Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ផ្លោងគ្រាប់​ចំ​មន្ទីរពេទ្យ​នៅ​ហ្គាហ្សា ស្លាប់​មនុស្ស២០នាក់ក្នុងនោះមានអ្នកកាសែត៥នាក់

បានផុស

នៅ

ការវាយប្រហារស្ទួន​គ្នា​របស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Yunis កាលពីថ្ងៃចន្ទ​ទី​២៥​ខែ​សីហា​ឆ្នាំ​២០២៥ បានបណ្តាល​ឲ្យ​មនុស្សយ៉ាងហោចណាស់ ២០​នាក់បានស្លាប់ ក្នុង​នោះ​មាន​អ្នកកាសែត ៥​នាក់ដែលតំណាង​ឲ្យ​អង្គការព័ត៌មានអន្តរជាតិ​ធំៗ​មួយចំនួន។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់​ក្រុមហាម៉ាសនៅ​តំបន់​​ហ្គាហ្សា។

ការ​វាយ​ប្រហារ​នៅ​មន្ទីរពេទ្យ Nasser ថ្ងៃទី២៥សីហា​​២០២៥ (រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​កាសែត​ដែល​បាត់បង់​ជីវិត ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​កំពុង​ធ្វើ​ការ​​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន Reuters, Associated Press (AP), Al Jazeera, និង Middle East Eye។ អង្គការសុខភាពពិភពលោក (WHO) ក៏បានរាយការណ៍ផងដែរថា បុគ្គលិកសុខាភិបាល ៤នាក់ ក៏​ស្ថិតក្នុងចំណោមអ្នកស្លាប់​ផង​ដែរ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បបេនចាមីន ណេតាន់យ៉ាហ៊ូ បានហៅ​ឧបទ្ទវហេតុនេះ​ថាជា «គ្រោះថ្នាក់​អកុសល​ដ៏សោកនាដកម្ម» ហើយបញ្ជាក់ថា អាជ្ញាធរយោធាកំពុងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់។

ការវាយប្រហារនេះ បាន​រង​ការថ្កោលទោសជាអន្តរជាតិយ៉ាងឆាប់រហ័ស។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ការសម្លាប់នេះ «គូសបញ្ជាក់ពីហានិភ័យខ្លាំង ដែលបុគ្គលិកពេទ្យ និងអ្នកកាសែតប្រឈមមុខ» ហើយបានរំលឹកឡើងវិញនូវការអំពាវនាវឲ្យមានបទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស David Lammy និងប្រធានាធិបតីបារាំង Emmanuel Macron ក៏បានសម្តែងការភ័យរន្ធត់ និងខឹងសម្បារផងដែរ។

ឧបទ្ទវហេតុនេះនាំ​ឲ្យ​ចំនួនអ្នកកាសែតដែល​ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីសង្រ្គាម​​​ខែតុលា​ឆ្នាំ​២០២៣ កើន​ឡើង​ដល់ជិត ២០០​នាក់​ហើយ។ គណៈកម្មាធិការការពារអ្នកកាសែត (CPJ) កត់សម្គាល់ថា ជម្លោះនេះគឺជារយៈពេលដ៏សាហាវបំផុតសម្រាប់អ្នកកាសែតដែលមិនធ្លាប់មាន​ពី​មុន​មក​ទាល់តែ​សោះ៕

អ្នក​កាសែត​ទាំង​៥នាក់​ដែល​ត្រូវ​បាន​សម្លាប់ (រូបថត៖ EPA, AP, Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម