មាន​ប្អូន​រៀបការ​មុន​ ខ្ញុំត្រូវគេមាក់ងាយលេងសើចស្ទើររស់មិនបានម្តងៗ​
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មាន​ប្អូន​រៀបការ​មុន​ ខ្ញុំត្រូវគេមាក់ងាយលេងសើចស្ទើររស់មិនបានម្តងៗ​

Published

on

រឿងពិតរបស់ប្រិយមិត្តកម្ពុជាថ្មី!

(ផ្សាយឡើងវិញ) ខ្ញុំ​ត្រូវ​បាន​គេ​សើចចំអក​ ពេបជ្រាយ​ មាក់ងាយ ​ព្រោះ​តែ​ជា​កូនស្រី​ច្បង​ តែ​បែរ​ជា​រក​បុរស​ល្អ​ម្នាក់​មក​ធ្វើជា​ស្វាមី​មិន​បាន។ ឈឺចិត្ត​នឹង​អ្នកដទៃ​មើលងាយ​​ គឺ​មិន​ស្មើ​នឹង​ឈឺ​ចិត្ត​ជាមួយ​បងប្អូន​ឯង​ឡើយ។

រូបតំណាង

ទម្រាំ​ខ្ញុំ​ចិត្ត​ដាច់​សរសេរ​អំពី​រឿង​នេះ ​ខ្ញុំ​ត្រូវ​ប្រើ​ពេល​ធ្វើ​ចិត្ត​អស់ ​២ ឆ្នាំ ​ក៏​ព្រោះ​តែ​ខ្ញុំ​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​កាន់​ប៊ិក​រំលេច​មន្ត​ទឹកខ្មៅ ​បង្ហាញ​ដល់​អ្នកណា​ឡើយ។

ខ្ញុំ​មាន​ឈ្មោះ​ថា​ មួយអេង​ ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ខ្ញុំ​នា​ពេល​នេះ​ ព្រោះ​ខ្ញុំ​មិន​អាច​បង្ហាញ​ពី​អត្តសញ្ញាណ​ពិត​បាន​ទេ​ បច្ចុប្បន្ន​នេះ​ខ្ញុំ​មាន​អាយុ៣០ ឆ្នាំ​ហើយ។

ខ្ញុំ​មាន​បងប្អូន ២ នាក់​ស្រី​មួយ​ប្រុស​មួយ​​ជា​កូនចៅ​ចិន​នៅ​ម្ដុំ​អូរឫស្សី ​និង​ជា​គ្រួសារ​អ្នក​រកស៊ី​សឹង​គ្រប់គ្នា​ លើកលែងតែ​ខ្ញុំ​ម្នាក់​ដែល​ជា​កូនបង​គេ ​តែ​បែរ​ជា​ចូលចិត្ត​ធ្វើអ្វី​តាម​ចំណង់ចំណូលចិត្ត។ ម៉ាក់ប៉ា​ខ្ញុំ​គាត់​តឹងរ៉ឹង​ណាស់​ ហើយ​ក៏​ជា​ចាស់​ទុំ​កាច​ណាស់​ដែរ។ ដូច្នេះ​ទោះបី​ខ្ញុំ​អាយុ​ច្រើន​ ក៏​ពិបាក​នឹង​មាន​សង្សារ​ដូច​មនុស្ស​ស្រី​ដទៃ​ដែរ។ ប៉ុន្តែ​ម៉ាក់ប៉ា​បែរ​ជា​មិន​ហាម​ប្អូនប្រុស​ខ្ញុំ ​ក្នុង​ការ​មាន​សង្សារ​ឡើយ ​ព្រោះ​ពួកគាត់​តែង​មាន​ប្រសាសន៍​​ថា ប្អូន​ខ្ញុំ​ជា​ប្រុស​​មាន​សង្សារ​ប៉ុន្មាន​ឡូ​ក៏​មិន​អី​ដែរ។ ចំណែក​ខ្ញុំ​ជា​ស្រី ​កុំ​ហិចហើរ​ដូច​មេអំបៅ ​ប្រយ័ត្ន​សប្បាយ​ក្លាយ​ជា​ទុក្ខ។

១ឆ្នាំ​ក្រោយ​មក ប្អូនប្រុស​ខ្ញុំ​ក៏​បាន​ភ្ជាប់​ពាក្យ​ជាមួយ​សង្សារ​របស់​គេ ហើយ​ចាស់ទុំ​ទាំង​សងខាង​រង់ចាំ​តែ​ថ្ងៃ​រៀបការ​ប៉ុណ្ណោះ។ រំលឹក​ដល់​ថ្ងៃ​ភ្ជាប់​ពាក្យ​ប្អូនប្រុស​ថ្ងៃ​នោះ​ ខ្ញុំ​សឹង​តែ​យក​ក្បាល​ជ្រែក​ទៅ​ដី​ឲ្យ​ស្លាប់​ផុត​ទេ។ ចាស់​ទុំ​បងប្អូន​ខាង​ប៉ា​បាន​សួរ​នាំ​ឥត​ឈប់ឈរ​ពី​អនាគត​របស់​ខ្ញុំ។

មាន​អ្នក​ខ្លះ​គេ​សួរ​មែន ​តែ​អ្នក​ខ្លះ​ទៀត​សួរ​របៀប​ដឺដង​ផ្លែផ្កា។ ពាក្យ​សំដី​ដែល​ខ្ញុំ​មិន​មិន​ភ្លេច​នោះ​គឺ​បងស្រី​ជីដូន​មួយ​ខ្ញុំ​ បាន​សួរ​មក​ខ្ញុំ​ថា ​”ហេតុអ្វី​ក៏​អា​ពៅ​បែរ​ជា​ជិត​​រៀបការ​មុន​បង? ចំណែក​ឯង​ម៉េច​មិន​រក​អ្នក​ណា​ម្នាក់​រៀបការ​មុន​ប្អូន​ទៅ? នេះ​ជា​ចាស់ៗ​ប្រកាន់​ណាស់ ​បើ​ប្អូន​ការ​មុន​ ចុះ​ឯង​មិន​នៅ​ព្រៅ​ទៅ​ហើយ? វា​អាច​ខូច​ដល់​ត្រកូល​គ្រួសារ​យើង​ថែម​ទៀត​ ហើយ​បើ​ឯង​ដើរ​ទៅ​ណា​ជួប​ខ្ញុំ​ កុំ​ប្រាប់​គេ​ថា​ខ្ញុំ​ជា​បងប្អូន​ឯង​ឲ្យ​សោះ ” ។

ខ្ញុំ​មិន​មាត់​ឡើយ​ បាន​ត្រឹម​ញឹមៗ​និង​ងក់ក្បាល​ទៅ​វិញ​តែ​ប៉ុណ្ណោះ! មិនមែន​ខ្ញុំ​ឌឺដង​អ្វី​ទេ​ តែ​ខ្ញុំ​គ្មាន​ចម្លើយ​ណា​ល្អ​មក​ពន្យល់​ពួកគេ​ទេ។ ថា​ខ្ញុំ​ល្ងង់​ក៏​បាន​ដែរ​ ព្រោះ​ខ្ញុំ​គ្មាន​ភាព​ក្លាហាន​ប្រឈមមុខ​ជាមួយ​បងប្អូន​ខាង​ប៉ា​បន្តិច​ណា​ឡើយ។

ខែ​បុណ្យ​ទាន​មក​ស្រុក​ម្ដងៗ​បងប្អូន​គ្រប់គ្នា​គេ​មិន​សូវ​មាត់ក​រក​ខ្ញុំ​ទេ។ ម្នាក់ៗ​សម្រុក​ទៅ​រក​តែ​អា​ពៅ​ប្អូន​ខ្ញុំ​ប៉ុណ្ណោះ! អ្នក​ខ្លះ​សួរ​នេះ​សួរ​នោះ​ ចំណែក​ខ្លះ​ទៀត​ហុច​នំនែក​របស់​បញ្ញើ​ផ្គាប់ផ្គុន​ប្អូន​ខ្ញុំ​យ៉ាង​សម្បើម។ ណាមួយ​សម​នឹង​ប្អូន​ខ្ញុំ​ពូកែ​រកស៊ី​ចេះ​តែ​កាក់កប​ថែមទៀត ​អ្នកណា​មិន​ចូល​ទៅ​រក។

ឲ្យ​តែ​ពេល​យប់​មក​ដល់ ​ខ្ញុំ​តែងតែ​សំងំ​ក្នុង​បន្ទប់ ​ហើយ​តែង​បន្ទោស​ខ្លួនឯង​ថា​ តើ​ខ្ញុំ​ពិត​ជា​គ្មាន​សមត្ថភាព​រក​ប្ដី​បាន​​មែន? តើ​ខ្ញុំ​ត្រូវ​នៅ​បែបនេះ​ឲ្យ​គេ​តិះដៀល​រហូត​មែន​ទេ? រៀបការ? ជីវិត​នៅ​លីវ​របស់ខ្ញុំ​ជា​បញ្ហា​របស់​អ្នក​គ្រប់គ្នា ​ឬ​យ៉ាងណា? បើ​មែន​ខ្ញុំ​សុំទោស ​ជា​ពិសេស​គឺ​ម៉ាក់ប៉ា​ដែល​មាន​កូន​ចោលម្សៀត​ដូច​ខ្ញុំ​ ដែល​មិន​អាច​រក​កូនប្រសា​ឲ្យ​ម៉ាក់ប៉ា​បាន។

ចុងក្រោយ​ខ្ញុំ​ក៏​សម្រេចចិត្ត​ចាកចេញ​ពី​ផ្ទះ ​ទី​កន្លែង​ធ្លាប់​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ខ្ញុំ​កាល​នៅ​តូច​ ​ហើយមក​បើក​ហាង​កាហ្វេ​នៅ​ខេត្ត​មណ្ឌលគីរី ​ជា​ទី​​ស្ងប់​សុខ​ទាំង​ផ្លូវកាយ​និង​អារម្មណ៍។ ទោះ​ជីវិត​មួយ​នេះ​គ្មាន​គូរនឹង​គេ​ ខ្ញុំ​មិន​តូច​ចិត្ត​ឡើយ ​ព្រោះ​នេះ​ជា​ជីវិត​ខ្ញុំ​អ្នក​រើស​ខ្លួនឯង។

តែ​តាមរយៈ​សំណេរ​មួយ​នេះ ​ខ្ញុំ​គ្មាន​អ្វី​ក្រៅ​ពី​ផ្ដាំ​ទៅ​ឪពុកម្ដាយ​គ្រប់គ្នា ​កុំ​ដាក់​សំពាធ​ឲ្យ​កូនៗ​ដោយ​រនាំង​អាពាហ៍ពិពាហ៍​ ព្រោះ​តែ​ខ្លាច​អាម៉ាស់​មុខ។ ទោះ​យ៉ាងណា​​ខ្ញុំ​នៅ​តែ​ចង់​សុំទោស​អ្នក​មាន​គុណ​ទាំងពីរ​ ដែល​ចេញ​មក​មិន​បាន​លា​អស់​ពេល​យ៉ាង​យូរ។ បើ​សិន​ខ្ញុំ​រក​បាន​បុរស​ល្អ​ម្នាក់​អាច​ធ្វើ​ជា​ខ្នងបង្អែក​បាន ​ខ្ញុំ​នឹង​នាំ​គេ​ទៅ​ជួប​ម៉ាក់ប៉ា​ដើម្បីសុំខមាទោស៕

សម្រួលជាថ្មី៖ សាង ស្រីល័ក្ខ

ចុចអាន៖ រឿងពិត! ស្រលាញ់គ្នា៧ឆ្នាំ គ្រួសារដឹងឮ ចុងក្រោយទំាងម្តាយទំាងកូន​រៀបគម្រោង​បោកយកដីខ្ញុំ

ចុចអាន៖ អត្ថបទលើកទឹកចិត្ត៖ «កែវភ្នែកពិតប្រាកដ​»

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services