Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​នឹង​ជួប​ជាមួយ​សម្ដេច​ធិបតី​នៅដើម​សប្ដាហ៍​ក្រោយ

បានផុស

នៅ

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក Lee Jae Myung នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​២៦ រហូត​ដល់​ថ្ងៃទី​២៨ ខែ​តុលា​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ Yonhap News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Yonhap News បាន​ដក​ស្រង់​សំដី​របស់​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​កូរ៉េ​លោក Wi Sung-lac ចុះ​ផ្សាយ​នៅ​ថ្ងៃទី​២៤ ខែ​តុលា​នេះ​ថា​ ប្រធានាធិបតី Lee នឹង​ជួប​ជាមួយ​សម្ដេច​ធិបតី ហ៊ុន ម៉ាណត នៅ​ថ្ងៃច័ន្ទ​សប្ដាហ៍​ក្រោយ​ ដែល​នឹង​ពិភាក្សា​អំពី​ភាព​ជា​ដៃ​គូរ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​និង​បញ្ហា​ដែល​នៅ​ជាប់​គាំង​មួយ​ចំនួន​ ក្នុង​នោះ​រួម​មាន​ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ផង​ដែរ។

នៅ​មិន​ទាន់​មាន​ព័ត៌មាន​យ៉ាងណា​ពី​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ជំនួប​នេះ​នោះ​ទេ​ខណៈ​សម្ដេច​ធិបតី នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា​ស្អែក​នេះ។

ការ​ប្រកាស​ពី​ជំនួប​រវាង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ពេល​នេះ​គឺ​បន្ទាប់​ពី​កម្ពុជា និង​កូរ៉េ​កំពុង​ព្យាយាម​ក្នុង​ការ​ដោះស្រាយ​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បន្ទាប់​ពី​មាន​និស្សិត​ជនជាតិ​កូរ៉េ​ម្នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​អន​ឡាញ​បាន​ស្លាប់​ដោយ​អំពើ​ទារុណកម្ម​ដោយ​ជនជាតិ​ចិន​នៅ​ក្រុង​បូកគោ ខេត្ត​កំពត។ ក្រោយ​ផ្ទុះ​បញ្ហា​នេះ​កូរ៉េ​បាន​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​មក​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​កម្ពុជា​ជា​បន្តបន្ទាប់​ និង​បាន​ឈាន​ដល់​បញ្ជូន​ជនជាតិ​កូរ៉េ​ដែល​ត្រូវ​ឃាត់​ខ្លួន​នៅ​កម្ពុជា​ត្រលប់​ទៅ​កូរ៉េ​វិញ​ចំនួន​៦៤​នាក់​។

​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​​កម្ពុជា​ក៏​កំពុង​សម្របសម្រួល​ប្រតិភូ​សាធារណរដ្ឋ​កូរ៉េ​ ដឹក​នាំ​ដោយ​លោក Kim Seok-Ki ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​ដែល​អាជ្ញាធរ​កម្ពុជា​ចុះ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នា​ពេល​កន្លង​មក​និង​ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​ពី​តំណាង​ប្រតិភូ​ផង​ដែរ៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម