ព័ត៌មានអន្ដរជាតិ
Macron ចាប់ផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាម ជាមួយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ
ប្រធានាធិបតីបារាំង Emmanuel Macron បានមកដល់ប្រទេសវៀតណាម កាលពីរាត្រីថ្ងៃអាទិត្យទី២៥ខែឧសភាឆ្នាំ២០២៥ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋជាផ្លូវការលើកដំបូង ជាមួយក្តីសង្ឃឹមថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៣០ គោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរួមមាន អាកាសចរណ៍ ថាមពលនុយក្លេអ៊ែរ ផ្លូវដែក ការកកើតឡើងវិញ ស្រាវជ្រាវ ផ្កាយរណបនិងវិស័យការពារជាតិ។

ក្រៅពីអមដំណើរដោយភរិយាលោកស្រី Brigitte ហើយនោះ គេក៏ឃើញនាយកប្រតិបត្តិអាជីវកម្មជាច្រើននាក់ មកជាមួយ លោក Macron ផងដែរនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai។
មកដល់វៀតណាមមិនបានប៉ុន្មានម៉ោងផង លោក Macron និងភរិយា ក៏បានដើរទស្សនាជុំវិញបឹង Hoan Kiem និងទស្សនាប្រាសាទ Ngoc Son ទាំងយប់តែម្តង។

នៅថ្ងៃចន្ទ លោក Macron នឹងជួបជាមួយថ្នាក់ដឹកនាំកំពូលវៀតណាម ក្នុងរដ្ឋធានីហាណូយ និងបុគ្គលសំខាន់ៗក្នុងវិស័យថាមពលនៅថ្ងៃអង្គារ ខណៈលោកក៏ទំនងជាពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរផងដែរ។
ជុំវិញដំណើរទស្សនកិច្ចរបស់លោក Macron, ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម Olivier Brochet បានសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់ក្នុងទំនាក់ទំនងបារាំង-វៀតណាម។
លោក Brochet បញ្ជាក់យ៉ាងដូច្នេះថា៖«យើងសង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះ ផ្អែកលើមូលដ្ឋាននៃការជឿទុកចិត្ត នឹងពង្រឹងទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ និងវិស័យការពារជាតិ»។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានបទសំខាន់មួយនៃការទស្សនកិច្ចនេះ គឺការគាំទ្ររបស់បារាំងចំពោះការផ្លាស់ប្តូរថាមពលរបស់វៀតណាម។ កិច្ចព្រមព្រៀងដ៏សំខាន់មួយត្រូវបានគេរំពឹងទុក រវាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសាជីវកម្មបញ្ជូនថាមពលជាតិវៀតណាម ដើម្បីសាងសង់ខ្សែបញ្ជូនថ្មី។ នេះគឺជាផ្នែកមួយនៃការគាំទ្ររបស់បារាំងចំពោះការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) របស់វៀតណាម។
សូមជម្រាបថា បន្ទាប់ពីទស្សនកិច្ចនៅវៀតណាម លោក Macron នឹងបន្តដំណើរទៅប្រទេសឥណ្ឌូណេស៊ីនិងសិង្ហបុរី។ នៅសិង្ហបុរី លោកគ្រោងនឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ Shangri-La Dialogue ដែលជាជំនួបកំពូលការពារជាតិរបស់អាស៊ី។ នៅទីនោះលោកនឹងប្រកាសអំពីជំហររបស់អឺរ៉ុបចំពោះជម្លោះជាសកល និងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់បារាំង ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្ម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ របៀបវារៈសំខាន់បំផុត ២ នឹងត្រូវពិភាក្សា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ Macron នៅ វៀតណាម
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


