ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ រកប្រាក់បាន ២៣៩ លានដុល្លារពីការបរិច្ចាគសម្រាប់ពិធីឡើងកាន់អំណាច
ការឡើងកាន់អំណាចលើកទី២របស់លោក ដូណាល់ ត្រាំ (Donald Trump) ដ៏មានឥទ្ធិពលកាលពីខែមករាឆ្នាំ២០២៥ បានធ្វើឲ្យឥទ្ធិពលនយោបាយរបស់លោកជះទៅលើអ្នកជំនួញ អ្នកវិនិយោគសហរដ្ឋអាមេរិកយ៉ាងខ្លាំង។ តាមរយៈឥទ្ធិពលនយោបាយនោះ ពិធីឡើងកាន់អំណាចរបស់លោក ដូណាល់ ត្រាំ បានរៃអង្គាសប្រាក់រហូតដល់២៣៩លានដុល្លារសម្រាប់អាណត្តិទី២ ដែលកើនលើសទ្វេដងធៀបនឹងអាណត្តិទី១កាលឆ្នាំ២០១៧។

រូបភាពបង្ហាញពីលោកត្រាំក្នុងពិធីឡើងកាន់អំណាច។ WUSA9
សារព័ត៌មាន Financial Times បានចេញសេចក្តីរាយការណ៍មួយដោយដកស្រង់ឯកសារសហព័ន្ធដែលបានបង្ហាញថា លោក ដូណាល់ ត្រាំ បានរៃអង្គាសប្រាក់បានជាង ២៣៩លានដុល្លារសម្រាប់ពិធីសម្ពោធលើកទីពីររបស់គាត់ ដែលជាចំនួនបំបែកកំណត់ត្រាសម្រាប់ការឡើងកាន់ដំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានទទួលពីការបរិច្ចាគរបស់ នាយកប្រតិបត្តិក្រុមហ៊ុនខ្នាតយក្សពហុជាតិដ៏មានឥទ្ធិពលបំផុតជាច្រើនរបស់សហរដ្ឋអាមេរិក ដែលហាក់ដូចជាការគាប់គុណ បំពេញចិត្តប្រធានាធិបតីដែលចូលមកដឹកនាំប្រទេសសម្រាប់អាណត្តិ៤ឆ្នាំ។
សេចក្តីរាយការណ៍នោះ បានឲ្យដឹងថា ឯកសារដែលបានលាតត្រដាងកាលពីថ្ងៃអាទិត្យបានបង្ហាញថា ភាគច្រើននៃក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកជាពិសេសក្រុមហ៊ុនប្រតិបត្តិការនៅក្នុងវិស័យបច្ចេកវិទ្យា បានធ្វើការបរិច្ចាគ។
នៅមុនការឡើងកាន់តំណែងជាផ្លូវការ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ម្ចាស់ក្រុមហ៊ុន OpenAI លោក Sam Altman និងនាយកប្រតិបត្តិ Uber លោក Dara Khosrowshahi ម្នាក់ៗបានផ្តល់ប្រាក់ចំនួន ១ លានដុល្លារ។ ក្រុមហ៊ុនខ្នាតយក្សផ្សេងទៀត ដូចជា ក្រុមហ៊ុន Nvidia, Google, Meta, Broadcom, Perplexity AI, C3.AI, Micron, Qualcomm និង Intuit ក៏បានបរិច្ចាគក្នុងទំហំទឹកប្រាក់នោះដែរ។
ក្រុមហ៊ុន Robinhood ដែលដំណើរការកម្មវិធីថ្នាលបច្ចេកវិទ្យាពាណិជ្ជកម្មលក់រាយ បានផ្តល់ប្រាក់ចំនួន២លានដុល្លារ ខណៈដែលក្រុមហ៊ុនប្រាក់អេឡិចត្រូនិក (គ្រីបតូ) Coinbase និង Solana ម្នាក់ៗបានបរិច្ចាគ ១លានដុល្លារ។ តាមសេចក្តីរាយការណ៍នោះ ក្រុមហ៊ុន IBM និង Microsoft បានផ្តល់ប្រាក់ចំនួន ៧៥ម៉ឺនដុល្លារ។
នាយកប្រតិបត្តិ និងមហាសេដ្ឋីឈានមុខគេជាច្រើនរបស់អាមេរិកបានចូលរួមពិធីសម្ពោធរបស់លោក ត្រាំ រួមទាំងលោក Cook ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg ថៅកែ Google Sundar Pichai និងលោក Jeff Bezos របស់ក្រុមហ៊ុន Amazon។
សេចក្តីរាយការណ៍នោះ បានឲ្យដឹងថា ការរៃអង្គាសប្រាក់បានរហូតច្រើនជាងពីរដងនៃចំនួនទឹកប្រាក់ ១០៧ លានដុល្លារដែល លោក ត្រាំ បានទទួលក្នុងពេលឡើងកាន់អំណាចក្នុងឆ្នាំ២០១៧។
ក្រុមហ៊ុនហិរញ្ញវត្ថុយក្សរួមមាន JPMorgan Chase, BlackRock, Blackstone និង Goldman Sachs ម្នាក់ៗបានបរិច្ចាគ១លានដុល្លារ ដល់គណៈកម្មាធិការ ដូចក្រុមហ៊ុនទូរគមនាគមន៍ AT&T, Comcast និង Verizon ដែរ។
កុ្រមហ៊ុនអាកាសចរណ៍អាមេរិក រួមមាន United Airlines និង Delta Air Lines ក្រុមថាមពល ConocoPhillips ក្រុមហ៊ុន ExxonMobil និង Occidental Petroleum ក្រុមឱសថ Merck និង Pfizer និងក្រុមហ៊ុនផលិតរថយន្ត Stellantis ក្រុមហ៊ុន Hyundai ក្រុមហ៊ុន General Motors និង Toyota ដោយពួកគេនិមួយៗបានផ្តល់ប្រាក់ចំនួន ១លានដុល្លារ។ ចំណែកក្រុមហ៊ុនថាមពលខ្នាតយក្ស Chevron វិញ បានផ្តល់ប្រាក់ចំនួន ២លានដុល្លារ។
ម៉ាកយីហោអាមេរិក McDonald’s, FedEx, Target និង Boeing ត្រូវបានចូលរួមដោយក្រុមហ៊ុនដែលមិនសូវស្គាល់ដូចជា Bank OZK និង Breeze Smoke ក្នុងការបរិច្ចាគ ១លានដុល្លារ ឬច្រើនជាងនេះ៕
ដោយ រ៉ាន់ រើយ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ