ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៤ ទៀត គ្រោងបើកការហោះហើរត្រង់មកប្រទេសកម្ពុជាឆាប់ៗនេះ
បើតាមមន្រ្តីអាកាសចរណ៍ស៊ីវិលបានឲ្យកម្ពុជាថ្មីដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៤ ទៀត គ្រោងនឹងតភ្ជាប់ជើងហោះហើរមកកាន់អាកាសយានដ្ឋានក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការនិងមន្រ្តីអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឲ្យកម្ពុជាថ្មីដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៤ ដែលនឹងបើកការហោះហើរត្រង់មកអាកាសយានដ្ឋានក្នុងប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខមានក្រុមហ៊ុន IndiGo ក្រុមហ៊ុន Firefly ក្រុមហ៊ុន Air Busan និងក្រុមហ៊ុន T’way។

កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍មកពីតំបន់មជ្ឈិមបូព៌ា Etihad Airways បានបើកការហោះហើរត្រង់ជាលើកដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈដែលក្រុមហ៊ុន Turkish Airline បើតាមការគ្រោងទុកក៏នឹងត្រៀមបើកជើងហោះហើរត្រង់មកប្រទេសកម្ពុជានៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជាមានចំនួន ៣២ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក មានចំនួន ៤ និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកមានចំនួន ២៨។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) កាលពីម្សិលមិញនេះ ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធត្រូវធ្វើការជាមួយក្រុមហ៊ុនផ្ដល់សេវាគ្រប់អាកាសយានដ្ឋានទាំងអស់ ធ្វើយ៉ាងណាកុំឲ្យមានការដាក់បន្ទុកតម្លៃបន្ថែមនាំឲ្យបាត់បង់លទ្ធភាពប្រកួតប្រជែងរបស់អាកាសយានដ្ឋានកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជាឲ្យពិចារណាកុំគិតតែប្រយោជន៍ផ្ទាល់ខ្លួនមួយពេល នាំឲ្យខូចខាតនិងបាត់បង់ផលប្រយោជន៍សម្រាប់ជាតិទាំងមូល។
សម្តេចថ្លែងដោយសង្កត់ធ្ងន់ថា មិនចង់ឲ្យព្រលានឃើញតែអគារ តែខ្វះការហោះហើរនោះទេ។ «ថ្លៃសេវាបើកន្លែងណាកាត់បាន គួរតែកាត់ចេញនិយាយទៅគឺដូចទាក់ម៉ូយ។ យើងស៊ូយកតម្លៃថ្លៃទាប ប៉ុន្តែទាក់ទាញមនុស្សឲ្យបានច្រើន»។
សម្តេចបន្តថា «ខ្ញុំដឹងថាក្រុមហ៊ុនវិនិយោគគិតគូរពីប្រាក់ចំណូលចំណេញ ប៉ុន្តែកុំគិតលឿនពេក ត្រូវគិតពីផលប្រយោជន៍ និងចំណេញរួមរបស់ជាតិ។ ការហោះហើរកាន់តែច្រើន ជួយនាំទេសចរនាំទំនិញចូលមកដល់កម្ពុជាក៏កាន់តែច្រើន»។
សម្តេចក៏ស្នើឲ្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការជាមួយក្រុមហ៊ុនអភិវឌ្ឍក្នុងព្រលានត្រូវបន្តតាមដានឲ្យជាប់ និងធានាឲ្យបានកុំឲ្យមានការដាក់បន្ទុកតម្លៃបន្ថែមដែលធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់អាកាសយានដ្ឋានកម្ពុជា ជាមួយអាកាសយានដ្ឋានបណ្តាប្រទេសជិតខាងក្នុងតំបន់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


