Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃឱ្យលោក ប៉ាង លីដា ចែកវិធីសាស្រ្តដោះស្រាយបញ្ហាក្នុងមូលដ្ឋានដល់មន្ត្រីផ្សេងទៀត

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី ស សុខា សុំឱ្យអភិបាលរងខណ្ឌម្នាក់ គឺលោក ប៉ាង លីដា ដែលល្បីខាងកាយប្រឡាយ ស្ដារលូរំដោះទឹក និងរំដោះចិញ្ចើមផ្លូវសាធារណៈនោះ ត្រៀមចែករំលែកបទពិសោធការងារ ជាពិសេសវិធិសាស្ត្រដោះស្រាយបញ្ហាក្នុងមូលដ្ឋាន ទៅកាន់មន្ត្រីរាជធានីខេត្តផ្សេងទៀតឱ្យយកគំរូតាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាង លីដា មានតួនាទីជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជនស្គាល់ថា ជាមន្ត្រីសកម្ម និងមានសិល្បៈម្នាក់ក្នុងការងារធ្វើឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈតាមមូលដ្ឋាន។

បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងាររបស់លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានានោះ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក ប៉ាង លីដា បានជួបសន្ទនាដោយផ្ទាល់ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបង្ហាញក្ដីរំភើបចំពោះអភិបាលរងខណ្ឌរូបនេះ តាមរយៈសកម្មភាពដោះស្រាយបញ្ហាផ្សេងៗជាអាទិ៍មូលដៃអាវមូលជើងខោចុះដឹកនាំមន្ត្រីកាយប្រឡាយ ស្ដារលូរំដោះទឹក និងប្រើគ្រប់វិធីសាស្រ្ត ដើម្បីទទូចសុំពលរដ្ឋសហការរំដោះចិញ្ចើមផ្លូវសាធារណៈជាដើម។

ជាថ្មីម្ដងទៀត លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូចលោក ប៉ាង លីដា កាន់តែច្រើន។ លោកឧបនាយករដ្ឋមន្ត្រី បាននិយាយដោយចំហរថា សកម្មភាពលោក ប៉ាង លីដា បានផ្ដល់មេរៀន និងបទពិសោធជាច្រើនដល់លោកផ្ទាល់ ជាពិសេសការប្រើពាក្យពេចន៍ និងវិធីសាស្រ្តដោះស្រាយនៅកន្លែងដែលមានបញ្ហាជាក់ស្ដែងផ្ទាល់ជាមួយពលរដ្ឋ។

សម្រាប់លោក ស សុខា នៅតាមមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្សេងៗទៀត ក៏មានមន្ត្រី រួមទាំអភិបាលរងនទទួលបន្ទុកការងារសណ្ដាប់ធ្នាប់សាធារណៈបានកំពុងទទួលដឹកនាំដោះស្រាយបញ្ហានេះជាប្រចាំដែរ។ តែសម្រាប់ករណីលោក ប៉ាង លីដា លោក ស សុខា ចាត់ទុកជាបុគ្គលគំរូមួយរូប ដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី រួមទាំងបំផុសចលនាចូលរួមគាំទ្រពីប្រជាពលរដ្ឋដោយខ្វះមិនបាន។

ក្នុងន័យនេះលោករដ្ឋមន្ត្រីមហាផ្ទៃ បានលើកទឹកចិត្តលោក ប៉ាង លីដា បន្តការងាររបស់ខ្លួន ព្រមទាំងបានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្តការគាំទ្រដល់រដ្ឋបាលខណ្ឌ គាំទ្រការងារលោក ប៉ាង លីដា ដើម្បីដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ដែលការងារនេះផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះផ្ទាល់ ជាក់ស្ដែង ផ្លូវស្អាត ផ្លូវធំ លូហូរទឹកលឿន ប្រឡាយមិនស្ទះ គ្មានការជនលិច បរិស្ថានស្អាត ស្រួលរស់នៅ ស្រួលប្រកបរបរ ដីឡើងថ្លៃជាដើម។

ផ្អែកលើបទពិសោធនៃការអនុវត្តជាក់ស្ដែងនេះ លោក ស សុខា បានស្នើសុំលោក ប៉ាង លីដា ដឹកនាំសហការី រៀបចំខ្លឹមសារជំនួយស្មារតី និងរូបភាពជាក់ស្ដែងមួយចំនួន ស្ដីពីគោលការណ៍ដែលបានប្រកាន់ខ្ជាប់ និងសកម្មភាពដែលបានអនុវត្តផ្ទាល់ ដើម្បីធ្វើបទបង្ហាញចែករំលែកជូនទៅកាន់មន្ត្រីពាក់ព័ន្ធ ក្នុងសន្និបាតរបស់រដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម