KPT+
នីតិវិធីជ្រើសរើសមេភូមិ ក្នុងអាណត្តិនៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតថ្មី
ជាទូទៅយើងទាំងអស់គ្នា ពិតជាបានស្គាល់យ៉ាងច្បាស់ អំពីដំណើរការនៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ ការស្គាល់ច្បាស់អំពីដំណើរការនេះ គឺដោយសារតែពួកយើង គឺជាអង្គបោះឆ្នោតផ្ទាល់ និងដែលបានចូលរួមតាមដានអំពីសកម្មភាព និងឥរិយាបថក្នុងការបំពេញការងាររបស់បេក្ខជន ដែលខ្លួនពេញចិត្ត។

ការជ្រើសរើសមេភូមិ មានភាពខុសប្លែកបន្តិច ពីការជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បើទោះបីជាថ្នាក់ដឹកនាំភូមិ និងថ្នាក់ដឹកនាំឃុំ-សង្កាត់ សិ្ថតនៅកម្រិត ឬនៅកៀកប្រជាពលរដ្ឋដូចគ្នាក៏ដោយ។ តទៅនេះ យើងនឹងស្វែងយល់អំពីនិតិវិធី នៃការជ្រើសរើសមេភូមិដូចតទៅ៖
សេចក្ដីណែនាំ ស្ដីពី បែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់ដំណែង ការផ្លាស់ប្ដូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទីភារកិច្ច របៀបរបបធ្វើការងាររបស់ភូមិបញ្ជាក់ថា ភូមិនីមួយៗត្រូវគ្រប់គ្រងដោយមេភូមិម្នាក់ អមដោយអនុប្រធានភូមិម្នាក់ និងសមាជិកភូមិម្នាក់ជាជំនួយការ។
បន្ថែមពីនេះច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ត្រង់មាត្រា ៣០ និងមាត្រា ៨៦ បានបើកផ្លូវឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិថ្មី អាចជ្រើសរើសមេភូមិ នៅគ្រប់ភូមិទាំងអស់ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
- អំពីបែបបទនៃការជ្រើសរើសមេភូមិ
១. មេឃុំ ចៅសង្កាត់ ជំទប់ ឬចៅសង្កាត់រង ត្រូវរៀបចំបេក្ខជនមេភូមិយ៉ាងតិច ៣រូប សម្រាប់ភូមិនីមួយៗក្នុងឃុំ-សង្កាត់របស់ខ្លួន។
២. អាចឈរជាបេក្ខជនមេភូមិបាន លុះត្រាតែជាពលរដ្ឋខ្មែរ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
ក. មានសញ្ជាតិខ្មែរ
ខ. មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្នុងឃុំ-សង្កាត់ដែលខ្លួនរស់នៅ
គ. មានអយុយ៉ាងតិច ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ស្នើបញ្ជីបេក្ខជន
ឃ. ចេះអាន និងសរសេរអក្សរខ្មែរ
ង. មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិ ដែលបានដាក់ស្នើបេក្ខជន យ៉ាងតិច ៦ខែជាប់ៗគ្នា។
៣. មេឃុំ ឬចៅសង្កាត់ ត្រូវលើកទឹកចិត្ត និងផ្ដល់លទ្ធភាពជាបេក្ខជនមេភូមិជាស្ត្រី សម្រាប់ភូមិនីមួយៗក្នុងឃុំ-សង្កាត់របស់ខ្លួន។
៤. បន្ទាប់ពីរៀបចំបេក្ខជន សម្រាប់ភូមិនីមួយៗរួច ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវរៀបចំឲ្យមានគណៈកម្មាការបោះឆ្នោតមួយ ដោយមានសមាជិកយ៉ាងច្រើនត្រឹម ៣រូប រួមទាំងស្មៀនឃុំផង ដើម្បីរៀបចំការងារបោះឆ្នោតជ្រើសរើសមេភូមិ។
៥. បន្ទាប់ពីគណៈកម្មការបោះឆ្នោតរៀបចំការងាររបស់ខ្លួនរួចរាល់ ត្រូវដាក់ការងារនេះតាមរយៈមេឃុំ ចៅសង្កាត់ ជូនកិច្ចប្រជុំក្រុមប្រឹក្សាឃុំសង្កាត់របស់ខ្លួន ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសម្ដងមួយភូមិៗ ក្នុងរយៈពេលមិនឲ្យលើសរយៈពេល ៧ថ្ងៃ បន្ទាប់ពីថ្ងៃស្នើបេក្ខជន។
៦. មុនចាប់ផ្ដើមការបោះឆ្នោត ប្រធានអង្គប្រជុំត្រូវរាយការណ៍ជូនក្រុមប្រឹក្សាឃុំ-សង្កាត់ អំពីគោលការណ៍សំខាន់ៗនៃការបោះឆ្នោត និងប្រគល់ភារកិច្ចជូនគណៈកម្មាការបោះឆ្នោត ដើម្បីអនុវត្តតាមនីតិវិធីដូចខាងក្រោម៖
ក. សន្លឹកឆ្នោតសម្រាប់ភូមិនីមួយៗ ត្រូវធ្វើឡើងក្នុងចំនួនស្មើគ្នា នៃសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងត្រូវមានលក្ខណៈដូចៗគ្នានូវ ទំរង់ ទំហំ និងឈ្មោះបេក្ខជន។
ខ. រាយការណ៍ជូនកិច្ចប្រជុំក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន អំពីឈ្មោះបេក្ខជនសម្រាប់ភូមិនីមួយៗ។
គ. សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ មានសិទ្ធទទួលបានសន្លឹកឆ្នោតមួយសន្លឹក សម្រាប់ភូមិមួយ ដែលបានចែកជួនក្នុងពេលបោះឆ្នោត។
ឃ. សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវគូសសន្លឹកឆ្នោតគាំទ្របេក្ខជនតែម្នាក់បុណ្ណោះ។
ង. សន្លឹកឆ្នោតមិនបានការជាសន្លឹកឆ្នោត ដែលគ្មានត្រារបស់ឃុំ-សង្កាត់ រហែក គូសគាំទ្របេក្ខជនលើសពីម្នាក់ ទទេស្អាត មាសញ្ញាសម្គាល.ល.។
៧. បន្ទាប់ពីណែនាំគោលការណ៍បោះឆ្នោតរួចហើយ គណៈកម្មាការត្រូវចែកសន្លឹកឆ្នោតជូនក្រុមប្រឹក្សាដែលមានវត្តមានក្នុងកិច្ចប្រជុំ ដើម្បីបោះឆ្នោតជ្រើសរើសមេភូមិម្ដងមួយៗ។
៨. បន្ទាប់ពីការបោះឆ្នោតបានចប់សព្វគ្រប់ គណៈកម្មាការបោះឆ្នោត ត្រូវរៀបចំរាប់សន្លឹកឆ្នោតភូមិដែលបានបោះ នៅចំពោះមុខអង្គប្រជុំ ដោយមានការកត់ត្រាលទ្ធផលនៅលើក្ដារខៀន ឬផ្ទាំងក្រដាសស បន្ទាប់មកអធិបតីនៃអង្គប្រជុំ ត្រូវធ្វើការប្រកាសលទ្ធផលភ្លាមៗ។
៩. បេក្ខជនដែលមានសម្លេងគាំទ្រច្រើនជាងគេ ឬលើសពាក់កណ្ដាល នៃចំនួនសមាជិកក្រុមប្រឹក្សា នឹងក្លាយជាមេភូមិដែលខ្លួនកំពុងរស់នៅ។
១០. ក្នុងករណីបេក្ខជនមានសំឡេងឆ្នោតស្មើគ្នា សំឡេងរបស់ប្រធានអង្គប្រជុំមានឧត្តមានុភាព។ ក្នុងករណីបេក្ខជនជាបុរស និងស្រ្តី បេក្ខជនជាស្រ្តីត្រូវបានជាប់ឆ្នោតជាមេភូមិ។
១១. ចំពោះបេក្ខជនភូមិណា ដែលមិនបានទទួលសម្លេងឆ្នោតគាំទ្រ លើសពីពាក់កណ្ដាលនៃសមាជិកក្រុមប្រឹក្សា អធិបតីនៃអង្គប្រជុំត្រូវចាត់ឲ្យមេឃុំ ចៅសង្កាត់ដាក់ស្នើបេក្ខជនជាថ្មី សម្រាប់ភូមិនោះ ទៅតាមបែបបទនិងនីតិវិធី ក្នុងចំណុចទី ១ ទី ២ ទី ៣ និងទី ៤។ ការបោះឆ្នោតលើកទី ២ នឹងត្រូវរៀបចំឡើង មិនឲ្យលើសរយៈពេល ៧ថ្ងៃ បន្ទាប់ពីបោះឆ្នោតលើកទី ១ ហើយក្នុងករណីនៅតែមិនដាច់ស្រេច អធិបតីនៃក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវជ្រើសរើសយកបេក្ខជនពីររូប ដែលមានសម្លេងបន្តបន្ទាប់គ្នា បោះឆ្នោតសារឡើងវិញ។
ក្នុងការបោះឆ្នោតលើកចុងក្រោយនេះ បើគ្មានបេក្ខជនណាទទួលបានសំឡេងច្រើនជាងដាច់ទៀត ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវ៖
ក. រើសយកបេក្ខជនម្នាក់ជាស្ត្រីធ្វើជាមេភូមិ ក្នុងករណីបេក្ខជនទាំងពីរមានស្ត្រីម្នាក់
ខ.ជ្រើសរើសបេក្ខជន ដែលមានអាយុចាស់ជាង ធ្វើជាមេភូមិបើបេក្ខជនទាំងពីជាបុរស។
គួរបញ្ជាក់ថា មេឃុំ ចៅសង្កាត់ នឹងចេញសេចក្ដីសម្រេចតែងតាំងមេភូមិនីមួយៗ ដែលត្រូវបានជ្រើសរើតាមរយៈការបោះឆ្នោត យ៉ាងយូរ ៧ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានបោះឆ្នោតរួច៕
ឯកសារយោងៈ
១. សេចក្ដីណែនាំ ស្ដីពី បែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់ដំណែង ការផ្លាស់ប្ដូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទីភារកិច្ច ឆ្នាំ ២០០៦
២. ច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ ២០០១
អត្ថបទ៖ លន់ សេនី

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់