Connect with us

សុខភាព

ក្រសួងសុខាភិបាលបណ្តុះបណ្តាល វេជ្ជបណ្ឌិត ឆ្មប គិលានុបដ្ឋាក សង្រ្គោះទារកឱ្យមានប្រសិទ្ធភាពខ្ពស់

បានផុស

នៅ

ក្រសួងសុខាភិបាលបណ្តុះបណ្តាល និងចែករំលែកនូវបទពិសោធន៍ថ្មីៗ ដល់ វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកទាក់ទងនឹងការសង្រ្គោះទារកទើបនឹងកើតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នេះ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុង ពិធីបើកសិក្ខាសាលាសមាគមគ្រូពេទ្យទារក លើកទី៣ ក្រោមប្រធានបទ “START4NEWBORN-ការជួយសង្គ្រោះទារកទើបនឹងកើត” និងពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ដែលមានស្នាដៃក្នុងការបំពេញ រៀបចំឡើងនៅមន្ទីរពេទ្យកាល់ម៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាល និងចែករំលែកនូវបទពិសោធន៍ថ្មីៗ ដល់ វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាកទាក់ទងនឹងការសង្រ្គោះទារកទើបនឹងកើតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការបញ្ជូនទារកដែលមានបញ្ហាទៅកាន់មន្ទីរពេទ្យឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព។ មូលធនមនុស្សមានសុខភាពល្អ មានគុណភាពជីវិតខ្ពស់ ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រទេសជាតិ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្ថែមថា យោងតាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាបានបង្ហាញឱ្យឃើញថា អត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជាមានការចុះថយគួរឱ្យកត់សម្គាល់ពី ៣៧នាក់ ក្នុងចំណោម ១ ពាន់កំណើតរស់ក្នុង ឆ្នាំ២០០០ មកត្រឹមតែ ៨ នាក់ ក្នុងចំណោម ១ ពាន់កំណើតរស់ ក្នុងឆ្នាំ២០២១-២០២២។ នេះជាសមិទ្ធផលយ៉ាងធំធេងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល និតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះផងដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានចូលរួមផ្តល់ជាអនុសាសន៍ ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាមរណភាពទារកនៅក្នុងប្រទេសកម្ពុជាយើង ដូចតទៅ៖

– គ្រូពេទ្យ ឆ្មប និងគិលានុបដ្ឋាយិកា គួរតែយល់ដឹងពីការសង្រ្គោះទារកក្រោយសម្រាលឱ្យបានគ្រប់ៗគ្នា ដោយមានការបណ្ដុះបណ្តាលដល់និស្សិតសុខាភិបាលមុនចូលបម្រើការងារ (Pre-Service Training) និងការបណ្តុះបណ្ដាលក្នុងពេលបម្រើការងារ (In Service Training)។

– ការបញ្ជូនទារកដែលមានបញ្ហាទៅកាន់មន្ទីរពេទ្យផ្សេង គួរតែមានការសង្គ្រោះទារកឱ្យមានស្ថានភាពនឹងនរជាមុនសិន មុននឹងធ្វើការបញ្ចូន ហើយត្រូវធ្វើការទំនាក់ទំនងទៅកាន់មន្ទីរពេទ្យនោះ និងភ្ជាប់មកជាមួយនៅលិខិតបញ្ជូន ដែលបានបំពេញព័ត៌មានបានគ្រប់ជ្រុងជ្រោយ។

– សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ គឺជាគ្រូបង្គោល ដើម្បីយកចំណេះដឹងនេះ ទៅអនុវត្តនៅកន្លែងធ្វើការរបស់ខ្លួន និងធ្វើការចែករំលែកដល់សហភាតរៈ ដែលធ្វើការជាមួយគ្នា។

– ចំពោះវិស័យសាធារណៈ និងជាពិសេសវិស័យឯកជនដែលធ្វើការពាក់ព័ន្ធនឹងផ្នែកសម្ភព ក៏ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាល គ្រូពេទ្យ និងបុគ្គលិករបស់ខ្លួនឲ្យយល់ដឹងពីការសង្គ្រោះទារកនេះជាចាំបាច់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើដល់ក្រុមគ្រូពេទ្យទាំងអស់ទាំងក្នុងវិស័យសាធារណៈ និងជាពិសេសវិស័យឯកជន សូមបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទទួលខុសត្រូវអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមនិយមសុខាភិបាល។

ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងចូលរួមចំណែកអភិវឌ្ឍន៍ដល់វិស័យសុខាភិបាល ជាពិសេសសុខុមាលភាពទារកក្នុងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ និងសូមជូនពរដល់អង្គសិក្ខាសាលាទទួលលទ្ធផលខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យកាល់ម៉ែត និងសមាជិកនៃសមាគមគ្រូពេទ្យទារកកម្ពុជា នូវមេដាយ ចំនួន ៣៨គ្រឿង ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលដែលមានស្នាដៃការងារ លះបង់ពេលវេលា កម្លាំងកាយចិត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញការងាររយៈពេលកន្លងមក។ ក្រសួងសុខាភិបាល នឹងរៀបចំការបំពាក់គ្រឿងឥស្សរិយយសមេដាយជាបន្តបន្ទាប់ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលមានស្នាដៃក្នុងការបំពេញការងារ។

គួរបញ្ជាក់ថា ពិធីនេះដែរមានការអញ្ជើញចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូសន្និសីទពីសំណាក់ រដ្ឋលេខាធិការ អនុលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និង លោក Dr. Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា លោកសាស្រ្តាចារ្យ Jean-Claude FAUCHER សាស្រ្តាចារ្យខាងផ្នែកទារក មកពីសាកលវិទ្យាល័យមន្ទីរពេទ្យ Zurich ប្រទេសស្វីស ព្រមទាំង ប្រធាននាយកដ្ឋាន នាយកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ តំណាងអង្គការដៃគូ និងសមាជិក សមាជិកានៃសមាគមគ្រូពេទ្យទារកកម្ពុជា សរុបចំនួន ១៨៨រូប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៨ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៨ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៨ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម