Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រឹតដៃបង្ក្រាបលើពលករបរទេស ដែលលួចធ្វើការងារបម្រុងទុកសម្រាប់ពលរដ្ឋខ្លួន

បានផុស

នៅ

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃពុធទី៩ខែតុលាឆ្នាំ២០២៤, ពេលនេះ អាជ្ញាធរ​ថៃ​រឹតតែ​បង្ក្រាបលើ​ជនបរទេស​ដែល​ធ្វើការ​ដោយ​ខុស​ច្បាប់នៅ​ក្នុង​ប្រទេសរបស់ខ្លួនហើយ ជាពិសេសអ្នកដែលធ្វើការងារ ដែលថៃបម្រុងទុកសម្រាប់ពលរដ្ឋខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Eleven Media)

រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat Ratchakitprakarn និយាយថា ក្នុងយុទ្ធនាការ​​ទូទាំង​ប្រទេស ចាប់ពីថ្ងៃទី៥ ខែមិថុនា ដល់ថ្ងៃទី២ ខែតុលា, មន្ត្រីបានចុះត្រួតពិនិត្យកន្លែងធ្វើការចំនួន ២០ ១៥២ ដែលផ្តល់ការងារដល់ពលករចំណាកស្រុកចំនួន ២៧៧ ៧៧០ នាក់ ដោយក្នុងនោះរកឃើញថា កន្លែងធ្វើការចំនួន ៨៤៤ មានជួលកម្មករចំណាកស្រុកខុសច្បាប់ និងចាប់ខ្លួនបាន២ ០៦៣ នាក់ ភាគច្រើនជាអ្នកមកពីតំបន់អាស៊ីអាគ្នេយ៍។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃ គឺពឹងផ្អែកខ្លាំងណាស់លើវិស័យការងារ ដូច្នេះហើយ អាទិភាពគឺត្រូវតែផ្តល់ឲ្យជនជាតិថៃជាចម្បង។

ស្របពេលជាមួយគ្នានោះដែរ អគ្គនាយកនៃនាយកដ្ឋានការងារ លោក Somchai Morakotsriwan សង្កត់ធ្ងន់ថា នាយកដ្ឋាននឹងបង្កើនការយកចិត្តទុកដាក់លើការស៊ើបអង្កេតរកពលករបរទេសដែលធ្វើការងារបម្រុងទុកសម្រាប់ជនជាតិថៃ ដូចជាភ្នាក់ងារទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ម៉ាស្សា ឬជាងកាត់សក់ជាដើម។

លោកបន្ថែមថា ពលករបរទេសដែលចូលមកប្រទេសថៃ ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតអនុញ្ញាតការងារត្រឹមត្រូវ ហើយធ្វើការស្របតាមសិទ្ធិដែលមានចែងក្នុងសេចក្តីប្រកាសរបស់ក្រសួងការងារ។

ខាងក្រោមនេះ គឺជាការងារទាំង ២៧ ដែលថៃទុកសម្រាប់តែប្រជាជនខ្លួនប៉ុណ្ណោះ បើពលករចំណាកស្រុកហ៊ានធ្វើគឺខុសច្បាប់៖

  1. ជាងចម្លាក់ឈើ
  2. អ្នកបើកបរដឹកជញ្ជូនសាធារណៈ
  3. អ្នកធ្វើការងារខាងដេញថ្លៃ
  4. អ្នកកាត់ត្បូង
  5. ជាងកាត់សក់
  6. អ្នកត្បាញក្រណាត់
  7. អ្នកត្បាញកន្ទេល
  8. អ្នកធ្វើក្រដាសខ្ចប់
  9. ម្នាងសិលា
  10. អ្នកផលិតឧបករណ៍ភ្លេងថៃ
  11. អ្នកធ្វើនីឡូវែរ
  12. ជាងមាស ប្រាក់ និងស្ពាន់
  13. ការងារធ្វើពីលង្ហិនប៉ូលា
  14. អ្នកធ្វើតុក្កតាថៃ
  15. អ្នកធ្វើបាត្រលោក
  16. អ្នកត្បាញក្រណាត់សូត្រធ្វើដោយដៃ
  17. ជាងចម្លាក់ព្រះពុទ្ធរូប
  18. អ្នកធ្វើឆ័ត្រក្រដាសប្រពៃណី
  19. ភ្នាក់ងារឈ្មួញកណ្តាល
  20. អ្នកធ្វើការងារម៉ាស្សាបែបប្រពៃណីថៃ
  21. អ្នកមូរបារី
  22. មគ្គុទេសក៍ទេសចរណ៍
  23. អ្នកដើរលក់របស់កំប៉ិកកំប៉ុក
  24. អ្នកវាយអក្សរ
  25. អ្នកក្រងខ្សែអំបោះ
  26. លេខា
  27. អ្នកផ្តល់សេវាដោះស្រាយវិវាទ

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ការងារទាំង២៧ ថៃទុកសម្រាប់តែប្រជាជនខ្លួនប៉ុណ្ណោះ បើពលករចំណាកស្រុកហ៊ានធ្វើ គឺខុសច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម