ព័ត៌មានអន្ដរជាតិ
ជម្លោះវោហារស័ព្ទផ្ទុះឡើងយ៉ាងខ្លាំងរវាងមេដឹកនាំបស្ចឹមលោកនិងរុស្ស៊ី ក្រោយពូទីនចេញក្រឹត្យកែប្រែការប្រើនុយក្លេអ៊ែរ
ក្រោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចេញក្រឹត្យមួយកំណត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរចំពោះរដ្ឋគ្មាននុយក្លេអ៊ែរដែលទទួលការទំនុកបម្រុងពីរដ្ឋមាននុយក្លេអ៊ែរ មេដឹកនាំមហាអំណាចបស្ចឹមប្រទេស រួមមានបារាំង អង់គ្លេស និងសហរដ្ឋអាមេរិកបានប្រតិកម្មចំពោះលោកពូទីនឲ្យថ្លែងដោយមានការប្រុងប្រយ័ត្ន។

លោក ពូទីន បានចេញក្រឹត្យកំពូលកំណត់ការប្រើប្រាស់នុយក្លេអ៊ែរនោះកើតឡើងក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបខាងលិច បានដកបម្រាមលើរដ្ឋាភិបាលអ៊ុយក្រែនក្នុងការប្រើប្រាស់អាវុធរបស់ពួកគេក្នុងការបាញ់ចូលក្នុងទឹកដីរុស្ស៊ី។
នៅឯកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្រទេសរីកលួតលាស់សេដ្ឋកិច្ចទាំង២០ ឬហៅកាត់ថា G-20 ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានប្រាប់ឲ្យលោក ពូទីនដាក់ចុះពីការគំរាមកំហែងអាវុធនុយក្លេអ៊ែរ។

លោក ម៉ាក្រុង បានធ្វើអត្ថាធិប្បាយក្នុងកិច្ចប្រជុំកំពូលនៃមេដឹកនាំ G-20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលថា៖«សូមឲ្យមានហេតុផល និង ឈប់បង្ហាញវិធីសាស្រ្តដ៏គឃ្លើនចំពោះសហគមន៍អន្តរជាតិ»។ នេះបើយោងតាមការស្រង់សម្តីរបស់សារព័ត៌មាន Politico។
លោក ម៉ាក្រុង បានលើកឡើងផងដែរថា៖ «រុស្ស៊ីកំពុងក្លាយជាអ្នកដែលធ្វើឲ្យមានអស្ថេរភាព»។
បន្ទាប់ពីសហរដ្ឋអាមេរិក ប្រធានាធិបតីបារាំងដែលបានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ គឺប្រភេទមីស៊ីល SCALP បានកោតសរសើរការសម្រេចចិត្តរបស់ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលលើកបម្រាមលើអ៊ុយក្រែន ថាជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ។
ទោះជាបែបណាក៏ដោយ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយនៅឯកិច្ចប្រជុំក្នុងទីក្រុង Rio De Janero ប្រទេសប្រេស៊ីលថា អ៊ុយក្រែនគង់តែឈ្នះការអនុញ្ញាតឲ្យប្រើមីស៊ីលផ្លោង Storm Shadow របស់អង់គ្លេសសម្រាប់សង្គ្រាមនៅរុស្ស៊ី ដោយអះអាងថា អ៊ុយក្រែនត្រូវតែមានអ្វីដែលខ្លួនត្រូវការដើម្បីទទួលជ័យជម្នះ។
ក្នុងសង្គ្រាមរយៈពេល១០០០ថ្ងៃដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន នាយករដ្ឋមន្ត្រីអង់គ្លេសបានជំរុញឲ្យសម្ព័ន្ធមិត្តត្រូវតែដាក់ទីក្រុងកៀវនៅទីតាំងមួយសម្របខ្លាំងបំផុតដើម្បីឈ្នះសង្គ្រាម។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកដែលនឹងផុតអាណត្តិរបស់ខ្លួននៅមិនដល់២ខែទៀត បានឆ្លើយតបចំពោះ ប្រធានាធិបតីរុស្ស៊ីដែលកែប្រែការប្រើប្រាស់នុយក្លេអ៊ែរ តាមរយៈការចេញក្រឹត្យមួយកាលពីថ្ងៃអង្គារ ដោយលោកចូ បៃដិន បាននិយាយថាជា «វោហារស័ព្ទគ្មានការទទួលខុសត្រូវ»។

អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ី ដែលគេស្គាល់ថា «វិមានក្រឹមឡាំង» លោក Dmitry Peskov បាននិយាយថា រុស្ស៊ីរក្សាសិទ្ធិក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែន ដែលពេលនេះកំពុងទទួលបានការយល់ព្រមពីលោកខាងលិចក្នុងការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយចូលទៅក្នុងទឹកដីរុស្ស៊ី។
នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយលោកពូទីនចុះហត្ថលេខាលើក្រឹត្យថ្មីមួយនៅថ្ងៃទី១៩វិច្ឆិកានេះ លោក Dmitry Peskov បាននិយាយថា ឯកសារនោះពាក់ព័ន្ធការពិតដែលថា សហព័ន្ធរុស្ស៊ីរក្សាសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងហេតុការណ៍គឃ្លើនដោយការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយប្រឆាំងខ្លួនដែលជាកន្លែងដែលត្រូវបានចាត់ទុកថាបានបង្កើតនូវ«ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាព ឬបូរណភាពទឹកដី់»។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ (Sergei Lavrov) បានលើកឡើងក្នុងសន្និសីទមួយអំឡុងកិច្ចប្រជុំកំពូល G-20 នៅប្រទេសប្រេស៊ីលនោះដែរថា ទីក្រុងមូស្គួប្រឹងប្រែងយ៉ាងខ្លាំងក្នុងការគាំទ្រមិនឲ្យកើតសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែទទួលខុសត្រូវចំពោះការកើនឡើងសង្គ្រាមដោយអាមេរិក។
លោក ឡាវរ៉ូវ បាននិយាយថា៖«ប្រសិនបើមីស៊ីចម្ងាយឆ្ងាយត្រូវបាញ់ពីអ៊ុយក្រែនទៅទឹកដីរុស្ស៊ី វាមានន័យថាពួកគេនឹងត្រូវគ្រប់គ្រងដោយអ្នកជំនាញយោធាអាមេរិក។ យើងនឹងឆ្លើយតបជាក់ស្តែង»។
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញក្រឹត្យមួយ ដែលនិយាយអំពីការប្រើប្រាស់នុយក្លេអ៊ែរ ដោយបញ្ជក់ពីការជាប់ពាក់ព័ន្ធរបស់រដ្ឋដទៃដែលមាននុយក្លេអ៊ែរក្នុងការជួយរដ្ឋដែលមិនមាននុយក្លេអ៊ែរ ក្នុងការវាយប្រហារសហព័ន្ធរុស្ស៊ីដែលជារដ្ឋមាននុយក្លេអ៊ែរ។
ក្រឹត្យដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនផុសនៅមុននេះនិងបានត្រូវបានសរសេរបកប្រែជាភាសាអង់គ្លេសដែលត្រូវបានដកស្រង់មានខ្លឹមសារថា៖«ខ្លួនសូមប្រកាសថា ប្រសិនបើរដ្ឋមិនមាននុយក្លេអ៊ែរណាមួយដែលវាយប្រហាររុស្ស៊ីដោយមានការគាំទ្រដោយរដ្ឋមាននុយក្លេអ៊ែរ ខ្លួននឹងចាត់ទុកជាការវាយប្រហាររួមគ្នាលើសហព័ន្ធរុស្ស៊ី»។
រុស្ស៊ីបានបង្កើនការដាក់សម្ពាធលើអ៊ុយក្រែនយ៉ាងខ្លាំងក្រោយការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ដែលសន្យាបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនឱ្យបានឆាប់។ ការវាយប្រហាររបស់រុស្ស៊ីក៏ជាការដាក់សម្ពាធសម្រាប់ការចរចាណាមួយដែលអាចកើតមានឆាប់ៗ។ ចំណែកសម្ព័ន្ធមិត្តលោកខាងលិច ក៏បានបន្ធូរដៃឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ខ្លួន ដែលពួកគេរឹតត្បិតក្នុងការប្រើប្រាស់ជាយូរមកហើយ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


