ព័ត៌មានអន្ដរជាតិ
ប៉ាណាម៉ា ប្រកាសឈរខាងអាមេរិក ដកខ្លួនចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន
ក្រោយដំណើរទស្សនកិច្ច និងការចេញសារព្រមានរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក រដ្ឋាភិបាលប៉ាណាម៉ាបានសម្រេចចិត្តប្រកាសដកវត្តមានរបស់ខ្លួនចេញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលហៅកាត់ថា BRI (Belt and Road Initiative) ជាកម្មវិធីបណ្ដាក់ទុនសកលជាមួយមូលនិធិដ៏ច្រើនសម្បើមរបស់ក្រុងប៉េកាំង។

យោងតាមការចុះផ្សាយរបស់ Greek Reporter នៅថ្ងៃអង្គារទី៤ខែកុម្ភៈឆ្នាំ២០២៥នេះ ការដកខ្លួនចេញនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្ហាញពីក្ដីបារម្ភពាក់ព័ន្ធនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅលើតំបន់ព្រែកជីកប៉ាណាម៉ា។
កាលពីថ្ងៃអាទិត្យ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់លោក José Raúl Mulino ប្រធានាធិបតីប៉ាណាម៉ា ថា បើប្រទេសប៉ាណាម៉ាមិនកាត់បន្ថយភ្លាមៗនូវអ្វីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាត់ទុកថាជាឥទ្ធិពលរបស់ចិន នោះប្រទេសអាមេរិកកណ្ដាលមួយនេះនឹងប្រឈមមុខនឹងការចាត់វិធានការយ៉ាងចាស់ដៃពីក្រុងវ៉ាស៊ីតោន។
ចាប់តាំងពីឆ្នាំ២០១៧មក ប៉ាណាម៉ាបានក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក Mulino បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងមិនបន្តកិច្ចសន្យាថ្មីជាមួយចិននោះឡើយ បន្ទាប់ពីអនុស្សរណៈដែលធ្វើឡើងរៀងរាល់៣ឆ្នាំម្ដងបានផុតកំណត់។ លោកបានប្រកាសថា៖ «យើងចង់ធ្វើការជាមួយសហរដ្ឋអាមេរិក ដូចដែលយើងតែងតែធ្លាប់ធ្វើអ៊ីចឹងដែរ»។
លោក Mulino បានបន្តថា ប៉ាណាម៉ា បច្ចុប្បន្នក៏កំពុងរកវិធីបញ្ចប់កុងត្រាជាមួយចិនមុនកំណត់ផងដែរ។
គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងបច្ចេកវិទ្យានៅទូទាំងពិភពលោក។ ខណៈពេលដែលគម្រោងភាគច្រើនស្ថិតនៅក្នុងទ្វីបអាស៊ី អាមេរិកឡាទីនក៏បានក្លាយជាតំបន់សំខាន់សម្រាប់ការវិនិយោគរបស់ចិនផងដែរ។
គិតត្រឹមចុងឆ្នាំ២០២៣ ប្រទេសចំនួន២២ នៅអាមេរិកឡាទីន និងតំបន់ការាបៀនបានចូលរួមគំនិតផ្តួចផ្តើមនេះ។ គម្រោងសំខាន់ៗ រួមមាន កំពង់ផែតម្លៃ ៣,៦ពាន់លានដុល្លារនៅក្នុងប្រទេសប៉េរូ ការជីកយករ៉ែលីចូមនៅក្នុងប្រទេសឈីលី និងការបង្កើនការវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសប្រេស៊ីល។
វត្តមានដែលកំពុងកើនឡើងរបស់ចិន បានផ្លាស់ប្តូរអំណាចសេដ្ឋកិច្ចនៅក្នុងតំបន់។ ខណៈពេលដែលអាមេរិកជាដៃគូពាណិជ្ជកម្មលេចធ្លោជាប្រវត្តិសាស្ត្រសម្រាប់អាមេរិកឡាទីន ពេលនេះចិនបានកាន់កាប់ទីតាំងនោះនៅក្នុងសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ដូចជា ប្រេស៊ីល ឈីលី និងប៉េរូ។ មេដឹកនាំខ្លះក្នុងតំបន់ មើលឃើញចិនជាឱកាសមួយដើម្បីកាត់បន្ថយការពឹងផ្អែកលើអាមេរិក៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


