ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹកនុយក្លេអ៊ែរអាមេរិកចូលចតនៅកំពង់ផែប៊ូសាន
គ្រាន់តែនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ទៅដល់ទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូងភ្លាម, កូរ៉េខាងជើង ស្រាប់តែព្រមានសងសឹកភ្លែត ដោយចោទថា អាមេរិក កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខជាតិរបស់ខ្លួន និងប្រកាសថា កងកម្លាំងទីក្រុងព្យុងយ៉ាង ត្រៀមរួចជាស្រេចក្នុងការធ្វើសកម្មភាព។

តាមការចុះផ្សាយរបស់ Al Jazeera, នាវាមុជទឹកអាមេរិក USS Alexandria បានចូលចតនៅកំពង់ផែទីក្រុងប៊ូសានកាលពីថ្ងៃចន្ទទី១០ខែកុម្ភៈឆ្នាំ២០២៥ ក្នុងបេសកកម្មផ្តល់គ្រឿងផ្គត់ផ្គង់ដល់កងទ័ពរបស់ខ្លួនដែលឈរជើងនៅទីនោះ ហើយវាក៏ជាឱកាសសម្រាប់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដោះដូរព័ត៌មាននិងយុទ្ធសាស្រ្តជាមួយគ្នាផងដែរ។
យ៉ាងណា សកម្មភាពនេះ ធ្វើឲ្យទីក្រុងព្យុងយ៉ាង ក្តៅស្លឹកត្រចៀកមិនស្ទើរទេ ខណៈក្រសួងការពារជាតិកូរ៉េខាងជើង ចេញសេចក្តីថ្លែងការណ៍ថា វត្តមានរបស់នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកនៅឧបទ្វីបកូរ៉េ គឺជាការបង្ហាញយ៉ាងច្បាស់ក្រឡែត អំពីភាពស្រែកឃ្លានរបស់អាមេរិក ចង់ឲ្យមានការប្រឈមមុខដាក់គ្នា។

ក្រសួងបន្តថា «យើងពិតជាបារម្ភខ្លាំងណាស់ ចំពោះសកម្មភាពយោធាដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ដែលអាចនាំឲ្យមានការប្រឈមមុខគ្នាផ្នែកយោធាដ៏ស្រួចស្រាវនៅក្នុងតំបន់ជុំវិញឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងនឹង អនុវត្តសិទ្ធិស្របច្បាប់ដោយមិនស្ទាក់ស្ទើរ ក្នុងការដាក់ទណ្ឌកម្មចំពោះអ្នកបង្កហេតុ»។
ការព្រមាននេះកើតឡើង បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ខឹងសម្បាចំពោះភាពជាដៃគូយោធារវាងសហរដ្ឋអាមេរិក, ជប៉ុននិងកូរ៉េខាងត្បូង ហើយប្តេជ្ញាចាត់វិធានការសងសឹក ក្នុងនោះរួមទាំងការពង្រឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

លោក គីម ថ្លែងថា សម្ព័ន្ធភាពយោធាត្រីភាគីនោះ បានបង្កជាការគំរាមយ៉ាងធំចំពោះកូរ៉េខាងជើង ព្រោះវាជាផែនការរៀបចំឡើងដោយសហរដ្ឋអាមេរិក ដើម្បីប្រែក្លាយតំបន់នេះឲ្យក្លាយទៅជាប្លុកយោធាដូចទៅនឹងអង្គការណាតូ ហើយបង្កអស្ថិរភាពនៅឧបទ្វីបកូរ៉េ ព្រមទាំងចោទជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះបរិយាកាសសន្តិសុខចំពោះកូរ៉េខាងជើង។
ស្របពេលជាមួយគ្នានោះ លោកគីម ប្រកាសថា ដើម្បីឆ្លើយតបទៅការគំរាមកំហែងទាំងនេះ ទីក្រុងព្យុងយ៉ាងនឹងពង្រីកថែមទាំងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា នាវាមុជទឹក USS Alexandria គឺស្ថិតក្នុងកងនាវាចរប៉ាស៊ីហ្វិករបស់អាមេរិក។ វាមានសមត្ថភាពវាយប្រហារយ៉ាងលឿន បំពាក់ដោយមីស៊ីល Tomahawk៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គីម ជុងអ៊ុន គំរាមពង្រឹងកម្មវិធីនុយក្លេអ៊ែរ សងសឹកសម្ព័ន្ធភាពយោធា អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


