Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា យេម៉ែនកំពុងផ្ទុះជំងឺអាសន្នរោគច្រើនជាងគេក្នុងពិភពលោក

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថា​ ប្រទេសយេម៉ែនកំពុងមានករណីឆ្លងជំងឺអាសន្នរោគខ្ពស់ជាងគេនៅទូទាំងពិភពលោក ចាប់តាំងពីមានករណីផ្ទុះឡើងនៅក្នុងខែមីនា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី២៤ខែធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ WHO)

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១ខែធ្នូ ប្រទេសយេម៉ែន​ដែលស្ថិតនៅ​តំបន់សមុទ្រ​ក្រហម បានរាយការណ៍ថា មានករណីសង្ស័យអំពី​​ជំងឺអាសន្នរោគចំនួន ២៤៩៩០០០ និងករណីស្លាប់ចំនួន៨៦១នាក់នៅឆ្នាំនេះ។

WHO ថា ចំនួនទាំងនេះមាន​៣៥ភាគរយ ជា​ជំងឺអាសន្នរោគសកល និង១៨ភាគរយនៃចំនួនអ្នកស្លាប់របស់ពិភព​លោក​។ ជំងឺទាំងនោះមានដូចជាការផ្ទុះឡើងនៃជម្ងឺឆ្លងតាមទឹក ដូចជាជំងឺអាសន្នរោគ និងជំងឺរាគរូសដែលដាក់បន្ទុកបន្ថែមលើប្រព័ន្ធសុខភាពដែលមានបញ្ហារួចទៅហើយ ដែលប្រឈមនឹងការផ្ទុះជំងឺផ្សេងៗទៀតជាច្រើន។

តំណាងអង្គការសុខភាពពិភពលោក និងជាប្រធានបេសកកម្មនៅយេម៉ែន លោក Arturo Pesigan បានឲ្យដឹងថា អង្គការសុខភាពពិភពលោកមានភាពតានតឹងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីដោះស្រាយតម្រូវការកើនឡើងដោយសារតែកង្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ។

បញ្ហានេះ បានបង្ខំឲ្យ WHO បិទមជ្ឈមណ្ឌលព្យាបាលនៅប្រទេសយេម៉ែន ចំពេលមានគម្លាតថវិកាចំនួន​២០លានដុល្លារ។ រហូតមកដល់ពេលនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិបានបិទមជ្ឈមណ្ឌលព្យាបាលជំងឺរាគរូសចំនួន​៤៧ ហើយ គ្រោងនឹងបិទ​១៧​ផ្សេងទៀតនៅចុងឆ្នាំនេះនៅក្នុងប្រទេសនេះ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) ប្រទេសយេម៉ែនបានជួបប្រទះនឹងការចម្លងជំងឺអាសន្នរោគជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងការផ្ទុះឡើងដ៏ធំបំផុតរបស់ពិភពលោកក្នុងប្រវត្តិសាស្រ្តថ្មីៗពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២០ដែលមានជាង ២.៥ លានករណី និងមនុស្សស្លាប់ ៤០០០ នាក់ ខណៈមនុស្ស​៤​លាន​នាក់​កើត​ជំងឺ​អាសន្នរោគ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក៕

(រូបភាព៖ UNICEF)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម