ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងរៀបចំបដិសណ្ឋារកិច្ចប្រតិភូវៀតណាមដល់កម្រិតការទូតខ្ពស់បំផុត
ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេយុង (Lee Jae-myung) បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ច អគ្គលេខាធិកាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម (To Lam) ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ជាមួយការរៀបចំបដិសណ្ឋារកិច្ចកម្រិតខ្ពស់បំផុតដោយការបាញ់កាំភ្លើងធំ២១ដើម ខណៈប្រទេសទាំងពីរនឹងពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែទូលំទូលាយនិងស៊ីជម្រៅបន្ថែមទៀត។

លោក តូ ឡឹម និងភរិយាបានចាប់ផ្តើមពិភាក្សាការងារផ្លូវការចំនួន៤ថ្ងៃ ដោយបានធ្វើដំណើរទៅដល់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃទី១១ខែសីហានេះ ជាមួយការទទួលស្វាគមន៍ពីសំណាក់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេយុង និងជំទាវទីមួយរបស់សាធារណៈរដ្ឋកូរ៉េ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានវៀតណាម Voice of Vietnam (VOV) ការទទួលបដិសណ្ឋារកិច្ចនេះដើម្បីបញ្ជាក់អំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ប្រទេសម្ចាស់ផ្ទះបានរៀបចំការសម្តែងក្រុមតន្រ្តីយោធា និងការបាញ់កាំភ្លើងធំចំនួន ២១ ដើម អមដោយភ្លេងជាតិនៃប្រទេសទាំងពីរវៀតណាម និងកូរ៉េខាងត្បូង។
ទីភ្នាក់ងារព័ត៌មានរ៉់យទ័រ បានរាយការណ៍ថា មេដឹកនាំនៃប្រទេសទាំងពីរប្រឹងប្រែងពង្រីកទំនាក់ទំនងកាន់តែធំទូលាយ និងកាន់តែស៊ីជម្រៅ ចំពេលមានការប្រឈមក្នុងវិស័យពាណិជ្ជកម្ម ដោយសារតែការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក។
តាមផ្អែកតាមសេចក្តីរាយការណ៍ តាមការគ្រោងទុក ប្រទេសទាំងពីរនេះគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាយ៉ាងហោចណាស់ចំនួន១០ នៅក្នុងកិច្ចប្រជុំកំពូល ដោយសន្យាកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
បន្ទាប់មក ប្រធាន Lee បានអញ្ជើញអគ្គលេខាធិកា To Lam មកពិនិត្យមើលឆ្មាំកិត្តិយស។ ថ្នាក់ដឹកនាំទាំងពីរបានណែនាំសមាជិកគណៈប្រតិភូផ្លូវការរៀងៗខ្លួនជាបន្តបន្ទាប់។ នៅក្នុងពិធីនោះ កុមារកូរ៉េបានច្រៀងចម្រៀងដែលរំលេចនូវមិត្តភាព មនោសញ្ចេតនា និងសាមគ្គីភាពក្នុងចំណោមកុមារទូទាំងពិភពលោក។

សារព័ត៌មានវៀតណាម បានដកស្រង់សម្តីរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ដែលបាននិយាយថា វៀតណាមត្រៀមខ្លួនជាស្រេចធ្វើការជាមួយកូរ៉េខាងត្បូង ដើម្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។
លោក Bui បាននិយាយថា វៀតណាមក៏រំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗក្នុងវិស័យភាពខ្លាំងរបស់កូរ៉េខាងត្បូងដូចជា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាខ្ពស់ គ្រឿងអេឡិចត្រូនិក បញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។
យោងសេចក្តីរាយការណ៍នោះ គិតត្រឹមខែឧសភា ឆ្នាំ ២០២៥ ប្រទេសកូរ៉េខាងត្បូងគឺជាអ្នកវិនិយោគធំជាងគេនៅវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបឈានដល់ ៩៤ពាន់លានដុល្លារអាមេរិកលើគម្រោងចំនួន ១០២០៣ ដែលស្មើនឹង ១៨,១ ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាម។ ជាមួយគ្នានេះ វៀតណាមក៏បានវិនិយោគលើគម្រោងចំនួន ១១២ នៅកូរ៉េខាងត្បូង ជាមួយដើមទុនតិចតួចត្រឹម ៣៧,៤លានដុល្លារប៉ុណ្ណោះ។
ក្នុងឆ្នាំ ២០២៤ មានប្រជាជនវៀតណាមប្រមាណ ៣២ម៉ឺននាក់កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលកើនឡើងចំនួន ៥ម៉ឺននាក់បើធៀបនឹងឆ្នាំ២០២៣។
ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៨១,៥ ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៧,៣ ភាគរយធៀបនឹងឆ្នាំ ២០២៣។ កូរ៉េខាងត្បូងក៏ជាប់ចំណាត់ថ្នាក់លេខ២ក្នុងផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយមានការប្តេជ្ញាចិត្តផ្តល់ជំនួយចំនួន៤ពាន់លានដុល្លារនៅឆ្នាំ២០៣០។
កូរ៉េខាងត្បូងនៅតែជាទីផ្សារទេសចរណ៍ដ៏ធំបំផុតមួយរបស់វៀតណាម។ នៅឆ្នាំ ២០២៤ ប្រជាជនកូរ៉េខាងត្បូងចំនួន ៤,៦ លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម។ ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ តួលេខនេះបានឈានដល់ ជិត២លាននាក់ ដែលជាប់ចំណាត់ថ្នាក់ទីពីរក្នុងចំណោមទីផ្សារទេសចរណ៍បរទេសទៅកាន់ប្រទេសវៀតណាម៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


