោះក្រុមឧទ្ទាម ហួធីរបស់ប្រទេស យេម៉ែន និងអង្គការប្រដាប់អាវុធអ៊ីរ៉ាក់ ដែលមានទំនាក់ទំនងនឹងអ៊ីរ៉ង់ ក៏បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហេសបូឡា និងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។
កាលពីថ្ងៃអាទិត្យ អ៊ីស្រាអែលបានធ្វើការវាយប្រហារផ្លូវអាកាសនៅកំពង់ផែ និងរោងចក្រថាមពលក្នុងប្រទេសយេម៉ែន។ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបានបន្តជាមួយនឹងការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤១៥០០ នាក់ និងបានបំផ្លាញផ្ទៃដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍២០ ម៉ោង ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៧ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ