ព័ត៌មានជាតិ
កម្ពុជាកំពុងដើរត្រូវលើបន្ទាត់នយោបាយដែលអន្តរជាតិចង់បាន
ក្នុងការផ្ទុះអាវុធដោយសារការឈ្លានពានរបស់កងទ័ពថៃ ប្រតិកម្មរបស់ប្រទេសមហាអំណាច និងស្ថាប័នអន្តរជាតិបានហូរមកដូចទឹកបាក់ទំនប់ ដែលមានន័យជារួមស្នើឲ្យកម្ពុជានិងថៃបង្កើនការអត់ធ្មត់ឲ្យដល់កំពូល និងប្រកាន់យកការចរចាដោយសន្តិវិធី និងការគោរពតាមច្បាប់អន្តរជាតិ។

អ្នកនាំពាក្យគណៈកម្មាធិការសហភាពអឺរ៉ុប លោក Anouar El Anouni បាននិយាយថា សហគមន៍អឺរ៉ុបមានកង្វល់យ៉ាងខ្លាំង ដោយទទួលបានរបាយការណ៍ស្តីពីការស្លាប់ និងរបួសរបស់ជនស៊ីវិល ហើយបានអំពាវនាវឱ្យប្រទេសទាំងពីរជៀសវាងពីអំពើហិង្សាបន្ថែមទៀត។
លោក El Anouni បានបង្ហោះលើបណ្តាញសង្គមX ថា៖«យើងអំពាវនាវឱ្យភាគីទាំងពីរបន្ធូរបន្ថយការកើនឡើងការប្រឈម និងដោះស្រាយជម្លោះតាមរយៈការសន្ទនា និងមធ្យោបាយសន្តិភាពផ្សេងទៀត ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
ជាមួយគ្នានោះ ប្រទេសបារាំងក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើហិង្សានេះ និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។
ក្រសួងការបរទេសបារាំង បានថ្លែងថា៖«ប្រទេសបារាំងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួន បន្ទាប់ពីការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនរវាងប្រទេសកម្ពុជានិងថៃកាលពីថ្ងៃទី ២៤ កក្កដា ដែលបានធ្វើឲ្យមនុស្សជាច្រើននាក់បាត់បង់ជីវិត»។
ក្រសួងបានជំរុញឲ្យប្រទេសទាំងពីរ «បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ»។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជំរុញឲ្យប្រទេសថៃ និងកម្ពុជា អនុវត្តការអត់ធ្មត់ជាអតិបរមា និងត្រូវដោះស្រាយតាមរយការសន្ទនា ក្នុងជម្លោះប្រដាប់អាវុធដែលបានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ដែលបង្កឡើងដោយភាគីថៃវាយប្រហារមុនមកលើកងទ័ពកម្ពុជា។
លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រធានអង្គការសហប្រជាជាតិ បាននិយាយនៅថា៖«អគ្គលេខាធិការកំពុងតាមដានរបាយការណ៍ពាក់ព័ន្ធអំពីការប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនរវាងកម្ពុជា-ថៃ។ អគ្គលេខាធិការជំរុញឲ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់់ឲ្យដល់កម្រិតអតិបរិមា និងដោះស្រាយបញ្ហានិមួយៗតាមរយៈការសន្ទនា និងស្មារតីអ្នកជិតខាងល្អ ជាមួយទស្សនស្វែងរកដំណោះស្រាយឲ្យដល់ទីបញ្ចប់ចំពោះជម្លោះនោះ»។
ក្នុងក្របខ័ណ្ឌអាស៊ានវិញ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីក្នុងនាមជាប្រធានប្តូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជួបចរចាតាមទូរស័ព្ទត្រីភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និង នាយករដ្ឋមន្ត្រីស្តីទីថៃ ដោយអំពាវនាវឱ្យភាគីជម្លោះកម្ពុជា និងថៃ ឈប់បាញ់គ្នាជាបន្ទាន់។
លោក អាន់វ៉ា បានសរសេរថា៖«ក្នុងតួនាទីរបស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២៥ ខ្ញុំបានអំពាវនាវដោយផ្ទាល់ទៅកាន់មេដឹកនាំទាំងពីរឱ្យមានបទឈប់បាញ់ជាបន្ទាន់ដើម្បីរារាំងអរិភាពបន្ថែមទៀត និងដើម្បីបង្កើតកន្លែងសម្រាប់ការសន្ទនាដោយសន្តិវិធី និងដំណោះស្រាយការទូត»។
ប្រទេសកម្ពុជាបានប្រកាន់ជំហរគោរពច្បាប់អន្តរជាតិក្នុងជម្លោះដែលកើតមាន ដោយបានស្នើភាគីថៃនាំយកករណីជម្លោះនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ប៉ុន្តែភាគីថៃ ដែលមានរដ្ឋាភិបាលមិនរឹងមាំ បានច្រានចោលសំណើរកម្ពុជា ហើយ យោធាថៃបានបង្កហេតុជាប់ជាប្រចាំ រហូតដល់មានការផ្ទុះអាវុធនៅព្រឹកថ្ងៃទី២៤ខែកក្កដា២០២៥។
យោងតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងជម្លោះប្រដាប់អាវុធនេះ ភាគីថៃបានបើកការវាយប្រហារតាមបណ្តោយព្រំដែន ចាប់ពីតំបន់ប្រាសាទតាមាន់ធំរហូតដល់តំបន់មុំបី។
ក្រោយផ្ទុះអាវុធភ្លាមៗ សម្តេចធិបតី លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលតាមការគ្រោងទុកនឹងត្រូវកោះប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីបញ្ហានេះ នៅថ្ងៃសុក្រនេះ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១០ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


