Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះធំមួយទៀត កំពុងហោះសំដៅទៅថៃ ខណៈបាងកក នឹងរងឥទ្ធិពលខ្លាំង

បានផុស

នៅ

The Nation បានផ្សាយថា ព្យុះធំមួយទៀតឈ្មោះថា តាប៉ាស កំពុងហោះសំដៅទៅប្រទេសថៃ ខណៈទីក្រុងបាងកក នឹងរងឥទ្ធិពលខ្លាំង។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនាយកដ្ឋានឧតុនិយមថៃ, បច្ចុប្បន្នព្យុះនេះកំពុងស្ថិតនៅប្រទេសចិន ប៉ុន្តែវានឹងធ្វើដំណើរមកកាន់ប្រទេសថៃនៅថ្ងៃអង្គារទី៩ខែកញ្ញាឆ្នាំ២០២៥ ជាមួយល្បឿនខ្យល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

ឥទ្ធិពលរបស់វានឹងបណ្តាលឲ្យមានខ្យល់កន្រ្តាក់ និងភ្លៀងធ្លាក់ខ្លាំងបង្កជាបំណាក់ដីនិងទឹកជំនន់ នៅតំបន់ប៉ែកខាងជើង ខណៈរាជធានីបាងកក ក៏នឹងត្រូវវាយប្រហារធ្ងន់ធ្ងរផងដែរ។

ព្យុះតាប៉ាស នឹងវាយលុកថៃ បន្ទាប់ពីប្រទេសនេះ រងទុក្ខមិនស្រាកស្រាន្តរួចទៅហើយដោយសារព្យុះជាបន្តបន្ទាប់ដូចជា កាជិគីនិងណងហ្វា ដែលបង្កជាវិនាសកម្មយ៉ាងធំធេង។

(រូបថត៖ Khaosod)

គ្រោះធម្មជាតិដែលសម្រុកវាយប្រហារប្រទេសថៃ បានបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន ព្រមទាំងបង្កការបំផ្លិចបំផ្លាញធំធេង នាំឲ្យពលរដ្ឋកើតទុក្ខវេទនា។

នៅឈៀងម៉ៃ មានមនុស្សស្លាប់ច្រើននាក់ដោយសារបំណាក់ដីភ្នំ ចំណែកនៅ Samut Prakan ឈានដល់ការបិទសាលារៀនចំនួន២៥កន្លែងទៀតផង។

អ្វីដែលធ្ងន់ធ្ងរបំផុតគឺថា មានទំនប់ដល់ទៅ៩ឯណោះ ដែលកំពុងត្រៀមបញ្ចេញទឹកឬអាចនឹងបាក់ ព្រោះតែស្តុកទឹកលើសពីសមត្ថភាព ជំរុញឲ្យអាជ្ញាធរព្រមានអំពីគ្រោះទឹកជំនន់រហ័សនិងត្រៀមប្រកាសអាសន្នទូទាំងប្រទេស។

(រូបថត៖ Khaosod)

ទំនប់ទាំង៩ ដូចជា៖ Mae Mok, Sirikit, Kwae Noi Bamrung Daen, Huai Luang, Nam Phung, Nam Oun, Chulabhorn, Ubol Ratana និង Bang Phra សុទ្ធតែកំពុងស្តុកទឹកលើកម្រិត ហើយមានតែការទម្លាយទឹកចេញប៉ុណ្ណោះ ទើបអាចធ្វើឲ្យទំនប់ធូរស្រាល។

ទោះបីជាយ៉ាងណាក៏ដោយ ការរំដោះទឹកចេញនេះ ច្បាស់ជាបណ្តាលឲ្យខេត្តនានាត្រូវជន់លិចជាក់ជាមិនខានឡើយ ជាពិសេសនៅភាគខាងជើងនិងឦសាន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទឹកជំនន់នៅថៃ បណ្តាលឲ្យរួចសត្វក្រពើចេញពីកសិដ្ឋាន, ពលរដ្ឋកំពុងភ័យខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម