Connect with us

ព័ត៌មានអន្ដរជាតិ

​បក្ស​​ភឿថៃ​និង​​ភូមិចៃ​ថៃ​​កំពុង​ប្រជែង​កៅអី​នាយករដ្ឋមន្ត្រីថៃ​

បានផុស

នៅ

​ការ​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​​ថៃ​ទី​៣២ បាន​​កើត​ឡើង​ជាថ្មី​​​ក្នុង​នយោបាយ​ថៃ ខណៈពេល​នេះ​ ​គណបក្ស​ភឿថៃ​​កំពុង​​ជជែក​​​ជា​គណបក្ស​​​​ប្រជាជន (People Party) ដែល​​កើត​ចេញ​ពី​អតីត​គណបក្ស​​​​​ Move Forward ដែល​ត្រូវ​តុលាការ​ធម្មនុញ្ញ​​រំលាយ​​កាល​​ខែសីហា​ឆ្នាំ​២០២៤ និង​ដាក់​បម្រាម​មិនឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​ធ្វើ​នយោបាយ​រយៈពេល​​១០ឆ្នាំ ដោយសារ​តែ​ការ​ប៉ង​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បន្ថយ​អំណាច​ព្រះមហាក្សត្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​សារព័ត៌មាន Khaosod English ​ដោយ​ការ​ស្រង់សម្តី​​​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក ​​Phumtham Wechayachai បានផ្សាយ​ថា ​គណបក្ស​​​ភឿថៃ​​មាន​ផែន​ការ​​ជជែក​ជាមួយ​គណបក្ស​​ប្រជាជន​​ដើម្បី​​គាំទ្រ​ដល់​ការ​បង្កើន​​​រដ្ឋាភិបាល​ថ្មី​មួយ។

​​សេចក្តីរាយការណ៍​នោះ ក៏បាន​រំលេច​នូវ​​​​​លទ្ធភាព​​ដែល​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រ ​ដែលត្រូវ​បាន​គេ​ជឿថា ជា​អ្នក​កាច់ចង្កូត​គណបក្ស​ភឿថៃ​ មាន​ផែន​ការ​ជួប​​​​ជជែក​ជាមួយ​ លោក Thanathorn Juangroongruangkit ​មេដឹកនាំ​​គណបក្ស​ប្រឆាំងនៅរសៀលថ្ងៃសៅរ៍​ទី​៣០ខែសីហានេះ​​​។

​ក្នុងករណី​គណបក្ស​ទាំងពីរ​នេះ​រូប​រួម​គ្នា គេ​នឹង​មានអាសន្នសភា​សរុប​ចំនួន ២៨៥ ពីគណបក្ស​​​ភឿថៃ​ចំនួន​​១៤២ នាក់ និង​​គណបក្ស​​​ប្រជាជន​ចំនួន​​១៤៣​។​ ការ​រួម​គ្នា​របស់​ពួក​គេ​​​គ្រប់គ្រាន់​ក្នុង​​​បោះឆ្នោ​តគាំទ្រ​​ដល់​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី។

ជាមួយគ្នា​នេះ ​​តាមការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ The Nation គណបក្សភុមចៃថៃ ដឹកនាំដោយលោក អានុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) ​ដែល​បាន​អះអាងថា​​ គណបក្សភូមិចៃថៃបានទទួលការគាំទ្រពីសមាជិកសភាចំនួន ២៧៩ នាក់ ដែល​អាច​មាន​ចំនួន​កូរ៉ុម​គ្រប់​គ្រាន់​គាំទ្រ​ ធ្វើឱ្យលោក អានុទីន ឆានវីរ៉ាកុល ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី​សម្រាប់​ការ​ដឹកនាំរដ្ឋាភិបាលថ្មី។

ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ បេក្ខជនត្រូវទទួលបានសំឡេងគាំទ្រលើសពីពាក់កណ្តាលសមាជិកសភា ស្មើនឹងជាង២៤៧សំឡេង ក្នុងចំណោមសមាជិកសភាតំណាងរាស្ត្រសរុប៤៩២នាក់។

​ប្រទេសថៃ​បាន​ធ្លាក់​ចុះ​ទៅក្នុងវិបត្តិនយោបាយ​​​បាត់បង់​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​ថៃ​​ដែលមានសមាជិក​​៩រូប បាន​​​បោះឆ្នោត​​លើ​ការ​សម្រេច​បណ្តេញ​លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ​ ចេញពីតំណែង ដោយ​ចោទប្រកាន់​ពី​ការ​រំលោភក្រមរដ្ឋធម្មនុញ្ញ ដោយសារ​តែ​អតីត​នាយករដ្ឋមន្ត្រី​ផែថងថាន បាន​និយាយទូរស័ព្ទ​ជាលក្ខណៈឯកជន​ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និយាយពីបញ្ហាជាតិ និង​ បាន​ទម្លាក់​​កំហុស​​ទៅលើ​​មេបញ្ជាការ​ភូមិថៃ​លោក ប៊ុនស៊ីន ផាតក្លាង​។

បច្ចុប្បន្ននេះ​​មាន​បេក្ខភាព​៥​រូប​ដែលអាច​ក្លាយ​ជានាយករដ្ឋមន្ត្រី​ថៃ រួម​មាន​ លោក ឆៃកាសែម នីទីស៊ីរី (Chaikasem Nitisiri) ជាបេក្ខជនមក​ពី​បក្សភឿថៃ​។ ទី២ គឺ​ លោក អានុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) នៃ​គណបក្ស​​ភូមិចៃថៃ​។ បេក្ខជន ៣នាក់ទៀត មាន លោក ពីរ៉ាផាន់ សាលីរ៉ាថាវីបាហ្គា (Pirapan Salirathavibhaga) រដ្ឋមន្ត្រីក្រសួងថាមពលបច្ចុប្បន្ន ជាមេដឹកនាំបក្សជាតិថៃរួបរួម និង លោក ប្រាយុធ ចាន់អូចា (Prayuth Chan-ocha) ​មកពីគណបក្ស​ថៃ​រួបរួម​ដូចគ្នា។ លោក ប្រាយុធ អតីតនាយករដ្ឋមន្ត្រីដែលបានដឹកនាំរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីឆ្នាំ២០១៤ និង​បច្ចុប្បន្ន​ជាសមាជិក​នៃ​ក្រុមប្រឹក្សា​រាជបល្ល័ង្ក​របស់​ស្តេច​ថៃ​។ បេក្ខជន​ចុងក្រោយ​គឺ​ លោក ជូរីន ឡាក់សាណាវីស៊ីត (Jurin Laksanawisit)ជាបេក្ខជនរបស់បក្សប្រជាធិបតេយ្យ។

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម