សុខភាព
២ ខែដើមឆ្នាំ កុមារឈឺរលាកផ្លូវដង្ហើមជាង ៣០ % នៃជំងឺសុរប នៅមន្ទីរពេទ្យគន្ធបុប្ផា
ទន្ទឹមពេលមានការរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ បច្ចុប្បន្នគេសង្កេតឃើញ កុមារភាគច្រើន បានឈឺជំងឺផ្ដាសាយ។ ជាមួយគ្នានេះ ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ត្រឹមរយៈពេល២ខែដើមឆ្នាំនេះ មានកុមារ ៣០ ភាគរយ បានទៅពិនិត្យ និងព្យាបាលជំងឺផ្លូវដង្ហើម នៅមន្ទីរពេទ្យ គន្ធបុប្ផា ក្នុងចំណោមអ្នកជំងឺកុមារជាង ១ ម៉ឺន ៧ ពាន់នាក់។

លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ២ ខែដើម ឆ្នាំ២០២២នេះ អាណាព្យាបាលបាននាំយកកុមារប្រមាណ ១៧ ៣៩០ ករណី មកពិគ្រោះ ពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងនោះ មានកុមារជាង ៣០ភាគរយ (ឬជាង ៥ ០០០ នាក់) មានជំងឺជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ។
លោកវេជ្ជបណ្ឌិត គី សង់ទី មានប្រសាសន៍បន្តថា ជំងឺរលាកផ្លូវដង្ហើមមានន័យទូលំទូលាយ មាន ផ្ដាសាយ រលាកច្រមុះ រលាកបំពង់ក រលាកទងសួត ជាដើម។ ការឈឺជំងឺផ្ដាសាយ កើតតាមរយៈការឆ្លងគ្នា ដោយសារការរស់នៅ ឬការប្រាស្រ័កទាក់ទង ឬការរស់នៅជុំគ្នា ការរស់នៅមិនស្អាត អត់អនាម័យ នាំឱ្យមានការឆ្លងគ្នា តាមវីរុស និងបាក់តេរីមួយចំនួន។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា រូបនេះ បានបញ្ជាក់បន្ថែមថា ជំងឺផ្ដាសាយលើកុមារ មានជាប្រចាំឆ្នាំ ច្រើននៅរដូវរំហើយ ឬមានចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ។ ចំពោះជំងឺផ្លូវដង្ហើម ២ខែដើមឆ្នាំនេះ ពុំមានករណីច្រើនលើសលុបជាងឆ្នាំមុននោះទេ។
លោកវេជ្ជបណ្ឌិត គី សង់ទី បានផ្ដាំផ្ញើ សូមប្រជាពលរដ្ឋ អាណាព្យាបាលរក្សាអនាម័យ រស់នៅស្អាត មើលថែកូនចៅឱ្យបានល្អ កុំទិញថ្នាំ ឬប្រើថ្នាំដោយខ្លួនឯង ដោយមិនមានវេជ្ជបញ្ជា ត្រូវរកពេទ្យជំនាញ មកព្យាបាលឱ្យទាន់ពេល ព្រមទាំងអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានម៉ឹងម៉ាត់ និងនាំកូនចៅទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងដែលអាជ្ញាធរផ្ដល់ឱ្យ ឬនៅមន្ទីរពេទ្យគន្ធបុប្ផា ផ្ទាល់។
គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ ទោះបីអាណាព្យាបាល និងអ្នកជំងឺមកមន្ទីរពេទ្យគន្ធបុប្ឆា ហើយមានវិជ្ជមានកូវីដ-១៩ ក្ដី ក៏ក្រុមគ្រូពេទ្យនៅតែព្យាបាលអ្នកជំងឺ ប៉ុន្តែមុននឹងអនុញ្ញាតឱ្យពួកគាត់ចូលពិនិត្យព្យាបាល ឬសម្រាកគេងនៅពេទ្យ គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ សិន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


