Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​សង្ឃឹម​ថា​ថៃ​នឹងរៀប​ចំ​សមាសភាព​មក​ប្រជុំ​ JBC បាន​ឆាប់​

បានផុស

នៅ

​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ថៃ​នឹង​អាច​រៀប​ចំ​សមាសភាព​របស់​ខ្លួន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​ប្រទេស​ទាំង​ពីរ​បាន​ឆាប់ៗ​នា​ពេល​ខាង​មុខ​ បន្ទាប់​ពី​ប្រទេស​ថៃ​ខកខាន​ប្រជុំ​កាលពី​ខែ​កញ្ញា​កន្លង​មក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សរសេរ​លើ​ហ្វេសបុក​ផេក​របស់​សម្ដេច​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​តុលា ឆ្នាំ២០២៥​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ពន្យល់​ពី​តួនាទី​ដាច់​ពី​គ្នា​របស់​ JBC និង​ RBC លើក​ការងារ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​និង​ថៃ​។ សម្ដេច​បាន​បញ្ជាក់​ថា ក្នុង​កំណត់​ហេតុ​ព្រមព្រៀង​កិច្ច​ប្រជុំ​ពិសេស​លើក​ទី១ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) គឺ​បញ្ហា​​នៃ​ការ​វាស់វែង​រួម​ និង​ខណ្ឌសីមា​ព្រំដែន​ គឺ​ជា​ការងារ​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​ (JBC) ខណៈ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​ (RBC) គឺ​មាន​ភារកិច្ច​គ្រប់គ្រង​បញ្ហា​ឱ្យ​ស្រប​តាម​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​ (JBC)។

សម្ដេច​បាន​បញ្ជាក់​ថា៖ «ការ​ខកខាន​ប្រជុំ​គណៈកម្មការ​ចម្រុះព្រំដែន (JBC) ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០២៥ កន្លង​ទៅ​នេះ ដោយ​មូលហេតុ​រង់ចាំ​ការ​រៀបចំ​សមាសភាព​ថ្មី​របស់ JBC ខាង​ភាគី​ថៃ។ កម្ពុជា​សង្ឃឹម​ថា​នឹង​មាន​កិច្ច​ប្រជុំ JBC ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»

ការ​បញ្ជាក់​របស់​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត នៅ​ពេល​នេះ​គឺ​បន្ទាប់​ពី​យោធភូមិ​ភាគ​១​របស់​ថ្ងៃ​បាន​ដាក់​លក្ខខណ្ឌ​មក​កម្ពុជា​ឱ្យ​ធ្វើ​ផែន​ការ​ជម្លៀស​ពលរដ្ឋ​ចេញពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ មុន​កិច្ច​ប្រជុំ GBC នៅ​ថ្ងៃ​ទី​១០ ខែ​តុលា​ខាង​មុខ​។ ​

ស្រប​ពេល​នេះ​ដែរ​​កាលពី​ថ្ងៃទី​៧ ខែ​តុលា ទាហាន​ថៃ​បាន​សម្រេច​ពី​គម្រោង​ប្រើ​ច្បាប់​អាជ្ញាសឹក​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​លំនៅឋាន​ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ The Nation។

សកម្មភាព​ដែល​ជា​ការ​បំពាន​ដល់​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​ (JBC) នេះ​ត្រូវ​បាន​​អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​ លោក​បណ្ឌិត ជ័យ តិច បាន​លើក​ឡើង​ថា​វា​ជា​រឿង​ដែល​អាម៉ាស់​មួយ​ដែល​ថៃ​កំពុង​ធ្វើ​ឱ្យ​ពិភព​លោក​បាន​ឃើញ​ពី​ភាព​គ្មាន​ច្បាប់​ទម្លាប់​របស់​ប្រទេស​នេះ​។

លោក​ថា៖ «ការ​រំលោភ​ទាំង​នេះ​បាន​បង្ហាញ​អង្គការ​ក្នុង​តំបន់​ អន្តរជាតិ​ក៏​ដូចជា​អង្គការ​សហប្រជាជាតិ​ក៏​ដូច​ជា​តុលាការ​យុត្តិធម៌​និង​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ​ទៀត​ឱ្យ​បាន​យល់​ច្បាស់​ពី​ចិត្ត​គំនិត​តែង​តែង​មាក់ងាយ​មក​លើ​អ្នក​ជិត​ខាង​តែងតែ​ចិញ្ចឹម​ចិត្ត​ក្នុង​ការ​រំលោភ​បំពាន​ឈ្លានពាន​ដែន​អធិបតេយ្យភាព​ ការ​មិន​គោរព​សិទ្ធិ​មនុស្ស​ កិច្ចព្រមព្រៀង​ផ្សេងៗ​សន្ធិសញ្ញា​ផ្សេងៗ​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​នេះ»។

ទាហាន​ថៃ​បាន​ចាប់​ផ្ដើម​ចូល​មក​រាយ​បន្លា​លួស​ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​ផ្ទះ​សំបែង​នៅ​ភូមិជោគជ័យ និង​ភូមិ​ព្រៃ​ចាន់​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​សីហា មក ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ចំនួន​១២​គ្រួសារ​ និង​គំរាម​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​បន្ថែម​ទៀត ដោយ​អះអាង​ថា​ទឹក​ដី​ដែល​ចូល​មក​រាយ​បន្លា​លួស​នោះ​គឺ​ជា​ទឹក​ដី​ថៃ។

​ក្នុង​កិច្ច​ប្រជុំ​ពិសេស​របស់​គណៈកម្មាធិការ​ព្រំដែន​ទូ​ទៅ GBC កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា កន្លង​ទៅ ក្នុង​ចំណុច​ទី​៨ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ករណី​នៅ​ភូមិ​ជោគជ័យ និង​ព្រៃ​ចាន់ គឺ​ជា​ភារកិច្ច​របស់​ JBC ក្នុង​ការ​ប្រជុំ​ដោះស្រាយ ខណៈ​ RBC គឺ​ត្រឹម​តែ​សម្រួល​បញ្ហា​នៅ​នឹង​កន្លែង បន្ធូរ​ភាព​តាន​តឹង និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​កំណត់​អំពី​ខ្សែ​ព្រំដែន​នោះ​ទេ។

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម