KPT+
ជួបឧបសគ្គធំស្ទើរតែបោះបង់ បែរជាទទួលលទ្ធផលត្រចះត្រចង់ នឹកស្មានមិនដល់
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន មាន គោរមងារ ជា លោកជំទាវ ដែលគោរមងារនេះ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមរយៈសំណើរបស់នាយករដ្ឋមន្ត្រី ឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។ តាមរយៈការខិតខំសិក្សាបន្ថែម បទពិសោធន៍ការងារ ចំណេះដឹងទាំងក្នុង និងក្រៅប្រទេសជាង ៤០ ឆ្នាំមកនេះ ទើប អតីត អ្នកស្ម័គ្រចិត្តនៅក្នុងកម្មវិធី ចាក់ថ្នាំបង្ការជំងឺដល់កុមារា-កុមារីកម្ពុជា បានក្លាយជា គិលានុបដ្ឋាយិកា និងឆ្មប ឡើងតួនាទីជាបន្តបន្ទាប់ រហូតបច្ចុប្បន្ន លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន គឺជា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា, ជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩), ជា ប្រធានអនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និង ទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ក្រោមការដឹកនាំប្រទេសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងីកូវីដ-១៩ រហូតមកដល់ពេលនេះ មហាជនទូទៅពិតជាបានដឹងតែពីការខិតខំប្រឹងប្រែង និងលទ្ធផលជោគជ័យបច្ចុប្បន្នរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប៉ុន្តែមិនធ្លាប់ដឹងពីឧបសគ្គឯកជនរបស់លោកស្រី។ បញ្ហានានា សឹងតែក្លាយជារឿងធម្មតាទៅហើយ សម្រាប់លោកស្រីវេជ្ជបណ្ឌិត។
តទៅនេះ “កម្ពុជាថ្មី” នឹងនាំលោកអ្នកមកដឹងពី ឧបសគ្គធំដែលលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្លាប់ជួបប្រទះ និងស្ទើរតែបោះបង់ទៅទៀត ប៉ុន្តែបែរជាលោកស្រីទទួលលទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់ នឹកស្មានមិនដល់ទៅវិញ។ អាថ៌កំបាំងបទពិសោធន៍ដ៏កម្រនឹងលាតត្រដាងនេះ ជាគំរូល្អសម្រាប់សាធារណជន ពិសេសយុវជនជំនាន់ក្រោយ ឈ្វេងយល់ និងយកតម្រាប់តាម។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការងារដែលលំបាកបំផុត ហើយដែលលោកស្រីធ្លាប់ចង់បោះបង់ចោលនោះ គឺការទៅរៀននៅសាកលវិទ្យាល័យ យែល (Yale University) នៅសហរដ្ឋអាមេរិក។ លោកស្រី បានរំលឹកថា នៅពេលលោកស្រីបានជាប់អាហារូបករណ៍ ហើយត្រូវបានមន្ត្រីស្ថានទូតអាមេរិកប្រាប់ថា ឱ្យលោកស្រីត្រូវទៅសិក្សានៅសាកលវិទ្យាល័យដែលល្បី ប៉ុន្តែពេលនោះ លោកស្រីមិនដឹងថាល្បីប៉ុនណា ហើយគេប្រាប់ថា ការសិក្សាពិបាក លោកស្រីក៏មិនដឹងថា ពិបាកប៉ុនណាដែរ ដ្បិតទើបចេញពីរបប ប៉ុល ពត អត់មានព័ត៌មានអ្វីទាំងអស់។
លោកស្រី ឱ វណ្ណឌីន មានបញ្ជាក់ថា៖ “ដល់តែយើងទៅសិក្សា គឺពិតជាពិបាកមែន ទី១ គឺភាសា ថ្វីដ្បិតយើងមានគ្រឹះភាសាអង់គ្លេសហើយ ប៉ុន្តែពេលរៀនជាក់ស្ដែង គឺពិបាកខ្លាំង ព្រោះជនជាតិអាមេរិកនិយាយកាច់តុងរបស់គេ ហើយគេនិយាយកាត់ ឬលេបពាក្យ ដែលយើងស្ដាប់មិនសូវបាន។ ទី២ ការរស់នៅ គឺលំបាកមែនទែន ដោយសារនៅស្រុកយើង យើងពិសាអាហាររបៀបផ្សេង ហើយអាហារគេខុសយើងស្រឡះ យើងអត់ចេះញ៉ាំ។ ទី៣ វប្បធម៌ទំនៀមទម្លាប់ យើងជាស្ត្រីខ្មែរ យើងត្រូវប្រឈមនឹងវប្បធម៌ថ្មីខុសពីខ្មែរយើង។ វប្បធម៌ខ្មែរ គឺបុរស និងនារីមិនអាចប៉ះពាល់ស្និទ្ធស្នាលគ្នាបានទេ តែវប្បធម៌គេជារឿងធម្មតា ដូចជាពេលគេជួបគេ គេថើបគ្នា គេឱបគ្នា ខុសពីខ្មែរយើងជួបគឺជម្រាបសួរ ដែលធ្វើឱ្យយើងពិបាកសម្របខ្លួនចូលវប្បធម៌នោះ”។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា បញ្ហាទី ៤ ការសិក្សា គឺពិបាកខ្លាំង ដោយសាររបៀបបង្រៀនគឺខុសពីអ្វីដែលលោកស្រីធ្លាប់រៀនកន្លងមក។ ទី១ គឺការស្រាវជ្រាវ ព្រោះគេឱ្យនិស្សិតអានឱ្យបានច្រើន គិតឱ្យបានច្រើន រៀនសរសេរខ្លួនឯងឱ្យបានច្រើន សំខាន់ទៀត គឺរៀនវិភាគ អំពីហេតុការណ៍ សភាពការណ៍ ឬជំងឺអីមួយ ហើយគេឱ្យអ្នកសិក្សាចុះទៅអង្កេតស្រាវជ្រាវផ្ទាល់។ ចំណែក កិច្ចការ គេឱ្យធ្វើការជា ក្រុមការងារ ហើយដោយសារ សមាជិកក្រុមជាពហុជាតិសាសន៍ មាន ចិន អាល្លឺម៉ង់ អាមេរិក បារាំង និងជនជាតិផ្សេងៗទៀតនោះ គឺលោកស្រីត្រូវរៀនសម្របខ្លួនដើម្បីចូលជាមួយគេបាន”។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ព្រោះយើងប្រៀបដូចជា ជនជាតិភាគតិច ចំណែកគេខាងអឺរ៉ុបគឺអត្តចរិត របៀបរស់នៅស្រដៀងគ្នា តែសម្រាប់យើង គឺខុសគ្នាតែម្ដង នេះហើយជាការលំបាកខ្លាំង។ កាលទៅរៀន ៣ ខែដំបូង ខ្ញុំអត់បានសម្រាន្តអីទេ គឺថា ស្មុគតែម្ដង ម្ហូបអាហារញ៉ាំអត់កើត រៀនពិបាក អត់ដឹងទៅសួរអ្នកណា ម្ចាក់ឯងសុទ្ធសាធ ព្រោះទម្លាប់ស្រុកគេ គឺឯករាជ្យម្ចាស់ការរៀងៗខ្លួន ហើយក៏គិតថាចង់មកផ្ទះវិញ”។
លោកស្រីវេជ្ជបណ្ឌិត បានឱ្យដឹងបន្ថែមថា មុនសម្រេចចិត្តចុះចាញ់ លោកស្រីបានកើតគំនិតមួយជាចុងក្រោយថា លោកស្រីប្ដេជ្ញាធ្វើឱ្យបាននៅក្នុងរយៈពេល ៣ ខែ បើ ៣ ខែនេះធ្វើអត់បាន លោកស្រីនឹងត្រឡប់មកកម្ពុជាវិញ។ លោកស្រី បានព្យាយាមជម្នះឧបសគ្គ គឺបើពិបាកផ្នែកភាសា ត្រូវរៀនភាសាបន្ថែម រៀនដោយខ្លួនឯង។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “អាចឆ្ងល់ថា រៀនបែបម៉េច? ខ្ញុំទិញទូរទស្សន៍ដែលសិស្សច្បងរៀនចប់ ហើយទៅប្រទេសគេវិញក្នុងតម្លៃអាចទទួលបាន ដោយទិញយកមកបើកមើលដាក់ក្នុងបន្ទប់ អង្គុយមើល អង្គុយស្ដាប់ តើកាយវិការ និងការបញ្ចេញសំឡេងគេយ៉ាងម៉េច? ដើម្បីបង្កើនចំណេះដឹង និងសម្របខ្លួនតាមហ្នឹង។ តាមរយៈការប្ដេជ្ញាដ៏ខ្ពស់នេះ និងការចេះតែនិយាយជាមួយមិត្តបរទេស មិនខ្លាចខុស មិនខ្លាចគេសើចយំអីទាំងអស់ រយៈពេល ៣ ខែគត់ ខ្ញុំក៏ទៅស្រួលយ៉ាងរលូនតែម្ដង។ មិត្តភក្ដិរួមថ្នាក់ជាជនបរទេសទាំងនោះ ក៏ភ្ញាក់ផ្អើលដែរ គេថា វណ្ណឌីន រីកចម្រើនខ្លាំងមែនទែន គេថាភាសាអ្នកឯង ចង់ខ្លាំងជាងគេទៀត”។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានក្លាយជា ស្ត្រីដំបូងគេនៅកម្ពុជា ទទួលបានអាហារូបករណ៍ហ្វូលប្រាយ (Fulbright Scholarship) បានទៅសិក្សានៅសាកលវិទ្យាល័យយែល (Yale University) សម្រាប់ថ្នាក់អនុបណ្ឌិត សុខភាពសាធារណៈ នៅសហរដ្ឋអាមេរិក រយៈពេលពីរឆ្នាំ នៅឆ្នាំ១៩៩៤-១៩៩៦ ផ្នែកសុខភាពសាធារណៈ ប្រឡងជាប់ដោយការសរសេរនិក្ខេបបទ ដោយទទួលបានលទ្ធផល “ល្អប្រសើរ” ឬ និទ្ទេស A។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា រាល់ការជម្នះឧបសគ្គទាំងឡាយ អ្វីដែលសំខាន់ គឺឆន្ទៈរបស់យើង រួមផ្សំនឹងការប្ដេជ្ញាចិត្ត ការលះបង់ ការសិក្សាស្រាវជ្រាវ ចំណេះដឹង ចំណេះធ្វើ។ ឆន្ទៈត្រូវដឹងថា យើងធ្វើអ្វី មានសារៈសំខាន់ប៉ុនណា? ដាក់ចិត្តត្រូវតែជន្នះឱ្យបាន ដោយត្រូវប្រមូលព័ត៌មានពាក់ព័ន្ធ ត្រូវសិក្សាស្រាវជ្រាវ ដើម្បីយល់ឱ្យច្បាស់កិច្ចការដែលយើងប្រុងនឹងធ្វើ ដោយប្រើចំណេះដឹងរបស់យើងមានស្រាប់ ហើយហ៊ានលះបង់តស៊ូជម្នះឧបសគ្គកិច្ចការនោះ។
គួរបញ្ជាក់ថា តាមរយៈការងារវិស័យសុខាភិបាលក្នុងប្រទេស លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើការជាមួយ ស្ថាប័នអន្តរជាតិ ដូចជា ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជាអង្គការសុខភាពពិភពលោក។ លោកស្រីវេជ្ជបណ្ឌិត ធ្លាប់បានស្ម័គ្រចិត្តទៅបម្រើការនៅអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលមានទីតាំងនៅ ទីក្រុងម៉ានីឡា នៃប្រទេសហ្វីលីពិន ធ្វើការជាបុគ្គលិកអន្តរជាតិ ជិត១ឆ្នាំ ដើម្បីដកស្រង់បទពិសោធន៍ធ្វើការជាមួយដៃគូអន្តរជាតិ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ