ព័ត៌មានអន្ដរជាតិ
[វិភាគ] លោក ថាក់ស៊ីន កាន់តែបង្ហាញឥទ្ធិពល គណបក្សភឿថៃប្រឈមការរំលាយកាន់តែធំដែរ
វត្តមានអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ ជាសាធារណៈក្រោយតុលាការធម្មនុញ្ញព្យូរអំណាចនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ដែលជាកូនស្រីរបស់លោក ត្រូវបានគេមើលឃើញថា ឥទ្ធិពលលោកថាក់ស៊ីនកាន់តែខ្លាំងនៅក្នុងគណបក្សភឿថៃ ដែលស្ថិតនៅក្រោមការតាមដាន និងរងបណ្តឹងឲ្យរំលាយជាច្រើនលើក។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលខ្លួនលោកផ្ទាល់ កំពុងរងបណ្តឹងចោទប្រកាន់ពីបទឧក្រិដ្ឋប្រមាថព្រះមហាក្សត្រដែលនឹងត្រូវប្រកាសសាលក្រមនៅថ្ងៃទី២២ខែសីហា និង បណ្តឹងព្រហ្មទណ្ឌ១ទៀត គឺ បទភូតកុហកថាមានជំងឺទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ប៉ូលិសដើម្បីគេចវេះពីការជាប់ពន្ធនាគារ ដែលតុលាការកំពូលសម្រេចឲ្យជាប់ពន្ធនាគារ១ឆ្នាំ ក្រោយលោកវិលចូលប្រទេសវិញកាលថ្ងៃទី២២សីហាឆ្នាំ២០២៣។
ក្នុងពិធីពិសាអាហារពេលល្ងាចរួចគ្នាជាមួយមេដឹកនាំសំខាន់ៗនៃគណបក្សធំៗក្នុងរដ្ឋាភិបាលចម្រុះថៃបច្ចុប្បន្ន វត្តមាន លោក ថាក់ស៊ីន កាលពីរាត្រីថ្ងៃអង្គារ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក្លាយជាចំណុចដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងពិធីដែលរៀបចំឡើងដោយគណបក្សភឿថៃ ដើម្បីបង្កើនសាមគ្គីភាពក្នុងចំណោមដៃគូក្នុងរដ្ឋាភិបាលចម្រុះ។
រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃបច្ចុប្បន្នស្ទើរតែបាត់បង់ចំនួនភាគច្រើនក្នុងសភាទៅហើយ បន្ទាប់ពីការចាកចេញរបស់គណបក្សភូមិចៃថៃដែលមានសមាជិកសភា៦៩រូប ដឹកនាំដោយអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បន្ទាប់ពីគណបក្សភឿថៃទាមទារយកក្រសួងនេះទៅកាន់កាប់វិញ ដែលផ្ទុយទៅនឹងការចរចាបង្កើតរដ្ឋាភិបាលចម្រុះដំបូង។
គណបក្សភឿថៃបានរងបណ្តឹងឲ្យរំលាយជាច្រើនលើកមកហើយ ដោយសារតែវត្តមានរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដ៏មានឥទ្ធិពលនៅក្នុងគណបក្សដឹកនាំរដ្ឋាភិបាលចម្រុះនេះ។
អត្ថបទរបស់សារព័ត៌មាន The Nation បានចេញផ្សាយកាលថ្ងៃទី១៨ខែតុលាឆ្នាំ២០២៤ ញត្តិប្តឹងឲ្យរំលាយគណបក្សភឿថៃ បានចោទប្រកាន់ថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលមិនមែនជាសមាជិកនៃគណបក្សបានប្រើឥទ្ធិពល និងការគ្រប់គ្រងលើគណបក្សផ្សេងៗទៀតក្នុងរដ្ឋាភិបាលចម្រុះ។
ចាប់តាំងពីទទួលបានពាក្យបណ្តឹងនោះ គណៈកម្មការរៀបចំការបោះឆ្នោត (EC) អះអាងថា លោក ថាក់ស៊ីន ដែលមិនមែនជាសមាជិកបក្ស បានបញ្ចេញឥទ្ធិពលយ៉ាងម៉ឺងម៉ាត់លើសកម្មភាពរបស់ភឿថៃ រួមទាំងការបង្កើតគណៈរដ្ឋមន្ត្រី និងរបៀបវារៈគោលនយោបាយ ដែលផ្ទុយនឹងច្បាប់គណបក្សនយោបាយត្រង់មាត្រា ២៩ ដែលហាមមិនឲ្យសមាជិកពីការគ្រប់គ្រងប្រតិបត្តិការបក្ស។ ប្រសិនបើត្រូវបានគេបញ្ជាក់ នោះអាចនឹងមានការបញ្ជូនទៅតុលាការធម្មនុញ្ញសម្រាប់ការរំលាយដែលមានសក្តានុពល។
ទោះបីជាបែបណា ក្នុងចំណោមបណ្តឹងទាមទារឲ្យរំលាយគណបក្សភឿថៃប្រមាណ៥០ពាក្យបណ្តឹង យោងបាងកកប៉ុស្តិ៍ផ្សាយកាលថ្ងៃទី១០ធ្នូ២០២៤ ពាក្យបណ្តឹង៤៧ត្រូវបានច្រានចោលដោយសារតែខ្វះភស្តុតាង ប៉ុន្តែពាក្យបណ្តឹងមួយចំនួនទៀតត្រូវបានគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) ទទួលយកឲ្យចាត់វិធានការស៊ើបអង្កេត ហើយក៏អាចបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការធម្មនុញ្ញដើម្បីពិនិត្យករណីរំលាយគណបក្សភឿថៃនេះដែរ។
មិនត្រឹមតែប៉ុណ្ណោះទេ គណបក្សភឿថៃក៏បានរងបណ្តឹងឲ្យរំលាយគណបក្សជាច្រើនលើកបន្តបន្ទាប់មកទៀត ក្នុងការកាន់អំណាចរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ដោយមានហេតុផលសំខាន់គឺទទួលរងឥទ្ធិពលរបស់លោកថាក់ស៊ីន ដែលគ្មានតួនាទីផ្លូវការនៅក្នុងគណបក្សភឿថៃ ក៏ដូចជារដ្ឋាភិបាល។
និយាយជារួម ឥទ្ធិពលរបស់លោកថាក់ស៊ីនកាន់តែខ្លាំងនាពេលចុងក្រោយនេះ ក៏បង្ហាញថា គណបក្សភឿថៃក៏កាន់តែប្រឈមហានិភ័យរំលាយចោលដែលតុលាការធម្មនុញ្ញធ្លាប់តែធ្វើ ហើយអាចនាំទៅដល់ការផ្លាស់ប្តូរនយោបាយដ៏ខ្លាំងក្នុងប្រទេសថៃនាពេលខាងមុខដ៏ខ្លី៕
រ៉ាន់ រើយ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


